ជាតិ
WWF៖ មួយ​ភាគបី​នៃ​តំបន់​ការពារ កំពុង​ប្រឈម​ការបាត់បង់​សត្វ​ខ្លាធំ​យ៉ាងធ្ងន់ធ្ងរ​
03, Mar 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​លើ​តំបន់​អភិរក្ស​សត្វ​ខ្លាធំ​ជាង​មួយរយ​តំបន់ បង្ហាញថា មានតែ​១៣​ភាគរយ​ប៉ុណ្ណោះ នៃ​តំបន់​អភិរក្ស​ទាំងនោះ   បំពេញ​លក្ខខណ្ឌ​ស្តង់ដារ​សកល​។ តាម​ការសិក្សា​នេះ យ៉ាងហោចណាស់ មួយ​ភាគបី នៃ​តំបន់​ទាំងនោះ ប្រឈម​យ៉ាងធ្ងន់ធ្ងរ នឹង​ការបាត់បង់​សត្វ​ខ្លាធំ​។ ដូច្នេះ​រដ្ឋាភិបាល ត្រូវ​ដាក់ទុន​រយៈពេល ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ខ្លាធំ​បាត់បង់​។​

 
​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ លើ​តំបន់​អភិរក្ស​សត្វ​ខ្លាធំ​ជាង​មួយរយ​តំបន់ និង​ជា​កន្លែង​ដែល​៧០​ភាគរយ នៃ​សត្វ​ខ្លាធំ​លើ​ពិភពលោក​រស់នៅ បាន​បង្ហាញថា មានតែ​១៣​ភាគរយ​ប៉ុណ្ណោះ នៃ​តំបន់​អភិរក្ស​ទាំងនោះ   បំពេញ​លក្ខខណ្ឌ​ស្តង់ដារ​សកល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF ដែល​បន្ត​បញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ​នេះ ជា​ផ្នែក​មួយ​នៃ​ដៃគូ​សហការ កម្មវិធី​ធានា​ការអភិរក្ស​/​ស្តង់ដារ​សម្រាប់​សត្វ​ខ្លា​(CA|TS) ដែល​រៀបចំ​ដោយ​អង្គការ​អភិរក្ស​ធំៗ​ចំនួន​១១ និង​រដ្ឋាភិបាល​នៃ​តំបន់​មាន​វត្តមាន​សត្វ​ខ្លាធំ​រស់នៅ​។ វា​ជាការ​សិក្សា​វាយតម្លៃ​ឆាប់រហ័ស​ធំជាងគេ និង​ដំបូង​គេ​បង្អស់ នៃ​ការអភិរក្ស​សត្វ​ខ្លាធំ ដោយ​ផ្អែកលើ​ទីតាំង​ទូទាំង​តំបន់​អាស៊ី​។ 
 
​តាម​ការសិក្សា​នេះ យ៉ាងហោចណាស់ មួយ​ភាគបី នៃ​តំបន់​ទាំងនោះ ប្រឈម​យ៉ាងធ្ងន់ធ្ងរ នឹង​ការបាត់បង់​សត្វ​ខ្លាធំ​។ លើសពីនេះ រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​តំបន់​ប្រឈម​ទាំងនោះ ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​តំបន់​សត្វ​ខ្លាធំ បាន​រងគ្រោះថ្នាក់ នៃ​ការ​ផុត​ពូជ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។  
 
​ក្នុងប្រទេស​កម្ពុជា រូបភាព​សត្វ​ខ្លាធំ ដែល​គេ​ថត​បាន​ចុងក្រោយបង្អស់​ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិ គឺ​ក្នុង​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន ដោយសារតែ​គ្មាន​ភស្តុភា​ង​ណាមួយ បញ្ជាក់ថា​មាន​សត្វ​ខ្លាធំ​បន្ត​ពូជ គេ​បាន​កំណត់ថា សត្វ​ខ្លាធំ គ្មាន​ការបន្ត​ពូជ​នៅ​ប្រទេស​កម្ពុជា​។  
 
