អន្តរជាតិ
ចិន​សន្យា​ព​ន្លឿ​ន​ការចរចា​ជាមួយ​អាស៊ាន​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP
31, Jan 2018 , 11:51 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្តេជ្ញា​ជំរុញ​ការចរចា​ជាមួយ​មិត្ត​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រចាំ​តំបន់ RCEP ឲ្យ​បាន​ឆាប់​។  ក្រុង​ប៉េកាំង ក៏​សង្ឃឹម​បន្ត កម្ពស់​ពី​ទំនាក់ទំនង​រវាង​ចិន ជាមួយ​អាស៊ាន​ក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផងដែរ ។



​នា​សន្និសីទ​ព័ត៌មាន​ថ្ងៃ ៣០ ខែមករា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួរ ឈួន​អ៊ីង បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែមាន​ឆន្ទៈ​ជានិច្ច​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​ការសម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ រួមទាំង​ប្រធាន​អាស៊ាន សិង្ហ​បុរី ក្នុង​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប​ជ្រុងជ្រោយ​ថ្នាក់​តំបន់​(RCEP) ដើម្បី​ជាការ​បើកផ្លូវ​ដល់​សមា​ហ​រណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ។

​តាមពិតទៅ អ្នកនាំពាក្យ​រូបនេះ​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់​កា​រិ​យា​ល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​បញ្ជាក់​ពី​ជំហរ​របស់​សិង្ហ​បុរី​ថា កិច្ចការ​ចម្បង​សម្រាប់​អាស៊ាន និង​ចិន​ឆ្នាំនេះ គឺ​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ ។

​តាមរយៈ​វេទិកា​សារព័ត៌មាន​ដដែល​នោះ លោកស្រី​អ្នកនាំពាក្យ បាន​ថ្លែង​ជាមួយនឹង​ជំនឿ​ចិត្ត​ថា ការ​អាច​សម្រេច​កិច្ចព្រមព្រៀង RCEP បាន​កាន់តែ​ឆាប់ នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល ហើយ វា​ក៏​នឹង​ជួយ​លើកកម្ពស់​ដំណើរ​សម្រាប់​ការសម្រេចបាន​នៃ​តំបន់​ពាណិជ្ជ​សេរី​អាស៊ី​ប៉ាស៊ីហ្វិក (FTA) ផងដែរ ។

​សូម​ជម្រាប​ផងដែរ​ថា RCEP  គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​ផ្តើម​ស្នើ​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី ។​

​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង់​។ តាមពិតទៅ RCEP គ្រោង​នឹង​បញ្ចប់​ការ​ព្រមព្រៀងគ្នា​តាំងពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ត្រូវ​បន្ត​ពន្យារពេល​ជា​បន្តបន្ទាប់​ទៅ​ឆ្នាំ ២០១៦ និង​ឆ្នាំ​២០១៧ ទៀត ដោយសារ​សមាជិក​រប​ស់ RCEP មួយចំនួន​នៅ​មិន​ឯកភាព​លើ​បញ្ហា​មួយចំនួន​ជាពិសេស​ការកាត់បន្ថយ​របាំង​ពន្ធ​លើ​ទំនិញ​៕


Tag:
 ចិន​
  អាស៊ាន​
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com