ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ​៖ អនាធិបតេយ្យ​ដែល​បង្កដោយ​ជន​អសកម្ម កើតមាន​រឿយៗ​ក្នុង​ហ្វ៊ុនស៊ិនប៉ិច​
26, Jan 2018 , 12:12 pm        
រូបភាព
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
ដោយ: រួបរួម
​គ្មានអ្វី​ប្លែក​នោះឡើយ​សម្រាប់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គ​។ កាលពី​ថ្ងៃទី​២៥ ខែមករា ព្រះអង្គ​បានចេញ​សេចក្តីណែនាំ​មួយ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​បក្ស ចាត់វិធានការ​លើ​ជន​អសកម្ម​ដែល​ព្យាយាម​បំផ្លាញ​រចនាសម្ព័ន្ធ​បក្ស ដោយ​ព្រះអង្គ​បាន​លើកឡើងថា ករណីបែបនេះ ធ្លាប់​កើតឡើង​ជារឿយៗ​កាលពី​អតីតកាល​។​

 
​យោងតាម​ការផ្សព្វផ្សាយ​នានា លោក ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន និង​លោក យឹម សា​វី អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រង​ការចោទប្រកាន់ថា ជា​ថ្នាក់ដឹកនាំ​ដែល​ប្រកាន់​បក្ខពួក ដែល​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​បក្ស​។ ថ្នាក់ដឹកនាំ​មួយចំនួន​បានទូល​សុំ​សម្តេចក្រុមព្រះ ដក​មេដឹកនាំ​ទាំងពីរ​រូបនេះ​ចេញ​។​
​ដោយ​មិន​លើកឡើង​ចំៗ​ចំពោះ​ករណី​ខាងលើ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​គូសបញ្ជាក់ថា ប្រភពព័ត៌មាន​ក្រៅផ្លូវការ និង​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម បង្កឡើង​ដោយ​ជន​អសកម្ម​មួយចំនួន​ក្នុង​បក្ស​ក្នុង​គោលបំណង​បំផ្លាញ​រចនាសម្ព័ន្ធ​រប​ស់ប​ក្ស​។​
 
«​ករណី​របៀបនេះ ធ្លាប់បាន​កើតឡើង​ជារឿយៗ​តាំងពី​អតីតកាល ដែល​បង្កដោយ​ជន​មួយក្រុម​តូច​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​»​។ នេះ​ជា​ចំណារ​របស់​សម្តេចក្រុមព្រះ​។​
 
​ដើម្បី​ជៀសវាង​ការ​ញុះញង់ ការបំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង ឬ​ការបំផ្លាញ​រចនាសម្ព័ន្ធ តាមរយៈ​ការ​ផ្តិតមេដៃ​លើ​ញត្តិ ការជួបប្រជុំ​សម្ងាត់ ឬ​ការធ្វើ​សមាជ​ខុសច្បាប់ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ចាត់វិធានការ​ស្របតាម​លក្ខន្តិកៈ ឬ​វិធាន​ផ្ទៃក្នុង​បក្ស​ចំពោះ​ជន​អសកម្ម​មួយចំនួន​ដែល​លាក់ខ្លួន​រង់ចាំ​ឱកាស​ដើម្បី​បំផ្លាញ​ភាព​សុខ​សាន​របស់​បក្ស​។​
 
​សម្តេច នរោត្តម រណឫទ្ធិ បាន​មានបន្ទូលថា បក្ស​ត្រូវ​រក្សា​ស្ថេរភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ​ដើម្បី​ឈាន​ឆ្ពោះទៅ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ដ៏​ខ្លី​ខាងមុខ ជាពិសេស​តាមរយៈ​ការពង្រឹង​សមត្ថភាព​ទាំង​នៅ​ថ្នាក់កណ្តាល និង​នៅ​មូលដ្ឋាន​៕

Tag:
 សម្តេចក្រុមព្រះ
  ហ៊្វុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com