ជាតិ
សម្តេចព្រះ​វររាជ​មាតា​៖ ស្ត្រី​ជា​សមាជិក​ដ៏​មានតម្លៃ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​
08, Mar 2018 , 11:06 am        
រូបភាព
សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ។ រូបថត AFP
សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ។ រូបថត AFP
ដោយ: ថ្មីៗ
​នាឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៧​នៃ​ទិវា​នារី​អន្តរជាតិ ៨​មីនា សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចេញ​ព្រះរាជសារ​អបអរសាទរ ដោយ​ព្រះអង្គ​បានបង្ហាញ​ពី​ព្រះរាជ​ទ័យ​គាំទ្រ​លើ​ប្រធានបទ​ស្តីពី «​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​។ យោងតាម​ព្រះរាជចំណារ ប្រធានបទ​នេះ បានធ្វើ​ឲ្យ​នឹកឃើញ​ឡើងវិញ​ពី​សម័យ​សង្គមរាស្ត្រនិយម​ដ៏​រុងរឿង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​រប​ស់​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ​។​



​តាមរយៈ​ព្រះរាជសារ សម្តេចព្រះ​រាជមាតា បាន​កត់សម្គាល់ថា​៖ «​ស្ត្រី​មានឱកាស​សិក្សា​រៀនសូត្រ បង្កើន​ចំណេះដឹង និង​ជំនាញ​ជ្រៅជ្រះ សម្រាប់​យកទៅ​ប្រកបការងារ និង​មាន​មុខរបរ​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​»​។

​ក្រៅពី​ការកោតសរសើ ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល សម្តេចព្រះរ​រ​រាជមាតា បាន​កោតសរសើ​ចំពោះ​ការរួមចំណែក​របស់​ស​ម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​ក្រសួង ជាពិសេស​ក្រសួង​កិច្ចការនារី ស្ថាប័ន​ផ្នែក​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដែល​រួមគ្នា​លើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​ស្ត្រី​បានទទួល​កិច្ចការពារ​សិទ្ធិ និង​ផលប្រយោជន៍ ។​

«​ខ្ញុំ​សូម​គាំទ្រ​ការផ្តល់​កាលានុវត្តភាព​ឲ្យ​ស្ត្រី​បាន​កសាង និង​អភិវឌ្ឍន៍​សមត្ថភាព ក៏ដូចជា​បានរួម​ចំណែក​ក្នុង​គ្រប់​ការងារ គ្រប់​វិស័យ​ប្រកបដោយ​សមធម៌​»​។ នេះ​បើតាម​ព្រះរាជចំណារ​របស់​សម្តេច​ម៉ែ ដោយ​ព្រះអង្គ​សង្ឃឹមថា នឹងមាន​កិច្ចប្រឹងប្រែង​បន្តទៀត ក្នុងការ​លើកកម្ពស់​តួនាទី​ស្ត្រី​ជា​សមាជិក​ដ៏​មានតម្លៃ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​៕


Tag:
 សម្តេច​វររាជ​មាតា​
  សិទ្ធិនារី​
  IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com