ជាតិ
ចូលឆ្នាំ​ចិន​៖ សាលា​រាជធានី ហាម​ដុត​ផាវ និង​ហែ​ក្បួន​ដោយ​គ្មាន​ការអនុញ្ញាត​
11, Feb 2018 , 4:37 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ខាងមុខនេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ហាម​ពលរដ្ឋ​ដុត​ផាវ ឬ​គ្រឿងផ្ទុះ និង​ការលេង​ល្បែងស៊ីសង រួមទាំង​ហែ​ក្បួន​ដោយ​គ្មាន​ការអនុញ្ញាត​។ អាជ្ញាធរ​រាជធានី​ពន្យល់ថា បំរាម​ទាំងនេះ​នឹងត្រូវ​អនុវត្ត​ដើម្បី​សន្តិសុខ​។​

 
​សេចក្ដីជូនដំណឹង​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​៨​កុម្ភៈ បាន​ហាម​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ និង​ការប្រព្រឹត្ត​ល្បែងស៊ីសង​នៅក្នុង​ពិធីបុណ្យ​នេះ​។ សម្រាប់​ការ​ដង្ហែ​ក្បួន​បែប​សាសនា និង​ប្រពៃណី​ផ្សេងៗ សាលា​រាជធានី ក៏បាន​ហាម​ដាច់ខាត​ផងដែរ បើសិនជា​គ្មាន​ការអនុញ្ញាត​។​
 
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ការនាំ​ចូល​ផាវ និង​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចូល​រាជធានី​ភ្នំពេញ​។ ទន្ទឹមនឹងនេះ ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ជាតិ​ផ្ទុះ​ទាំងនោះ ពី​ទីតាំង​លក់​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​
 
​ក្នុង​សេចក្ដីជូនដំណឹង​ដដែល លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ដល់​ក្រសួង​ធម្មការ​នឹង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ប្រជុំ​ជាមួយ​បណ្ដា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ទាំងនេះ​។ ក្រៅពីនេះ​ការហាមឃាត់​នូវ​ចំណុច​មួយចំនួន អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ រោងចក្រ សហគ្រាស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការអុជ​ទៀនធូប ក្រដាសសែន ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ជាយថាហេតុ​។ ជាពិសេស​ការដុត​ក្រដាសសែន មិនត្រូវ​ដុត​លើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​ជាដាច់ខាត​៕

Tag:
 ចូលឆ្នាំ​ចិន​
  សាលា​រាជធានី​
© រក្សាសិទ្ធិដោយ thmeythmey.com