ជាតិ
ថ្នាក់​រាជធានី​-​ខេត្ត នឹងមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​រើស​មន្ត្រី​ក្របខណ្ឌ​ដោយ​ខ្លួនឯង
26, Jan 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ អភិបាល នៃ​គណៈ​អភិបាល នៅតាម​រាជធានី​-​ខេត្ត អាចនឹងទទួល​បាន​សិទ្ធិអំណាច នាពេលខាងមុខ ក្នុងការ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ដោយ​ខ្លួនឯង​។ នេះ គឺជា​គម្រោង​នៃ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ក្នុងដំណាក់កាល​បន្ទាប់ ដែល​សម្តេច​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​។



​សម្តេច ស ខេង អះអាងថា បច្ចុប្បន្ន រដ្ឋាភិបាល កំពុង​រៀបចំ​បែបបទ និង​លិខិតបទដ្ឋាន ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត អាច​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ ក្នុង​ដែនដី​របស់ខ្លួន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បន្តថា ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការធ្វើកំណែទម្រង់​នៃ​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែលជា​ការផ្ទេរ​សិទ្ធិអំណាច និង​ធនធាន​ផ្សេងៗ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​គ្រប់គ្រង​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​រៀបចំ​អស់ហើយ រាប់​តាំងពី​ក្របខណ្ឌ​គោលនយោបាយ ច្បាប់ អង្គការ​ចាត់តាំង ដើម្បី​អនុវត្ត​គោលការណ៍​ហ្នឹង ហើយ​ចុង​ក្រោយនេះ គឺ​ការផ្ទេរ​សិទ្ធិអំណាច និង​ធនធាន​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោយ​ជាតិ​។ [….] យើង ចង់​ធ្វើ​យ៉ាងម៉េច ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាន់តែខ្លាំង​»​។​

​ប៉ុន្តែ ការជ្រើសរើស​កម្លាំង​នគរបាល និង​ទាហាន នៅតែ​ជា​សិទ្ធិ​របស់​រដ្ឋបាល​ថ្នាក់ជាតិ​ដដែល ឯ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មិនអាច​ទទួលបាន​សិទ្ធិអំណាច​នេះឡើយ​។ នេះ​ជាការ​បន្ថែម​ចុងក្រោយរ​បស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ លោក ស សា​ម៉ី​ឌី បាន​ពន្យល់ថា បច្ចុប្បន្ននេះ រដ្ឋបាល​ថ្នាក់ជាតិ ទើប​មាន​សិទ្ធិ​រៀបចំ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ ដូចជា​ជ្រើសរើស​តាមរយៈ​ការប្រឡង ជាដើម​។ លោក បន្តថា ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពោលគឺ​រដ្ឋបាល​រាជធានី​-​ខេត្ត មិនទាន់មាន​សិទ្ធិ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ដោយ​ខ្លួនឯង​នោះទេ​។

​អ្នកនាំពាក្យ​ក្រសួង​មុខងារ​សារ​ធា​រណៈ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​រាល់ថ្ងៃនេះ រដ្ឋបាលក្រោម​ជាតិ អត់​មាន​សិទ្ធិ​រៀបចំ​ការប្រឡង ដើម្បី​រើស​មន្ត្រី​ក្របខណ្ឌ​ទេ​។ អ្វីៗ រៀបចំ​ដោយ​ថ្នាក់ជាតិ​។ បើ​ក្រសួង ឬ​ស្ថាប័ន​ណាមួយ ត្រូវការ​មន្ត្រីរាជការ ក្រសួង​ឬ​ស្ថា​ប័​នោះ ជា​អ្នករៀបចំ​ជ្រើសរើស​»៕


Tag:
 ស ខេង​
  អភិបាលខេត្ត​
  ប្រធាន​មន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com