អន្តរជាតិ
ជាង​២០​ឆ្នាំមុន លោកយាយ Baba ថា នៅ​ឆ្នាំ​២០១៨​នេះ ចិន ក្លាយជា​កំពូល​មហាអំណាច
16, Feb 2018 , 7:59 am        
រូបភាព
ដោយ: ធីតា
​លោកយាយ Baba Vanga កំពូល​គ្រូទាយ​ពិការភ្នែក​ជនជាតិ​ប៊ុលហ្គារី ដែល​បានទទួល​មរណភាព​កាល ពី​ឆ្នាំ​១៩៩៦​ក្នុង​អាយុ​៨៥​ឆ្នាំ បាន​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​ជាច្រើន​នៅលើ​ពិភពលោក​។ ក្នុងនោះ លោក​បាន​មើលឃើញ​ពីស​ន្ទុះ​រីកចម្រើន​របស់​ចិន ដែល​នឹង​ក្លាយជា​កំពូល​មហាអំណាច (Super Power) លើស​សហរដ្ឋអាមេរិក​នា​ឆ្នាំ​២០១៨​។​



​លោកយាយ Baba Vanga ដែលមាន​រហស្សនាម​ថា «​ព្យា​ការី Nostradamus តំបន់​បាល់​កង់​» បានទទួល​មរណភាព​តាំងពី​២២​ឆ្នាំមុន​មកម្ល៉េះ ប៉ុន្តែ​ឈ្មោះ​របស់គាត់​នៅតែ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ជា​រៀងរាល់ឆ្នាំ ព្រោះ​គាត់​បាន​បន្សល់ទុក​នូវ​ការ​ទស្សន៍ទាយ​ជាច្រើន​អំពី​វាសនា​ពិភពលោក​។​

​បើតាម​ការលើកឡើងរ​បស់​អ្នកជំនាញ​តាមដាន​ព្រឹត្តិការណ៍​នានា ការ​ទស្សន៍ទាយ​របស់​ស្ត្រី​ពិការភ្នែក​រូបនេះ ត្រូវបាន​វាយតម្លៃថា បានកើត​ឡើង​ពិតប្រាកដ​ជាង​៨០​ភាគរយ​។ ការ​ទស្សន៍ទាយ​ឆុត​ដ៏​ភ្ញាក់ផ្អើល​មានដូចជា ការវាយលុក​របស់​ក្រុម​ភេរវកម្ម ISIS ការវាយប្រហារ​អាគារ​ភ្លោះ រលក​យក្ស​ស៊ូ​ណា​មី ឆ្នាំ​២០០៤ និង​បញ្ហា​បំរែបំរួល​អាកាសធាតុ ជាដើម​។​

​សម្រាប់​ឆ្នាំ​២០១៨​នេះ លោកយាយ Baba Vanga ដែលមាន​ឈ្មោះ​ដើម​ថា Vangelia Pandeva Dimitrova បាន​ទស្សន៍ទាយ​ពី​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​នៅលើ​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Sun​។​

​លោកយាយ Baba បាន​លើកឡើងថា ចិន​នឹង​ក្លាយជា​កំពូល​មហាអំណាច​ថ្មី (Super Power) បន្ទាប់ពី​សហរដ្ឋអាមេរិក​។ រីឯ​ការ​ទស្សន៍ទាយ​មួយទៀត​នោះ គឺ ថាមពល​ថ្មី​មួយ​នឹង​ត្រូវបាន​រកឃើញ​នៅ​ភព​ព្រះ​សុក្រ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការមើលឃើញ​ពី​អនាគត​របស់​គ្រូទាយ​ពិការ​រូបនេះ ទំនងជា​មិនមាន​ឥទ្ធិពល​ធំ​ដល់​របប​នយោបាយ ឬ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នោះឡើយ ពីព្រោះ​ការ​ទស្សន៍ទាយ​មួយចំនួន​ក៏​មិន​ត្រឹមត្រូវ​នោះដែរ​។

The Sun បានបង្ហាញ​ឲ្យ​ដឹងថា លោកយាយ Baba បាន​ទស្សន៍ទាយ​ត្រឹមត្រូវ​លើ​ព្រឹត្តិការណ៍​ពិភពលោក​ជាច្រើន​ទៀត រួមមាន ការ​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​លើកដំបូង​នៅ​ឆ្នាំ​២០០៨ ចលនា​ចាក​ចេញពី​អឺរ៉ុប Brexit ។ នៅ​ឆ្នាំ​៥០៧៩ លោកយាយ​ថា អ្វីៗ​ទាំងអស់​នឹង​ផុតរលត់​៕


Tag:
 ទស្សន៍ទាយ​
  Baba Vanga
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com