អន្តរជាតិ
កសិករ​ឥណ្ឌា​រាប់ពាន់នាក់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​បំណុល​កសិកម្ម
12, Mar 2018 , 4:05 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១២ ខែមីនា កសិករ​ឥណ្ឌា​រាប់ពាន់នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីក្រុង​មុម​បៃ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល នៃ​រដ្ឋ​មហា​រា​ស្ត្រា ខណៈ​ពួកគេ​ជួប​បញ្ហា​ធ្ងន់ធ្ងរ ដូចជា​មិនអាច​ប្រមូល​ផល​បាន ខ្វះខាត​ដី ឯ​ផលិតផល​កសិកម្ម​ក៏​ធ្លាក់​ថ្លៃ​ទៅទៀត​។ ក្រុមបាតុករ​អះអាងថា អាជ្ញាធរ​តំបន់ មិនបាន​ជួយ​ពួកគេ​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ ទោះជា​បី​រដ្ឋាភិបាល​នៃ​រដ្ឋ​ភាគ​ខាងលិច​មួយ​នេះ បាន​ចាត់វិធានការ​ឆ្លើយតប​បញ្ហា​របស់​កសិករ​ក្ដី​។​



​កសិករ​ជនជាតិ​ឥណ្ឌា បានធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​រដ្ឋាភិបាល​រដ្ឋ​មហា​រា​ស្រា្ត ផ្ដល់​ការគាំទ្រ​បន្ថែមទៀត​ឲ្យ​ពួកគេ ដើម្បី​ដោះស្រាយ​បញ្ហា​កសិកម្ម​។ ក្រុមបាតុករ​រាប់ពាន់នាក់ បានធ្វើ​ដំណើរ​ថ្មើរជើង លើ​ចម្ងាយ​ផ្លូវ​១៨០​គីឡូម៉ែត្រ ពី​ទីក្រុង Nashik ទៅកាន់​ទីក្រុង មុម​បៃ រដ្ឋធានី នៃ​រដ្ឋ​មហា​រា​ស្ត្រា និង​បាន​ប្រមូល​ផ្ដុំគ្នា​ខាងមុខ​អគារ​សភា ប្រចាំ​រដ្ឋ​ភាគ​ខាងលិច​នេះ ព្រោះ​សមាជិកសភា​របស់​រដ្ឋ​នេះ កំពុង​ពិភាក្សា​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​ថ្មី​។ 

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ក្រុមបាតុករ​បាន​ពាក់មួក​ក្រហម គ្រវី​ទង់​កុម្មុយនីស្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ជួយ​ពួកគេ​ជាបន្ទាន់​។ កសិករ​ឥណ្ឌា​ទាំងនោះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​លុបចោល​បំណុល​កសិកម្ម ព្រោះ​ភ្លៀង​ខុសរដូវ បាន​បំផ្លាញ​កសិផល​ខ្ទេចខ្ទី ដំឡើងថ្លៃ​ធញ្ញជាតិ និង​ទឹកដោះគោ ផ្ទេរ​ដី​ទៅ​ឲ្យ​ជនជាតិភាគតិច ព្រមទាំង​បង្កើន​ការគាំទ្រ​ឲ្យ​កសិករ​ជាដើម​។ នេះ​ជា​បាតុកម្ម​លើក​ទី​ពីរ ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​នោះ​។​

​លោក Ajit Nawale អ្នករៀបចំ​បាតុកម្ម​នេះ​និយាយថា រដ្ឋាភិបាល​ជួប​ជជែក​ជាមួយ​ក្រុមបាតុករ​ហើយ តែ​បាតុកម្ម នឹង​នៅតែ​បន្តទៀត រហូត​អាជ្ញាធរ​ស​សេរ​លិខិតបញ្ជាក់ ពី​ការយល់ព្រម​តាម​ការទាមទារ​។ បាតុកម្ម​បែបនេះ បាន​ក្លាយជា​សម្ពាធ​ខ្លាំង លើ​រដ្ឋាភិបាល​តំបន់ ដែល​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី ណា​រិ​ន្ទ្រា ម៉ូ​ឌី ដែល​បាន​សន្យាថា ជួយ​បង្កើន​ប្រាក់ចំណូល​កសិករ ឲ្យ​បាន​ទ្វេដង​នៅ​រយៈពេល​៥​ឆ្នាំ​។​

​ទោះជា​បញ្ហា​នេះ មិនទាន់​ប៉ះពាល់​ដល់​ប្រជាប្រិយភាព លោក ម៉ូ​ឌី ក្ដី ថ្នាក់ដឹកនាំ​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់អំណាច ប្រឈមមុខ​បញ្ហា​ឈឺក្បាល​យ៉ាងខ្លាំង​។ ដំណោះស្រាយ​ដែល​មិន​សមស្រប ឬ​មិនអាច​បំពេញចិត្ត​កសិករ​បាន ទំនងជា​បង្កបញ្ហា​ខ្លាំង សម្រាប់​រដ្ឋាភិបាលកណ្ដាល​របស់លោក ម៉ូ​ឌី នាពេលខាងមុខ​។​

​តាមពិតទៅ រដ្ឋាភិបាល​នៃ​រដ្ឋ​មហា​រា​ស្ត្រា បាន​ចាត់វិធានការ​រួចហើយ​ដែរ ដើម្បី​ជួយ​កសិករ​។ នៅ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​បានប្រកាស​លុបចោល​បំណុល​របស់​កសិករ ដែលមាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​៥,២៣​ពាន់​លាន​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​មេដឹកនាំ​បាតុករ​អះអាងថា ការលុបចោល​បំណុល​នេះ មិនបាន​ផ្ដល់​ប្រយោជន៍​ដល់​កសិករ​ជួប​បញ្ហា​ពិតប្រាកដ​ឡើយ​។ លើសពីនោះ អាជ្ញាធរ​តំបន់ ក៏បាន​ផ្ទេរប្រាក់​ជាច្រើន​លាន​ដុល្លារ ទៅ​ជួយ​កសិក​រងគ្រោះ​ដែរ​៕


Tag:
 ឥណ្ឌា​
  កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com