អន្តរជាតិ
ស្វែងយល់​ពី​សម័យប្រជុំ​ពេញ​អង្គសភា​ប្រជាជន​ចិន​ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​មីនា​
17, Feb 2018 , 1:30 pm        
រូបភាព
​សភា​ទាំងពីរ​របស់​ប្រទេស​ចិន នឹង​បើក​សម័យប្រជុំ​ចាំ​ឆ្នាំ​របស់ខ្លួន​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​អនុម័ត​ច្បាប់​ថ្មី ត្រួតពិនិត្យ​របាយការណ៍​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល និង​អ្វីដែល​សំខាន់​នោះ គឺ​ជ្រើសរើស​តាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​ថ្មី​។ ក្នុង​កិច្ចប្រជុំ​ឆ្នាំ​២០១៨ សមាសភាព​ដឹកនាំ​រដ្ឋ​ជាច្រើន នឹងត្រូវ​ផ្លាស់ប្ដូរ ព្រោះ​មន្ត្រី​ខ្លះ​ដល់​អាយុ​ចូលនិវត្តន៍​។ លោក ស៊ី ជិន​ភីង នឹង​បន្ត​តំណែង​ប្រធានាធិបតី​របស់ខ្លួន​៥​ឆ្នាំ ព្រម​គ្នា​នឹង​លោកនាយក​រដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ដែរ​។​

 
​សភា​ប្រជាជន​ចិន នឹង​ចាប់ផ្ដើម​សម័យប្រជុំ​របស់ខ្លួន​នៅ​ថ្ងៃទី​៥ ខែមីនា ឯ​សភា​ពិគ្រោះ​យោបល់​ប្រជាជន​ចិន នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣ ខែមីនា នៅឯ​មហា​វិមាន​ប្រជាជន​ក្នុង​រដ្ឋធានី​ប៉េកាំង​។ ប្រតិភូ​ច្រើនជាង​៦​ពាន់​នាក់​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ទាំងពីរ​នេះ​។ សម្រាប់​ឆ្នាំ​២០១៨ នេះ ការជួបជុំ​នយោបាយ​ដ៏​ធំ​នេះ​មាន​លក្ខណៈពិសេស​ជាង​ឆ្នាំមុនៗ ដោយ​នឹងមាន​ការរុះរើ​តំណែង​សំខាន់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋ​។​
 
​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ សមាជិក​សំខាន់ៗ​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ចូលនិវត្តន៍​ពី​តំណែង ជា​ពិ​សេ​សមាជិក​ការិយាល័យ​នយោបាយ និង​គណៈកម្មាធិការ​អចិន្ត្រយ៍​ការិយាល័យ​នយោបាយ ហើយ​ជំនួស​វិញ​ដោយ​សមាជិក​ថ្មី​។ សមាជិក​ចាស់ៗ​ទាំងនោះ​ក៏ត្រូវ​ចូលនិវត្តន៍​ពី​តំណែង​ដឹកនាំ​ប្រទេស​ដែរ​។ សភា​ប្រជាជន​ចិន​ដែល​មិនសូវ​មានអំណាច នឹង​អនុម័ត​យល់ព្រម​លើ​បេក្ខភាព​ថ្មី​សម្រាប់​ជំនួស​កន្លែង​ដែល​ទំនេរ​។​
 
​សមាជិក​៥​នាក់​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ចំនួន​៥​នាក់​ក្នុងចំណោម​៧​នាក់ ត្រូវ​ចូលនិវត្តន៍ គឺប្រធាន​សភា​លោក ចាង តេ​ជាំ​ង​, ប្រធានសភា​ពិគ្រោះ​យោបល់​លោក យូ ជឹ​ង​សឹង​, លោក លីវ យុន​សាន​, លោក វ៉ាង ឈី​សាន និង​ឧបនាយករដ្ឋមន្ត្រី ចាង កាវ​លី​។ ដោយឡែក​លោក ស៊ី ជិន​ភីង ដែលជា​លេខា​បក្ស នឹង​បន្ត​តំណែង​ជា​ប្រធានាធិបតី​៥​ឆ្នាំ​ទៀត ដូចគ្នា​នឹង​លោកនាយក​រដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ។ 
 
​មនុស្ស​ជំនិត​របស់លោក ស៊ី ជិន​ភីង រំពឹងថា នឹង​ក្ដាប់​តំណែង​ដឹកនាំ​ប្រទេស​ដែល​នៅ​ទំនេរ​។ សម្រាប់​តំណែង​ប្រធានសភា​ថ្មី ទំនងជា​ធ្លា​ក់លើ​លោក លី ចាន់​ស៊ូ ហើយ​កៅអី​ប្រធានសភា​ពិគ្រោះ​យោបល់ អាច​បាន​ទៅ​លោក វ៉ាង យ៉ាង ដែលជា​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។ លោក វ៉ាង ហ៊ូ​នី​ង ទំនងជា​ទទួលបន្ទុក​កិច្ចការ​ផ្សព្វផ្សាយ​នយោបាយ​របស់​បក្ស និង​គ្រប់គ្រង​ប្រព័ន្ធ​ជុំវិញ​ការងារ​ថ្មី​។ លោក ហាន ចឹ​ង អាច​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​ជំនួស​លោក វ៉ាង យ៉ាង ក្នុងករណី​លោក វ៉ាង កាន់តំណែង​ថ្មី​ជា​ប្រធានសភា​ពិគ្រោះ​យោបល់​។ អ្នក​ទាំង​បួន​គឺជា​សមាជិក​ថ្មី​នៃ​គណៈ​អចិន្ត្រយ៍​បក្ស​។ 
 
​ក្រៅពីនោះ តំណែង​ដឹកនាំ​រដ្ឋ និង​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ជាច្រើន​ទៀត​ក៏ត្រូវ​ផ្លាស់ប្ដូរ​ដែរ ហើយ​សមាជិក​ភាគច្រើន​មកពី​ការិយាល័យ​នយោបាយ​ដែលមាន​សមាជិក​២៥​នាក់​។ លោក ស៊ី ជិន​ភីង បានដាក់​មនុស្ស​ស្និទ្ធ​ខ្លួន​ក្នុង​តំណែង​ធំៗ​ជាច្រើន​ន​តួយ៉ាង​លោក លីវ ហឹ (Liu He) ជាទី​ប្រឹក្សា​សេដ្ឋកិច្ច អាច​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច​ផង​៕ 
 

Tag:
 ​ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com