​លោក អេស ភី យ៉ា​ដាវ (S.P Yadav) ជំនួយការ​លេខាធិការ នៃ​វេទិកា​សត្វ​ខ្លាធំ​សកល (Global Tiger Forum) បាន​មានប្រសាសន៍ថា ការ​គ្រប់​គ្រង់​តំបន់​អភិរក្ស​សត្វ​ខ្លាធំ​មិនបាន​ល្អ នឹង​ឈានទៅរក​ការ​ផុត​ពូជ​នៃ​សត្វ​ខ្លាធំ​។ សម្រាប់ លោក អេស ភី យ៉ា​ដាវ  ដើម្បី​បញ្ឈប់ និង​កាត់បន្ថយ​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ខ្លាធំ ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ជា​សកម្មភាព​ចម្បង និង​សំខាន់បំផុត ហើយ​ដើម្បី​សម្រេចបាន​សកម្មភាព​នេះ ការដាក់ទុន​រយៈពេល​វែង លើ​តំបន់​អភិរក្ស​សត្វ​ខ្លាធំ គឺ​ចាំបាច់​បំផុត ហើយ​វា​ជា     កាតព្វកិច្ច ដែល​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល នៃ​តំបន់​ដែលមាន​សត្វ​ខ្លាធំ​រស់នៅ​។​
 
​ឆ្នាំ​២០១៧​កន្លងទៅ សម្តេច ហ៊ុន សែន បានប្រកាស​គាំទ្រ​គម្រោង​នាំ​សត្វ​ខ្លាធំ​មក​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ដែលជា​ការបង្ហាញ​ការគាំទ្រ និង​ការប្តេជ្ញា​របស់​រដ្ឋាភិបាល ក្នុងការ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​សកល​ទ្វេដង នៅត្រឹម​ឆ្នាំ​២០២២​។ គម្រោង​លម្អិត ដែល​រដ្ឋាភិបាល​កំពុង​តែ​រៀបចំ​បញ្ចប់ នឹង​បញ្ចូល​ជំហាន​សំខាន់ៗ ដែល​ត្រូវ​អនុវត្តន៍ មុនពេល​នាំ​សត្វ​ខ្លាធំ ចូលទៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ដែលជា​តំបន់​មានព្រៃ​ស្ងួត​ធំជាងគេ ក្នុង​តំបន់​កណ្តាល​អាស៊ីអាគ្នេយ៍​។​
 
​លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WWF-​កម្ពុជា បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​សេចក្តីសម្រេចចិត្ត​យ៉ាងសំខាន់ និង​មុតមាំ ក្នុងការ​ស្តារ​ចំនួន​សត្វ​ខ្លាធំ​ឡើងវិញ ក្នុងប្រទេស​កម្ពុជា​។ សម្រាប់​លោក សេង ទៀក ជំហាន​ជា​បន្តបន្ទាប់ គឺត្រូវធ្វើ​ឲ្យ​ប្រាកដថា តំបន់​ដែល​សត្វ​ខ្លាធំ​រស់នៅ ត្រូវបាន​គ្រប់គ្រង និង​ការពារ​បានជា​ក់លាក់​។​
​បើទោះជា​ការ​បរបាញ់​សត្វព្រៃ ជា​កត្តា​គំរាមកំហែង​ខ្លាំង​បំផុត​ដល់​ប្រភេទ​សត្វ​ខ្លា​នានា ក៏​៨៥​ភាគរយ នៃ​តំបន់​ដែល​បាន​សិក្សា​ទាំងនោះ ពុំទាន់​មាន​សមត្ថភាព​បុគ្គលិក សម្រាប់​ល្បាត​តាម​តំបន់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ហើយ ។ នេះ​បើតាម​សិក្សា​ថ្មី​នេះ ដែល​បាន​បន្ថែមទៀតថា ៦១​ភាគរយ នៃ​តំបន់​ក្នុង​អាស៊ីអាគ្នេយ៍ មានការ​ពង្រឹង​ច្បាប់​ប្រឆាំងនឹង​ការ​បរបាញ់​សត្វព្រៃ​តិចតួច​បំផុត ដែល​បណ្តាល​ឲ្យ​សត្វ​ខ្លាធំ ងាយ​រងគ្រោះ​នឹង​ការ​បរបាញ់​។ 
 
