ជាតិ
សិល្បះ
សាវ៉ន ចូល​ប្រឡង​ព្រោះ​កម្មវិធី​មិន​គិតពី​សម្ផស្ស រីឯ​ម្ចាស់​បទ​ក​កា​កិ​កី បន្ត​ខកចិត្ត ទោះបី​បាន​ដូរ​ហ្គី​តា​
06, Jan 2018 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol រដូវ​កាល​ទី​៣ របស់​ទូរទស្សន៍​ហង្ស​មាស ឈានដល់​សប្តាហ៍​ទី​៤ នៃ​វគ្គ Judge Audition​។ ក្នុងចំណោម​បេក្ខជន​ជាច្រើន​នាក់ បេ​ក្ខ​នារី សេង សាវ៉ន និង​បេក្ខជន ឈឺ​ន ស៊ៃ​បុស្បា មាន​ចំណុច​ដ៏​គួរ​ឲ្យ​សម្គាល់​។



​សេង សាវ៉ន អាយុ​៣២​ឆ្នាំ ហាក់ដូចជា​អន់ចិត្ត​នឹង​សម្ផស្ស​ធម្មជាតិ​របស់ខ្លួន​។ បេ​ក្ខ​នារី​មកពី​ខេត្តតាកែវ​រូបនេះ បាន​អះអាងថា មិន​ដែលមាន​ប្រវត្តិ​ប្រឡង​ចម្រៀង​កន្លងមក​ឡើយ ពីព្រោះ​សម្ផស្ស​របស់ខ្លួន​មិនសូវ​ស្អាត​។ ប៉ុន្តែ​សម្រាប់ Cambodian Idol កញ្ញា សាវ៉ន ដាច់ចិត្ត​ចូល​ប្រឡង​ជា​លើកដំបូង ព្រោះ​កម្មវិធី​នេះ ផ្តោត​តែ​លើ​សំឡេង ដោយ​មិន​គិតពី​រូប​សម្ផស្ស​នោះឡើយ​។​

​សាវ៉ន ដែលជា​ក្មួយ​ស្រី​របស់​បេ​ក្ខ​នារី ម្នាក់ទៀត​ឈ្មោះ ជិន ចាន់​ធឿន បាន​ច្រៀង​បទ «​ទឹកភ្នែក​នាង​បដា​ចារ​»​។ ទោះបីជា​នាង​ច្រៀង​មិនសូវ​ដាក់​មនោសញ្ចេតនា និង​មាន​ភាព​អៀនប្រៀន ប៉ុន្តែ​ក្រុម​គណៈកម្មការ​ដែលមាន​លោក ព្រាប សុវត្ថិ លោក ណុប បា​យ៉ា​រិ​ទ្ធ លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា បានផ្តល់​ចម្លើយ «Yes» ជា​បន្តបន្ទាប់ ក្រោយ​បង្កើត​កម្មវិធី​រីករាយ​មួយចំនួន​ជាមួយ​បេ​ក្ខ​នារី​រូបនេះ​។​

​ដោយឡែក​បេក្ខជន ឈឺ​ន ស៊ៃ​បុស្បា វត្តមាន​ក្នុង​កម្មវិធី Cambodian Idol លើក​នេះ ជា​លើក​ទី​១១​របស់ខ្លួន​ក្នុង​ការចូល​ប្រឡង​សមត្ថភាព​ផ្នែក​ចម្រៀង ពោលគឺ​តាំងពី​អាយុ​១៤​ឆ្នាំ​។ បុស្បា មកពី​ខេត្តកណ្តាល​ដែលជា​និស្សិត​ម្នាក់​ផងដែរ ចង់​ក្លាយជា​តារាចម្រៀង Original ដ៏​ល្បីល្បាញ​ម្នាក់​។​

​បេក្ខជន​រូបនេះ បាន​បកស្រាយ​បទ​ចម្រៀង «​ក​កា​កិ​កី​» ដែល​អះអាងថា​ជា​បទ​និពន្ធ​ខ្លួនឯង តែ​គេ​បាន​សំដែង​ការខកចិត្ត ដោយសារ​មិនអាច​ច្រៀង​ជាមួយនឹង​ហ្គី​តា​ផ្ទាល់ខ្លួន​។ បុស្បា​ថា គេ​មិនសូវ​ស្និទ្ធ​ជាមួយ​ហ្គី​តា​ដែល​កម្មវិធី​តម្រូវ​ឲ្យ​ប្រើប្រាស់​នៅ​នាទីចុងក្រោយ​នោះឡើយ​។​

​ដើម្បី​ឲ្យ​បេក្ខជន​អស់ចិត្ត ក្រុម​តារា​ដែលជា​គ្រូបង្វឹក បានអនុញ្ញាត​ឲ្យ បុស្បា បង្ហាញ​សមត្ថភាព​ជាថ្មី​ជាមួយនឹង​ហ្គី​តា​របស់ខ្លួន​។ ការ​ច្រៀង​បទ «​ក​កា​កិ​កី​» ម្តងទៀត មិនបាន​ដល់ទី​បញ្ចប់​ឡើយ ដោយ​លោក ណុប បា​យ៉ា​រិ​ទ្ធ ផ្អាក​ពាក់កណ្តាល​ទី  មុន​ផ្តល់​ចម្លើយ «No» ជា​បន្តបន្ទាប់​។​



Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com