អន្តរជាតិ
ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រទេស​តំបន់​អាស៊ាន​ប្រាំ
11, Mar 2018 , 9:19 pm        
រូបភាព
ដោយ:
​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein នៅ​ថ្ងៃ​៧ មីនា​កន្លងទៅ បាន​ថ្លែង​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អំពី​បច្ចុប្បន្នភាព​នៃ​ក្តីបារម្ភ​សិទ្ធិមនុស្ស​ជារួម ។ តាមរយៈ​វេទិកា​នោះ លោក​ឧ​ត្ត​ម​ស្នងការ ក៏បាន​លើកយក​បញ្ហា​សិទ្ធិមនុស្ស​របស់​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ដើម្បី​សុំ​គោលការណ៍​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​សម្រាប់​ចាត់វិធានការ​បន្ទាប់​ផងដែរ ។​


​នា​កិច្ចប្រជុំ​លើក​ទី​៣៧ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​លើកយក​បញ្ហា ដែលជា​ក្តីបារម្ភ​សិទ្ធិមនុស្ស​របស់​ប្រទេស​អាស៊ាន​ចំនួន ៥ រួមមាន មី​យ៉ាន់​ម៉ា កម្ពុជា ហ្វីលីពីន ថៃ និង ឥណ្ឌូណេស៊ី ក្នុងចំណោម​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​ផ្សេងទៀត ដែល​បាន​កើតឡើង​ទូទាំង​ពិភពលោក​ទៅកាន់​អង្គប្រជុំ​ដើម្បី​ពិចារណា និង​រក​ដំណោះស្រាយ​បន្ទាប់ ។​
 
​សម្រាប់​បញ្ហា​សិទ្ធិមនុស្ស​របស់​មី​យ៉ាន់​ម៉ា ដែល​លោក​ឧ​ត្ត​ម​ស្នងការ បានលើកឡើង គ្មានអ្វី​ក្រៅពី វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នោះទេ ។ ប្រមុខ​សិទ្ធិមនុស្ស បាន​លើកឡើងថា ខណៈ​វិបត្តិ​ជនភៀសខ្លួន នៅ​មិនទាន់​រក​ដំណោះស្រាយ​បាន​ផង បញ្ហា​ថ្មី បន្ថែម​បានកើត​ឡើង ។ នោះ​គឺ រដ្ឋ Rakhine ទំនងជា​លែងមាន​ប្រជាជន​ជន​ម៉ូ​ស្លី​ម​រស់នៅ​ទៀតហើយ ដែល​នេះ ហាក់ដូចជា​ការរៀបចំ​ការ​ផែនការ​ជា​ប្រព័ន្ធ​ពី​អាជ្ញាធរ​ដើម្បី​ឲ្យ​ប្រជាជន​ទាំងនោះ​ចាកចេញ ។ លោក ចង់ឃើញ​ពួកគេ​ទទួលបាន​ការទទួលស្គាល់​ជា​ប្រជាជន​ស្របច្បាប់​របស់​មី​យ៉ាន់​ម៉ា ។ 
 
​ដោយឡែក​សម្រាប់​ថៃ​វិញ លោក​ឧ​ត្ត​ម​ស្នងការ តាមរយៈ​របាយការណ៍​របស់​មន្ត្រី​ជំនាញ​របស់លោក នៅតែ​មើលមិនឃើញ​ពី​សេរីភាព​នៃ​ការបញ្ចេញមតិ ខណៈដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ អូ​ចា តែងតែ​អះអាង​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​ប្រទេស​ទៅជា​ប្រទេស​ថៃ​ឲ្យ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ​ថ្មី ក្រោយ​នៃ​ការដឹកនាំ​រដ្ឋប្រហារ​ទ​ម្លា​ក់​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ស៊ីណា​វ៉ា​ត់​នៅ​ឆ្នាំ​២០១៤​របស់លោក ។ 
 
​នៅពេល​និយាយ​ដល់​ស្ថានភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា លោក​ឧ​ត្ត​ម​ស្នង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ បានកត់សម្គាល់ និង​ស្វាគមន៍ ចំពោះ​ភាពល្អប្រសើរ​ចុងក្រោយ​នៅក្នុង​វិស័យ​នៃ​សន្តិសុខ​សង្គម និង​ប្រាក់​ឈ្នួល​អ​ប្បរមា ក៏ប៉ុន្តែ​ខ្ញុំ សូម​ទទូច​ឲ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​បាន​សិទ្ធិ​នយោបាយ​របស់​ប្រជាជន ,​គោរព​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ , ការប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​តួអង្គ​នយោបាយ​» ។ 
 
​ប្រមុខ​សិទ្ធិមនុស្ស​រូបនេះ បាន​ថ្លែង​ពី​ប្រទេស​អាស៊ាន​ទាំង​ប៉ុន្មាន​នេះហើយ ក៏​បន្ត​លើក​ពី​ក្តីបារម្ភ​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៃ​ហ្វីលីពីន និង​ភាពផុយស្រួយ នៃ​សិទ្ធិ​ជំនឿ​របស់​ជនជាតិភាគតិច​នៅ​ឥណ្ឌូណេស៊ី ៕ 

Tag:
 សិទ្ធិមនុស្ស​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com