ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​និង​សកម្មជន​បក្សប្រឆាំង ដែល​ជាប់ឃុំ ស្នើសុំ​ការលើកលែងទោស ក្នុងឱកាស​ចូលឆ្នាំ​
05, Apr 2018 , 3:34 pm        
រូបភាព
លោក ម៉ៅ មុន្នីវណ្ណ និងលោក អ៊ូ ច័ន្ទរ័ត្ន ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយចាកចេញពីសួរសុខទុក្ខសហការី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស
លោក ម៉ៅ មុន្នីវណ្ណ និងលោក អ៊ូ ច័ន្ទរ័ត្ន ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយចាកចេញពីសួរសុខទុក្ខសហការី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា​មាន​ជំនាញ​ខ្ពស់​ផ្នែក​ព្រំដែន រួមទាំង​សកម្មជន​ជាង​១0​ផ្សេងទៀត បាន​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ពិចារណា ក្នុងការ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ប្រោស​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកគេ ឲ្យ​រួច​ផុតពី​ពន្ធនាគារ​។ សំណើ​របស់​ពួកគេ បាន​ផ្ញាំ​ផ្ញើ​តាម​អតីត​តំណាងរាស្ត្រ​ដូចគ្នា ដែល​បាន​ចូលទៅ​សួរសុខទុក្ខ ដល់​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។



​ក្រោយ​ចាក​ចេញពី​ពន្ធនាគារ​ព្រៃ​ស លោក ម៉ៅ មុន្នី​វណ្ណ បាន​ប្រាប់​អ្នក​កាសែត​ថា ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ អ្នក​ជាប់ឃុំ​ទាំងនោះ គួរតែ​ទទួលបាន​ការលើកលែង​ទោស ដើម្បី​បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ​។ លោក បន្តថា ក្នុងចំណោម​អ្នក​ជាប់ឃុំ​ទាំងនោះ មាន​អ្នកខ្លះ ជាប់ឃុំ​បាន ២​ភាគបី​ហើយ ដែល​អាច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ ប្រោស​ព្រះរាជទាន​លើកលែងទោស​។

​លោក ម៉ៅ មុន្នី​វណ្ណ និយាយ​ដូច្នេះ​ថា​៖«​ពួកគាត់ ចង់ទៅ​ជួបជុំ ចង់​បីបាច់​ថែរក្សា​ប្រពន្ធ​កូន​របស់​ពួកគាត់​វិញ​។ វា ជា​អំពើ​មនុស្សធម៌​មួយ ដែល​ប្រមុខ​រដ្ឋាភិបាល តែង​ធ្វើ​រឿងនេះ​»​។

​អតីត​តំណាងរាស្ត្រ​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួមមាន​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក ម៉ៅ មុន្នី​វណ្ណ និង​លោក កង គឹម​ហាក់ ត្រូវបាន​អនុញ្ញាត ឲ្យ​ចូលជួប​អ្នក​ជាប់ឃុំ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២0១៨​នេះ​។ ប៉ុន្តែ អ្នក​ទាំងបី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជួប​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នោះទេ​។ មូលហេតុ គឺ​ដោយសា​តែ​លោក មា​ជ សុវណ្ណារ៉ា បាន​លួច​ប្រើ​ទូរ​សព្ទ ដែល​មន្ត្រី​ពន្ធនាគារ ចាត់ទុកថា​ខុស​នឹង​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ​។

​លោក មា​ជ សុវណ្ណារ៉ា រួមទាំង​សកម្មជន​បក្សប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​គារ ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ​។ តុលាការ បាន​ចោទ​ពួកគេ​ថា បាន​ចូលរួម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។​

​រីឯ លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ កាត់ទោស​ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ទាក់ទង​នឹង​ការរិះគន់​ពី​បញ្ហា​ព្រំដែន កាលពី​អំឡុង ខែតុលា ឆ្នាំ​២០១៦​។ 

​យ៉ាងណាក៏ដោយ សំណើ​របស់​ពួកគេ ដែល​ចង់​ឲ្យ​មានការ​លើកលែងទោស ទំនងជា​ពិបាក​នឹងធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល យកទៅ​ពិចារណា​ណាស់​។ ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យ៉ាង​ដាច់​ណាត់​ថា នឹងមិន​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកគេ​ឡើយ។  

​ប្រមុខ​រដ្ឋាភិបាល ធ្លាប់​លើកឡើងថា ការមិន​លើកលែងទោស​ដល់​អ្នកជា​ប់​ឃុំ​ទាំងនោះ គឺ​ដោយសារតែ​ទង្វើ​របស់លោក សម រង្ស៊ី  រួមទាំង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស មាន​លក្ខណៈ​ជ្រុល​ហួសហេតុ​។

​ចាប់តាំងពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល លោក សម រង្ស៊ី រួមទាំង​សហការី​របស់លោក បានរួម​គ្នា​ធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ក្លា ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​មកលើរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ពួកគេ បាន​ទិតៀន​រដ្ឋាភិបាល​កម្ពុជា ស្ទើរតែគ្រប់ពេល ដោយ​សំដៅ​មកកាន់​សម្តេច ហ៊ុន សែន ខ្លាំងជាងគេ​។

​ប៉ុន្តែ មកដល់ពេលនេះ ការប្រឹងប្រែង​របស់​ក្រុមប្រឆាំង ​មិនទាន់​ទទួលបាន​សញ្ញា​វិជ្ជមាន​ណាមួយនៅឡើយ​ទេ ពោលគឺ​លោក កឹម សុខា និង​មន្ត្រី​ផ្សេងៗ នៅតែ​ជាប់ឃុំ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិនទាន់អាច​រស់​ឡើងវិញ ខណៈ​ការបោះឆ្នោត​កាន់​ខិតជិត​មកដល់​។ រដ្ឋាភិបាល ប្រកាស​រួចហើយ​ថា ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ នឹង​ដំណើរការ​តាម​ការគ្រោងទុក ទោះជា​គ្មាន​បក្សប្រឆាំង ក៏ដោយ​៕


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com