អន្តរជាតិ
មក​ស្គាល់​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់​បក្ស​កុម្មុយនីស្ត​ចិន​
27, Oct 2017 , 7:39 pm        
រូបភាព
​ប៉េកាំង​៖ ថ្នាក់ដឹកនាំ​កំពូល​របស់​បក្ស​កុម្មុយនីស្ត​ចិន​ចំនួន​៧​រូប បានបង្ហាញ​ខ្លួន​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៥ ខែតុលា បន្ទាប់ពី​ត្រូវបាន​គាំទ្រ​ដោយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​រួចមក​។ ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល បុគ្គល​ទាំង​៧​រូប គឺជា​អ្នកសម្រេច​ជោគវាសនា​នៃ​ប្រជាជន​ចិន​ទាំង​ជាង​១,៣​ពាន់​លាន​នាក់​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ​។​



១. ស៊ី ជិន​ភីង (Xi Jinping)
​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម លោក ស៊ី ជិន​ភីង ក្លាយជា​មេដឹកនាំ​ចិន​ជំនាន់​ថ្មី​ដែលមាន​អំណាច​បំផុត​ចាប់តាំងពី​សម័យ​លោក ម៉ៅ សេទុង និង​បន្ទាប់មក​លោក តេង ស៊ា​វ​ភីង ។ ឈ្មោះ​របស់លោក ស៊ី ជិន​ភីង ទើប​ត្រូវបាន​មហាសន្និបាត​បក្ស​លើក​ទី​១៩ អនុម័ត​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។ លោក ស៊ី ជិន​ភីង ក៏​រំ​ពឹ​ថា បន្ត​តំណែង​ប្រធានាធិបតី​ដូចគ្នា​។​



២. លី ខឺ​ឈាំ​ង (Li Keqiang)
​ជា​មនុស្ស​លំដាប់​ទី​២ ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​ចិន​បន្ទាប់ពី​លោក ស៊ី ជិន​ភីង ។ លោក លី ខឺ​ឈាំ​ង ក៏​ត្រូវបាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​គាំទ្រ​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​កា​រិ​យា​ល័ន​យោ​បាយ​ដែរ​។ ក្នុង​អាណត្តិ​ទី​១ ប្រជាប្រិយភាព​របស់លោក លី ខឺ​ឈាំ​ង មិនសូវ​លេចធ្លោ​ដូច​លោក ស៊ី ជិន​ភីង ឡើយ ហើយក៏​មិនសូវមាន​ឥទ្ធិពល​ខ្លាំង​ដែរ​។ នៅ​អាណត្តិ​នេះ លោក លី ខឺ​ឈាំ​ង ទំនងជា​បន្ត​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ដដែល​។



៣. លី ចាន់​ស៊ូ (Li Zhanshu)
​លោក លី ចាន់​ស៊ូ ត្រូវបាន​ចាត់ទុកជា​ដៃស្ដាំ​របស់លោក ស៊ី ជិន​ភីង​។ ជា​អតីត​លេខា​បក្ស​ខេត្ត​គុយ​ចូ​វ នោ​ង លោក លី គឺជា​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ ហើយ​លោក​បានធ្វើ​ដំណើរ​អម​លោក ស៊ី ក្នុង​ទស្សនកិច្ច​នៅ​បរទេស​។ លោក លី ត្រូវបាន​ចាត់ទុក​ជាម​នុស្ស​ទី​៣ នៃ​ថ្នាក់ដឹកនាំ​ទាំង​៧ ហើយ​លោក​ទំនង​ក្លាយជា​ប្រធានសភា​ប្រជាជន​ចិន ជំនួស​លោក ចាង តេ​ជាំ​ង ក្នុងការ​រុះរើ​ថ្នាក់ដឹកនាំ​រដ្ឋ​នៅ​ខែមីនា​ខាងមុខ​។



៤. វ៉ាង យ៉ាង (Wang Yang)
​មាន​វ័យ​៦២​ឆ្នាំ លោក វ៉ាង យ៉ាង ជា​មនុស្ស​ថ្មី​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​។ លោក វ៉ាង ជា​ឧបនាយករដ្ឋមន្ត្រី​មួយ​ក្នុង​រដ្ឋាភិបាល​លោក លី ខឺ​ឈាំ​ង ទទួល​ល​បន្ទុក​នយោបាយ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច ហើយ​ជា​មនុស្ស​មានគំនិត​កែទម្រង់​និយម គាំទ្រ​សេដ្ឋកិច្ច​ទីផ្សារ​។ លោក វ៉ាង អាច​បន្ត​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​ទៀត ឬក៏​ទៅធ្វើ​ប្រធានសភា​ពិគ្រោះ​យោបល់​ជំនួស​លោក យូ ជឹ​ង​សឹង ដែល​ចាកចេញ​។



