អន្តរជាតិ
ចិន​៖ ចំនួន​ក្មេង​កើត​ឆ្នាំ ២០១៧​ធ្លាក់ចុះ ទោះ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានកូន​ពីរ​ក៏ដោយ​
19, Jan 2018 , 9:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​ចំនួន​ក្មេង​កើត​នៅក្នុង​ប្រទេស​ចិន​ធ្លាក់ចុះ ទោះបីជា​រដ្ឋាភិបាល​សម្រេច​ឲ្យ​ប្រជាជន​ទាំង​អាចមាន​កូន​ដល់​ពីរ​នាក់​ក្តី​។ គេ​សង្កេតឃើញថា ចំនួន​ក្មេង​កើត​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន​តិចជាង​ចំនួន​ក្មេង​ដែល​កើត​នៅក្នុង​ឆ្នាំ ២០១៦​។



​ឆ្នាំ ២០១៧ ចំនួន​ក្មេង​កើត​នៅក្នុង​ប្រទេស​ចិន​មាន​ត្រឹម ១៧, ២៣ លាន​នាក់ ដែល​ចំនួន​នេះ ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ចំនួន​ក្មេង​កើត​នៅ​ឆ្នាំ ២០១៦​នោះ​។ ឆ្នាំ ២០១៦ ចំនួន​ក្មេង​កើត​សរុប​ទូទាំងប្រទេស​ចិន​មាន​រហូតដល់ ១៧, ៨៦ លាន​នាក់​ឯណោះ​។  នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​ចិន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចំនួន​ក្មេង​កើត​ថយចុះ បើទោះជា​រដ្ឋាភិបាល​ចិន​បានសម្រេច​បញ្ឈប់​ការអនុវត្ត​គោលនយោបាយ​កូន​តែមួយ និង​អនុញ្ញាត​ឲ្យ​ប្រជាជន​មានកូន​ដល់​ពីរ​នាក់​ក្តី​។  វិធានការ​រឹតត្បិត​ការ​មានកូន​លើសពី​មួយ​នេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំ ១៩៧០ មក ហើយ​អ្នក​ដែល​បំពាន​វិធានការ​នេះ​ត្រូវ​រង​វិន័យ និង​ត្រូវ​បង្ខំ​ឲ្យ​រំលូតកូន​ផង​។​

​ចិន​ដែលមាន​ប្រជាជន​សរុប ១,៤ ពាន់​លាន​នាក់​នេះ បានសម្រេច​បញ្ឈប់​ការអនុវត្ត​គោលនយោបាយ​កូន​តែមួយ​នៅ​នៅក្នុង​ឆ្នាំ ២០១៥ ដើម្បី​ឆ្លើយតប​នឹង​កង្វល់​ជុំវិញ​ការកើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​និង​ថយចុះ​កម្លាំង​ពលកម្ម​។

​ពាក់ព័ន្ធ​ការថយចុះ​ចំនួន​ក្មេង​កើត​នេះ គណៈកម្មការ​សុខាភិបាល និង ផែនការ​គ្រួសារ​ចិន​បាន​បញ្ជាក់ថា ការថយចុះ​នេះ​បណ្តាល​ពី​មូលហេតុ​មួយចំនួន​ក្នុងនោះ​មាន​ថយចុះ​នូវ​ចំនួន​ស្ត្រី​ដែលមាន​អាយុ​អាច​ពរ​ពោះ​បាន ការសម្រេចចិត្ត​របស់​ប្រជាជន​ក្នុងការ​រៀបការ និង សម្រេចយក​កូន​នៅពេល​ខ្លួន​មាន​អាយុ​ច្រើន​ផង​។​

​ចំណែក​ការចំណាយ​លុយកាក់​លើ​ការថែទាំ​កូន កង្វះ​សេវា​ថែ​ទាំង​ក្មេង និង​ការអភិវឌ្ឍ​នៃ​ការងារ​របស់​ស្ត្រី​ក៏​ជា​មូលហេតុ​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រជាជន​មិន​ចង់​មានកូន​ផងដែរ​។​

​យ៉ាងណាមិញ បើទោះជា​ចំនួន​ក្មេង​ដែល​កើតមាន​ការថយចុះ​ក៏ពិតមែន តែ​របាយការណ៍​ជារួម​បាន​បង្ហាញថា​ចំនួន​ក្មេង​ដែល​កើត​នៅក្នុង​ក្រុមគ្រួសារ​ដែលមាន​កូន​មួយ​ហើយ​នោះ​កើន​ឡើងដល់ ៥១​ភាគរយ​នៅ​ឆ្នាំ ២០១៧​។ វា​កើនឡើង​ជាង​ឆ្នាំ ២០១៦ ចំនួន ប្រាំ​ភាគរយ​។


Tag:
 ចិន​
  គោលនយោបាយ​កូន​តែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com