​លោក សេង ទៀក បាន​បន្ថែមទៀតថា​៖«​ដើម្បី​ឲ្យ​គម្រោង​នាំ​សត្វ​ខ្លាធំ​មក​កម្ពុជា​ទទួលបាន​ជោគជ័យ យើង​ត្រូវ​បន្ថែម​កិច្ចប្រឹងប្រែង​ទ្វេដង ក្នុងការ​ធានា​ឲ្យ​មានការ​គ្រប់គ្រង​តំបន់​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាការ​ចាំបាច់ យើង​ត្រូវមាន​ការពង្រឹង​ច្បាប់​យ៉ាង​តឹងរឹង ដើម្បី​ទប់ស្កាត់​ការដាក់​អន្ទាក់ និង​ការកាប់​ឈើ​ខុសច្បាប់ ត្រូវមាន​កំណើន​ចំនួន​ឧ​ទ្យា​នុ​រក្ស ដែល​ទទួលបាន​ការហ្វឹកហាត់​ត្រឹមត្រូវ និង​មាន​សម្ភារ​ល្បាត​គ្រប់គ្រាន់ ព្រមទាំង​មានការ​ចូលរួម​យ៉ាងសកម្ម ពី​សហគមន៍​មូលដ្ឋាន​»​។​
 
​កង្វះខាត​ក្នុងការ​ដាក់ទុន​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​មាន​កង្វះខាត ការគ្រប់គ្រង​តំបន់​ការពារ​នានា​។ ខណៈដែល ៨៦​ភាគរយ នៃ​តំបន់​អាស៊ី​ខាងត្បូង ប្រទេស​រុស្សី និង​ចិន បាន​បញ្ជាក់ថា ខ្លួន​មាន ឬ​គ្រោង នឹងមាន​និរន្តរភាព​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​តំបន់​ការពារ​ក៏ដោយ មានតែ ៣៥​ភាគរយ​ប៉ុណ្ណោះ នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​និរន្តរភាព​ហិរញ្ញវត្ថុ សម្រាប់​គ្រប់គ្រង​តំបន់​ការពារ​។ 
 
​លោក ម៉ៃ​ឃើ​ល ប​ល​ស៊ើ (Michael Baltzer) ប្រធាន​ក្រុម​កម្មវិធី WWF Tigers Alive បាន​មានប្រសាសន៍ថា​៖«​មាន​តំបន់​ការពារ​ជាច្រើន​ខ្វះខាត​បុគ្គលិក​ល្បាត​។ តាម​ប្លុក​អគារ​ទូទៅ នៅក្នុង​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ី មាន​កងសន្តិសុខ​ច្រើន ជាង​ចំនួន​ឧ​ទ្យា​នុ​រក្ស ក្នុង​តំបន់​ការពារ​នានា​។ ការដាក់ទុន​ថវិកា ជា​តម្រូវការ​ប្រញាប់​បំផុត ជាពិសេស​សម្រាប់​តប​ន់​អាស៊ីអាគ្នេយ៍ ដើម្បី​គាំទ្រ​នូវ​ការស្តារ​ចំនួន​សត្វ​ខ្លាធំ​ឡើងវិញ ក្នុង​តំបន់​ការពារ​ទាំងនេះ​»​។​
 
​ការដោះស្រាយ​កង្វះខាត​ការដាក់ទុន នៅតែ​ជា​កិច្ចការ​ចំ​បាច់​មួយ ក្នុងចំណោម​កិច្ចការ​ចាំបាច់​នានា ដើម្បី​ធានា​ដល់​អនាគត ប្រភេទ​សត្វ​ខ្លា​ទាំងនេះ និង​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​សម្រាប់​មនុស្ស និង​ធម្មជាតិ ដែល​ទទួលបាន​នៅពេលដែល​ចំនួន​សត្វ​ខ្លា​ទាំងនេះ​កើនឡើង​។​
 
​ចុះផ្សាយ​មុនពេល​ទិវា​សត្វព្រៃ​សកល (World Wildlife Day) ថ្ងៃទី​៣ ខែមីនា ស្រប​ពេលដែល​ទិវា​សត្វព្រៃ​សកល​ឆ្នាំនេះ អំពាវនាវ​ឲ្យ​មានការ​ការពារ​ប្រភេទ​សត្វ​ខ្លា​នានា របាយការណ៍​សិក្សា​ស្រាវជ្រាវ​នេះ មាន​តួនាទី​ក្នុងការ​ដាស់តឿន ខណៈដែល​មាន​តម្រូវការ​ការពារ​ជម្រក​ប្រភេទ​សត្វ​ខ្លា​នានា និង​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន ដើម្បី​ធានា​ឲ្យ​បាន​នូវ​កិច្ចការពារ និង​ស្តារឡើងវិញ​នៃ​ប្រភេទ​សត្វ​ខ្លាធំ​៕
 
 

Tag:
 ខ្លាធំ​
 ​ តំបន់​ការពារ​
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com