អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​, ប្រឆាំង​ភេរវកម្ម​, កូរ៉េខាងជើង​..​នឹងត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី​
15, Mar 2018 , 4:17 pm        
រូបភាព
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នឹង​អាច​ត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី​នៅ​ចុង​សប្តាហ៍​នេះ ហើយ​កិច្ចប្រជុំ​នេះ​អាច​នឹង​បញ្ចប់ទៅ​ដោយមាន​ការចេញ​សេចក្តីថ្លែងការណ៍​រួម​បង្ហាញ​ជំហរ​ឆ្លើយតប​នឹង​សកម្មភាព​បង្ក​របស់​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។



​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​ខាងមុខនេះ​ដោយមាន​វត្តមាន​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ប្រាំបួន​ចូលរួម​ជាមួយ​នាយករ​ដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល ផងដែរ​។ គេ​រំពឹងថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​ក្នុង​បញ្ហា​ក្នុង​កិច្ចប្រជុំ​ពិសេស​នេះដែរ​។​

​យោងតាម​សារព័ត៌មាន The Australian មន្ត្រី​អូស្ត្រាលី​បាន​ទទួលស្គាល់ថា​ប្រធានបទ​ជម្លោះ​នេះ​ពិតជា​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​មែន ហើយនឹង​អាចមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែរ​។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​បង្ហើប​ទេ​ថា ភាសា​ដែល​គេ​ប្រើប្រាស់​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ខ្លាំង​ប៉ុណ្ណា​នោះ​។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​នោះ​អាច​នឹងមាន​ការលើកឡើង​ពី​សេរីភាព​នាវាចរណ៍ ការដោះស្រាយ​ជម្លោះ​តាមច្បាប់​អន្តរជាតិ និង​ការសន្ទនា ក៏ដូចជា​ការគាំទ្រ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc អញ្ជើញ​ទៅដល់​ទឹកដី​អូស្ត្រាលី​មុនគេ​នោះ បាន​ថ្លែងថា​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​អាច​នៅតែ​បញ្ហា​ក្តៅ និង​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ផង​។ ក្រោ​ពីនេះ​លោក​បន្ថែមថា វា​មាន​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ផង ហើយ​បញ្ហា​ទាំងនេះ​ជា​រឿង​ស្មុគស្មាញ​សម្រាប់​ការដោះស្រាយ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​៖«​វា​នៅតែមាន​សញ្ញា​ដែលថា​ភាព​តានតឹង​នឹង​កើនឡើង​នៅក្នុង​ការវិវត្ត​នៃ​ស្ថាន​ការ​ជម្លោះ​កូរ៉េ  បញ្ហា​សមុទ្រ​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​។ គ្មាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ម្នាក់ឯង​បានឡើយ​។ សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ពឹងផ្អែក​សំខាន់​លើ​តួនាទី និង ភាព​ដែល​គួរ​ឲ្យ​ទុកចិត្ត​របស់​សហគមន៍​អាស៊ាន​តែម្តង​»​។​

​យ៉ាងណាក៏ដោយ នៅពេល​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំមុន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិនសូវ​តានតឹង​ខ្លាំង​ប៉ុន្មាន​ទេ ហើយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​មិន​ត្រូវបាន​គេ​លើ​កម​កដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​ចិន​ចំៗ​ឡើយ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ គ្មាន​វត្តមាន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មេដឹកនាំ​ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​មួយ​នៃ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ដោយសារ​លោក​មានធុរៈ​ត្រូវ​ដោះស្រាយ​នៅក្នុង​ប្រទេស​។ ប៉ុន្តែ​គេ​យល់ថា វា​ទាក់ទង​នឹង​សម្ពាធ ក៏ដូចជា​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​សង្គ្រាម​គ្រឿងញៀន​របស់លោក នោះ​ទៅវិញ​ទៅ​។​

​ដោយឡែក ក្រៅពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មេដឹកនាំ​អូស្ត្រាលី នឹង​ឆ្លៀតឱកាស​ជំរុញ​ឲ្យ​បណ្តា​រដ្ឋ​អាស៊ាន​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ ដោយសារ​អូស្ត្រាលី​បារម្ភ​ថា បណ្តា​រដ្ឋ​អាស៊ាន​មួយចំនួន​អាច​នឹង​បន្ធូរបន្ថយ​សម្ពាធ ក្រោយ​កូរ៉េខាងជើង​ចាប់ផ្តើម​ស្តារ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង និង​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ផង​។

​លើសពីនេះទៅទៀត អូស្ត្រាលី ក៏​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​អាស៊ាន​ដើម្បី​ប្រឆាំង​ភេរវកម្ម​និង​ចលនា​ជ្រុលនិយម​តំបន់ ក៏ដូចជា​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​រវាង​រដ្ឋ​អាស៊ាន និង​ហ្វីលីពីន​ផងដែរ​។ អូស្ត្រាលី​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ដើម្បី​ប្រឆាំង​ភេរវកម្ម ស្រប​ពេលដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហកំ​ពុង​រក​ឱកាស​កសាង​កម្លាំង​រប​ស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ាន​នោះ​៕


Tag:
 ​អូស្ត្រាលី​
  អាស៊ាន​
  ប្រឆាំង​ភេរវកម្ម​
  ម៉ា​ល់​ខុម ធើ​ន​ប៊ូល
© រក្សាសិទ្ធិដោយ thmeythmey.com