ជាតិ
សកម្មជន​បរិស្ថាន​ពីរ​នាក់ ដែល​ថតរូប​ក្រុមហ៊ុន​បូម​ខ្សាច់ ត្រូវ​ជាប់ពន្ធនាគារ ១​ឆ្នាំ​
26, Jan 2018 , 4:53 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោក ហ៊‌ុន វណ្ណៈ និងលោក ឌឹម គុណឌី សកម្មជននៃអង្គការមាតាធម្មជាតិ។ រូបភាពពីគណនីហ្វេសបុក Ma Chettra
(ពីឆ្វេងទៅស្តាំ) លោក ហ៊‌ុន វណ្ណៈ និងលោក ឌឹម គុណឌី សកម្មជននៃអង្គការមាតាធម្មជាតិ។ រូបភាពពីគណនីហ្វេសបុក Ma Chettra
ដោយ: ថ្មីៗ
​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ខេត្តកោះកុង បានប្រកាស​សាលក្រម នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ ដោយ​សម្រេច​ផ្តន្ទាទោស​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ក្រោម «​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»​។ ប៉ុន្តែ ចៅក្រម កំណត់ឲ្យសកម្មជនទាំងពីរនេះ អនុវត្តទោសក្នុងពន្ធនាគារតែ៥ខែទៀតប៉ុណ្ណោះ ហើយបន្ទាប់មកនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។



ក្រៅពី​ជាប់ពន្ធនាគារ លោក ហ៊ុន វណ្ណៈ និង លោក​ឌឹ​ម គុណ​ឌី ក៏ត្រូវ​បាន​ចៅក្រម បង្គាប់​ឲ្យ​បង់ប្រាក់ ១​លាន​រៀល​ក្នុង​ម្នាក់ៗ ចូលទៅ​រដ្ឋ​ផងដែរ​។​ ​ចៅក្រម បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​សកម្មជន​ទាំងពីរ​នាក់​នេះ តាំង​ថ្ងៃ​ម្សិលមិញ​មកម្ល៉េះ ប៉ុន្តែ​បាន​លើក​ពេល​មក​ប្រកាស​សាលក្រម​នៅថ្ងៃនេះ​។

លោក សំ ចំរើន មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ពួកគេ​ទាំងពីរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​មេធាវី ខ្ញុំ​មិនអាច​ទទួលយក​បានទេ ចំពោះ​ការសម្រេច​នេះ​។ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូនក្តី ដើម្បី​សម្រេច​ថា​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​»​។

​លោក ហ៊ុន វណ្ណៈ និង លោក​ឌឹ​ម គុណ​ឌី ត្រូវបាន​ឃាត់ខ្លួន​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២0១៧ ដោយសារតែ​ពួកគេ បាន​ថតរូប​សកម្មភាព​ក្រុមហ៊ុន​មួយ ដែល​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង​។ អ្នក​ទាំងពីរ​នេះ រួមជាមួយ​សកម្មជន​តាម​សហគមន៍​នានា តែង​ចេញមុខ​ជំទាស់​នឹង​ការ​បូក​ខ្សាច់ យកទៅលក់​នៅក្រៅ​ប្រទេស និង​ការកាប់បំផ្លាញ​ព្រៃឈើ ជាដើម​៕



Tag:
 តុលាការ​
  ហ៊ុន វណ្ណៈ​
  ឌឹ​ម គុណ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com