៥. វ៉ាង ហ៊ូ​នី​ង (Wang Huning)
​លោក វ៉ាង ហ៊ូ​នី​ង ត្រូវបាន​គេ​ជឿថា ជា​ជំនួយការ​ផ្នែក​នយោបាយ​ការបរទេស​របស់លោក ស៊ី ជិន​ភីង និង​ត្រូវបាន​ហៅ​ជា Kissinger របស់​ចិន​ទៀតផង​។ ជា​អតីត​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ក្នុង​ក្រុង​សៀង​ហៃ លោក វ៉ាង គឺជា​ទីប្រឹក្សា​មេដឹកនាំ​កំពូល​ចិន​៣​ជំនាន់ គឺជា​ចាប់ពី​អតីត​លេខា​បក្ស ចាង ហ្សេ​មីន លោក ហ៊ូ ជិន​តាវ រហូតដល់​លោក ស៊ី ជិន​ភីង​។ ចំពោះ​ភារកិច្ច​ថ្មី លោក វ៉ាង ទំនងជា​ទទួលបន្ទុក​កិច្ចការ​ផ្សព្វផ្សាយ​នយោបាយ​របស់​បក្ស និង​គ្រប់គ្រង​ប្រព័ន្ធ​ដើម្បី​ធានាថា អ្វីៗ​ស្ថិត​លើផ្លូវ​ដែល​បក្ស​កំណត់​។​



៦. ចាវ ឡឺ​ជី (Zhao Leji)
​សមាជិក​ថ្មី​មួយទៀត​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គឺ​លោក ចាវ ឡឺ​ជី ដែលជា​ប្រធាន​នាយកដ្ឋាន​រៀបចំ​នៃ​បក្ស​កុម្មុយនីស្ត​ចិន ទទួលបន្ទុក​ត្រួតពិនិត្យ​សមត្ថភាព​មន្ត្រី​បក្ស​។ ក្រៅពី​តំណែង​ថ្នាក់ដឹកនាំ​កំពូល លោក ចាវ ដែលមាន​វ័យ​៦០​ឆ្នាំ ក៏​កាន់តំណែង​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យ ជំនួស​លោក វ៉ាង ជី​សាន ដែល​ចូលនិវត្តន៍ និង​បន្ត​ដឹកនាំ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​។ ជា​សមាជិក​វ័យក្មេង​ជាងគេ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើក​នេះ លោក ចាវ ទំនងជា​បន្ត​ស្ថិតក្នុង​រង្វង់​ថ្នាក់ដឹកនាំ​កំពូល​រយៈពេល​១០​ឆ្នាំ​ពេញ​។​


 
៧. ហាន ចឹ​ង (Han Zheng)
​មេដឹកនាំ​លំដាប់​ទី​៧ គឺ​លោក ហាន ចឹ​ង លេខា​បក្ស​ក្រុង​សៀង​ហៃ​។ មាន​ជំនាញ​ខាង​សេដ្ឋកិច្ច លោក ហាន បាន​រះ​ត្រដែត​នៅ​សៀង​ហៃ​តាំងពី​ឆ្នាំ​២០០២ មក គឺជា​ចាប់តាំងពី​តំណែង​ក្រុង​សៀង​ហៃ​ក្មេង​ជាងគេ​ក្នុង​ឆ្នាំ​២០០៣ រហូតដល់​ក្លាយជា​លេខា​បក្ស​ក្នុង​ឆ្នាំ​២០១២ ។ ជុំវិញ​ការងារ​ថ្មី លោក ហាន អាច​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​ជំនួស​លោក វ៉ាង យ៉ាង ក្នុងករណី​លោក វ៉ាង ចាកចេញ​ទៅកាន់​តំណែង​ថ្មី​ជា​ប្រធានសភា​ពិគ្រោះ​យោបល់​នោះ​៕




Tag:
 19thCPC
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com