ជាតិ
សម្តេច ហ៊ុន សែន ចូលរួម​បើក​ពិធីបុណ្យ​ទន្លេ​នៅ​ក្រុង​តាខ្មៅ​ល្ងាច​នេះ​
10, Mar 2018 , 12:25 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា នឹងចូលរួម​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ល្ងាច​ថ្ងៃទី​១០ ខែមីនា​នេះ​។  បុណ្យ​ទន្លេ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ​សន្តិភាព មិត្តភាព និរន្តរភាព​ទេសចរណ៍​» ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១១ ខែមីនា ឆ្នាំ​២០១៨​។​

 
​ទោះបី​បុណ្យ​ទន្លេ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ព្រឹ​ត្ត​ទៅ​អស់​រយៈពេល​១​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​មិនទាន់​រៀបចំ​កម្មវិធី​បើក​ជា​ផ្លូវការ​នៅឡើយ​ទេ​។  ពិធីបុណ្យ​ទន្លេ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទន្លេ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​» នឹង​រៀបចំ​ពិធី​បើក​ដំណើរការ​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​២​នៃ​ពិធីបុណ្យ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នឹងចូលរួម​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ នៅ​ខេត្តកណ្តាល នា​ល្ងាច​នេះ​។ ក្នុង​ពិធី​បើក​នេះ នឹងមាន​ការសម្តែងរ​បាំ​របស់​ក្រុម​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ការ​ដង្ហែ​ក្បួនព្យុហយាត្រា​ផលិតផល និង​វិស័យ​សក្តានុពល​របស់​ខេត្តកណ្តាល​។  លើសពីនេះ មានការ​ដង្ហែ​ក្បួន​របស់​ក្រុម​កីឡាករ​-​កីឡាការិនី ដែល​បាន​ចូលរួម​ប្រកួត និង​សម្តែង ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំនេះ​ផងដែរ​។​
 
​លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC រំពឹងថា បុណ្យ​ឆ្នាំនេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង​១​លាន​នាក់​។ អនុរដ្ឋលេខាធិការ​រូបនេះ អះអាងថា គ្រាន់តែ​១​ព្រឹក​ថ្ងៃ​ដំបូង ពិធីបុណ្យ​នេះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ប្រមាណ​ជា​១​ម៉ឺន​នាក់ ដោយ​មិនទាន់​រាប់បញ្ចូល​នៅពេល​យប់​។ 


 ទិដ្ឋភាព​ពិធីក្រុង​ពលី​នៃ​ពិធី​បុណ្យ​ទន្លេលើក​ទី៤ កាល​ពីថ្ងៃ​ទី៨ មីនា ឆ្នាំ២០១៨

​មិន​ខុសពី​ឆ្នាំមុនៗ​ឡើយ បុណ្យ​ទន្លេ​ឆ្នាំនេះ ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​។ ពិធីបុណ្យ​ទន្លេ​លើក​ទី លើក​ទី​១ រៀបចំ​នៅ​ខេត្តក្រចេះ លើក​ទី​២ នៅ​ខេត្តកំពង់ចាម និង​លើក​ទី​៣ នៅ​ខេត្តស្ទឹងត្រែង​។​
 
​ពិធីបុណ្យ​ទន្លេ​ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នឹង​រៀបចំ​នៅ​គ្រប់​បណ្តា​ខេត្ត​ដែលមាន​ទីតាំង​ជាប់​នឹង​ទន្លេមេគង្គ បាសាក់ និង​ទន្លេសាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​តំបន់​ទេសណ៍​តាម​ខេត្ត ប្រទេស​កម្ពុជា ជាពិសេស បញ្ជ្រាប​ការយល់ដឹង ពី​ការបម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍ និង​ការការពារ​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​៕  

Tag:
 បុណ្យ​ទន្លេ​
  វ៉ា​ត់ ចំរើន​
  ហ៊ុន សែន​
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com