ជាតិ
សម្តេច ស ខេង ថា ការតែងតាំង​មន្ត្រី​សក្តិ​១ ឲ្យ​ឡើងជា​អនុប្រធាននាយកដ្ឋាន គឺ​មិន​ខុសច្បាប់​ឡើយ​
09, Mar 2018 , 10:39 pm        
រូបភាព
ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៧។ រូបពីក្រសួងមហាផ្ទៃ
ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៧។ រូបពីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​លោក គិ​ន សុ​លី​តា ដែលមាន​ឋានៈ​ត្រឹម​ជា​អនុសេនីយ៍ត្រី (​សក្តិ​១) ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្នុង​ក្រសួងមហាផ្ទៃ​។ ការតែងតាំង​លោក គិ​ន សុ​លី​តា ធ្វើឡើង​តាមរយៈ​ប្រកាស ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាំងពី​ចុងខែ​មករា ឆ្នាំ​២0១៨ មកម្ល៉េះ​។ ប៉ុន្តែ​ប្រកាស​នៃ​ការតែងតាំង​នេះ ទើបនឹង​បែកធ្លាយ​។



​ការតែងតាំង​លោក គិ​ន សុ​លី​តា ដែល​ពាក់​ត្រឹម​សក្តិ​១ ឲ្យ​ឡើងកាន់តំណែង​រហូតដល់​អនុប្រធាននាយកដ្ឋាន បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សាធារណជន​មួយចំនួន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ យ៉ាងណាក៏ដោយ សម្តេច ស ខេង បាន​អះអាងថា ការតែងតាំង​នេះ មិនមាន​អ្វីដែល​ខុសឆ្គង​ពី​ក្រឹត្យក្រម​នៃ​ច្បាប់​ឡើយ​។ 

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ថា​មិនសូវ​ទំនង ទើប​សម​បន្តិច​។ តែ​វា មិនមាន​បញ្ហា​អ្វី​ទេ ព្រោះ​ជា​ករណី​ចាំបាច់​។ មិនតែប៉ុណ្ណោះ វា អាស្រ័យទៅលើ​ចំណេះដឹង និង​ជំនាញ ដែល​គេ​អាចធ្វើ​បាន ទើប​មានការ​ស្នើសុំ​បែបនេះ​។ ដូច្នេះ សូម​អស់លោក​មេត្តា​ជ្រាប និង​កុំ​ភាន់ច្រឡំ​ទៀត​»​។​

​ការបកស្រាយ​របស់​ស​ម្តេច ស ខេង ខាងលើ គឺធ្វើឡើង​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​លើក​ទី​១០៧ ដែល​រៀបចំឡើង​នៅ​ក្រសួងមហាផ្ទៃ​។ ប្រសាសន៍​របស់​សម្តេច ស ខេង ត្រូវបាន​ស្រង់​យកទៅ​ចុះផ្សាយ​ក្នុង​គេហទំព័រ​បស់​ក្រសួងមហាផ្ទៃ​។

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បំភ្លឺថា លោក គិ​ន សុ​លី​តា ត្រូវបាន​ផ្តល់​តែ​តំណែង​ជា​អនុប្រធាននាយកដ្ឋាន​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូបនេះ បន្តថា ចំណែក​សក្តិ​វិញ មិនត្រូវ​បាន​ដំឡើង​បន្ថែម​ជូន​លោក គិ​ន សុ​លី​តា ឡើយ​។ លោក ពន្យល់​បែបនេះ​ថា​៖«​គាត់ [​លោក គិ​ន សុ​លី​តា​] ពាក់​សក្តិ​១ នៅតែ​សក្តិ​១​ដដែល​ទេ​។ គ្រាន់តែ​គាត់ ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​។ មិនមែន​សក្តិ​១ ធ្វើជា​អនុប្រធាននាយកដ្ឋាន​មិនបាន​ឯណា​។ សំខាន់ គេ​មាន​ជំនាញ​និង​ចំណេះដឹង​ខ្ពស់ ហើយ​អាចធ្វើ​ការងារ​ហ្នឹង​បាន​»​។​

​អ្នក​ដែល​សរសេរ​លិខិតស្នើ​សុំ​ឲ្យ​សម្តេច ស ខេង តែងតាំង​លោក គិ​ន សុ​លី​តា គឺ​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ តាមរយៈ​លិខិត​នោះ លោក ព្រំ សុខា បាន​លើក​ពី​គុណសម្បត្តិ​របស់លោក គិ​ន សុ​លី​តា ប្រាប់​ទៅ​សម្តេច ស ខេង យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​សាមីខ្លួន ខិតខំ​បំពេញការងារ និង​រៀនសូត្រ​ទទួលបាន​សញ្ញា​ប​ត្រ​ពី​អាមេរិក និង​ដើម្បី​លើកទឹកចិត្ត ខ្ញុំ សូម​ស្នើសុំ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​ក្រឡាហោម [​ស ខេង​] តែងតាំង​លោក គិ​ន សុ​លី​តា  ជា​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​បច្ចេកវិទ្យា​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដោយ​អនុគ្រោះ​»​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Swift News លោក គិ​ន សុ​លី​តា ទើបនឹង​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួងមហាផ្ទៃ បានតែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​៕


Tag:
 ស ខេង​
  គិ​ន សុ​លី​តា
© រក្សាសិទ្ធិដោយ thmeythmey.com