កីឡាជាតិ
ជាតិ
បូរ៉ា​វី និង Kipson ត្រៀម​ទទួល​ស្បែកជើង​មាស​រៀងៗ​ខ្លួន​នៅ​ចុងខែ​មករា​នេះ​
06, Jan 2018 , 8:39 am        
រូបភាព
ដោយ:
 
​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ឈ្នះ​ស្បែកជើង​មាស​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្រោយ​រកបាន​១៦​គ្រាប់​សម្រាប់​ក្រុម​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​បឹងកេត​។  ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Atuheire Kipson ក្រោយ​រកបាន​២៧​គ្រាប់​ឲ្យ​ណាហ្គា​វើ​ល បាន​គ្រង​ស្បែកជើង​មាស​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧​។​

 
​ក្រោយ​ខកខាន​ពីរ​ឆ្នាំ​ក្នុងការ​គ្រង​ពានរង្វាន់​ស្បែកជើង​មាស​នៅ​ឆ្នាំ​២០១៥ និង ២០១៦ ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ដែល​រកបាន​១៦​គ្រាប់​ឲ្យ​បឹងកេត​បានឈ្នះ​ស្បែកជើង​មាស​ពានរង្វាន់​សម្តេច ហ៊ុន សែន សារជាថ្មី​នៅ​ឆ្នាំ​២០១៧​។ តាំងពី​ឆ្នាំ​២០០៧ នេះ​ជា​លើក​ទី​៤​សម្រាប់ ឃួន ឡ​បូ​រ៉ាវី ដែល​ឈ្នះ​ពានរង្វាន់​នេះ ពោលគឺ​រូបគេ​ធ្លាប់​ឈ្នះ​ពីរលើក​ពេល​រួមរស់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ឆ្នាំ​២០១១ និង​២០១២ ក្រោយ​រកបាន​២៤​គ្រាប់ និង​ឆ្នាំ​២០១៤ ក្រោយ​រកបាន​១២​គ្រាប់​ឲ្យ​បឹងកេត​។​
 
​តែ​យ៉ាងណា ១៦​គ្រាប់​របស់​កីឡាករ ឃួន ឡា​បូ​រ៉ាវី មិនអាច​ជួយ​ឲ្យ​បឹង​គ្រង​ជើងឯក​នៅ​ឆ្នាំ​នេះឡើយ ពោលគឺ​ក្រុម​បឹងកេត​បានបញ្ចប់​ក្នុង​ចំណាត់​លេខ​៤​ក្រោយ​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤​។    
 
​ទន្ទឹមនឹងនេះ​កីឡាករ​ជនជាតិរ​វ៉ាន់ដា Atuheire Kipson បានឈ្នះ​ពាន​ស្បែកជើង​មាស​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ក្រោយ​រកបាន​២៧​គ្រាប់​សម្រាប់​ណាហ្គា​វើ​ល​។ ប៉ុន្តែ​គ្រាប់​បាល់​ដ៏​ច្រើន​នេះ​មិនអាច​ជួយ​ឲ្យ​ណាហ្គា​វើ​ល​គ្រង​ជើងឯក​នោះឡើយ ដោយ​ក្រុម​នេះ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​ក្រសួងការពារជាតិ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៤-៣​។​
 
​គេ​សង្កេតឃើញ​អ្នក​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ទាំង​៥​នាក់​នៅ​ឆ្នាំនេះ​សុទ្ធតែជា​កីឡាករ​បរទេស ខណៈ​កីឡាករ​កម្ពុជា​មិន​ជាប់​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ដែល​បង្ហាញ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ឡើយ​។ តាមរយៈ​លទ្ធផល​នេះ​គេ​អាច​សន្និដ្ឋានបានថា សមត្ថភាព​បញ្ចប់​ទី​របស់​កីឡាករ​កម្ពុជា​នៅមានកម្រិត​នៅឡើយ​។ 
 
​ក្រៅពី​ម្ចាស់​ស្បែកជើង​មាស​ខាងលើ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជា​បន្តបន្ទាប់​រួមមាន​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Maycon Calijuri រកបាន​២៥​គ្រាប់​ឲ្យ​ក្រុម​ជើងឯក​បឹងកេត ខណៈ​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myongho សម្រេចបាន​២៣​គ្រាប់​ឲ្យ​ក្រសួងការពារជាតិ​។ រីឯ​កីឡា​ករនី​ហ្សេ​រី​យ៉ា Dzama Bata រកបាន​១៨​គ្រាប់​សម្រាប់​អាស៊ី​អឺរ៉ុប និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Timothy Okereke រកបាន​១៧​គ្រាប់​សម្រាប់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។​
 
​ពានរង្វាន់​ស្បែកជើង​មាស​ទាំងនេះ​រួមទាំង​ពានរង្វាន់​លក្ខណៈ​បុគ្គល​ជាច្រើន​ទៀត​រួម​អ្នកចាំទី​ល្អ ក្រុម Fair Play គ្រូបង្វឹក និង​កីឡាករ​ប្រជាប្រិយ នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​កម្មវិធី Award Night របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុ​ជានា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ​៕  
 
 

Tag:
 Cambodian League 2017
  ស្បែកជើង​មាស​
  Atuheire Kipson
© រក្សាសិទ្ធិដោយ thmeythmey.com