ជាតិ
តុលាការ​ម៉ាឡេស៊ី​កាត់ទោស​ប្ដី​ប្រពន្ធ​ដែល​បង្អត់អាហារ​ពលក​រ​កម្ពុជា​ដល់​ស្លាប់ ជាប់គុក​១០​ឆ្នាំ​
26, Jan 2018 , 5:24 pm        
រូបភាព
ប្ដីប្រពន្ធម៉ាឡេស៊ីទាំងពីរ (រូបភាព​៖ The Star)
ប្ដីប្រពន្ធម៉ាឡេស៊ីទាំងពីរ (រូបភាព​៖ The Star)
ដោយ: ថ្មីៗ
​ប្ដី​ប្រពន្ធ​ជនជាតិ​ម៉ាឡេស៊ី ដែល​ប្រឈម​មុខការ​ជាប់ទោស​ប្រហារជីវិត​លើ​ករណី​បង្អត់អាហារ​ពលករ​ក​ម្ពុ​ជា​ម្នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​។ ក្នុង​សវនាការ​ថ្ងៃទី​២៥ ខែមករា លោក Tun Md Raus Sharif ប្រធាន​ចៅក្រម​តុលាការ​សហព័ន្ធ​ម៉ាឡេស៊ី​សម្រេច​ដាក់ទោស​ជនល្មើស​ទាំងពី​រ​ពីបទ​បង្អត់អាហារ​ដល់​ស្លាប់ ដែល​ត្រូវអនុវត្ត​ទោស​ស្រាល​ជាង​បទ​ឃាតកម្ម​។​



​បើតាម​សារព័ត៌មាន Straits Times ជនល្មើស​ជា​ប្ដី​ឈ្មោះ Soh Chew Tong និង​ប្រពន្ធ​ឈ្នោះ Chin Chui Ling ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​កាត់ទោស​ពីបទ​ឃាតកម្ម​លើ​ស្ត្រី​បម្រើ​តាម​ផ្ទះ​ជនជាតិ​កម្ពុជា​ឈ្មោះ Mey Sichan អាយុ​២៤​ឆ្នាំ នៅឯ​ផ្ទះ​ពួកគេ​នៅក្នុង​រដ្ឋ Penang ចន្លោះ​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១២ ។ ជនរងគ្រោះ ដែល​ចាប់ផ្ដើម​ធ្វើការ​នៅ​ខែកក្កដា ឆ្នាំ​២០១១ ត្រូវ​រកឃើញថា ស្លាប់ ដោយមាន​ស្លាកស្នាម​របួស​ថ្មីៗ និង​ខ្វះ​ជាតិ​ទឹក​ខ្លាំង ហើយ​ទម្ងន់​ត្រឹម​២៦​គីឡូក្រាម​ប៉ុណ្ណោះ​។​

​ជុំវិញ​ករណី​ឃាត​កម្មនេះ ប្ដី​ប្រពន្ធ​ខាងលើ​ត្រូវបាន​តុលាការ​រដ្ឋ Penang កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​២៤​ឆ្នាំ ក្រោម​បទ​ចោទ​បង្អត់អាហា​ដល់​ស្លាប់​។ ប៉ុន្តែ​ក្នុង​ខែតុលា ឆ្នាំ​២០១៥ តុលាការ​ឧទ្ធរណ៍​ម៉ាឡេស៊ី​ក៏​សម្រេច​កាត់ទោស​ប្រហារជីវិត​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ក្រោម​បទ​ចោទ​ឃាតកម្ម​។

​ក្នុងការ​កាត់ក្ដី​ថ្ងៃទី​២៥ ខែមករា លោក Gopal Sri Ram មេធាវី​អ្នក​ទាំងពីរ​ស្នើ​ឲ្យ​តុលាការ​បន្ធូរ​ទោស ព្រោះ​កូនក្ដី​របស់ខ្លួន​បានបង្ហាញ​ការ​វិប្បដិសារី​។ ចំណែកឯ​រាជអាជ្ញា​សាធារណៈ​រង លោក Awang Armadajaya Awang Mahmud ចង់​ឲ្យ​តុលាការ​ដាក់ទោស​ធ្ងន់​។ លោក​និយាយថា ហេតុការណ៍​នេះ​បាន​កើតឡើង​រួចហើយ ហើយ​តុលា​ការគួរ​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​ទូទៅ ព្រោះ​ករណីនេះ​ជាប់​ទាកទិន​អំពើ​ឃោរឃៅ​លើ​ស្ត្រី​បម្រើ​តាម​ផ្ទះ​។​

​លោក K. Kumaraendran មេធាវី​ម្នាក់ទៀត​របស់​ជនល្មើស​ទាំងពីរ​និយាយថា កូនក្ដី​របស់ខ្លួន​ជាប់ឃុំ រយៈពេល​ជិត​៣​ឆ្នាំ​ហើយ​។ លោក​បន្តថា ដោយ​គិតពី​ការកាត់បន្ថយ​ទោស​ចំនួន​១​ភាគ​៣​នៃ​ទោស​សរុប​សម្រាប់​ការកែខ្លួន ជនល្មើស​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ត្រូវ​អន​វត្ត​ទោស​ចំនួន​៤​ឆ្នាំកន្លះ​ទៀត​៕
 

Tag:
 ​ម៉ាឡេស៊ី​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com