អន្តរជាតិ
លោក ត្រាំ ថា ចិន​នឹង​ដក​របាំង​សេដ្ឋកិច្ច​ចេញ ដោយសារ​លោក ស៊ី ជា​មិត្ត​ល្អ​របស់លោក​
09, Apr 2018 , 6:19 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំង (រូបភាព AFP)
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំង (រូបភាព AFP)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៨ ខែមេសា បាន​ផ្ញើ​សារ​បែប​មិត្តភាព​មួយ​ទៅ​ឲ្យ​ចិន ខណៈដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុងតែ​ពុះកញ្ជ្រោល​ចង់​ផ្ទុះ​ទៅហើយ​។ ដោយ​ហៅ​សម​ភាគី​ចិន ស៊ី ជិន​ភីង ជា​មិត្ត​យូរអង្វែង​របស់លោក លោក ត្រាំ អះអាងថា លោក ស៊ី នឹង​ដក​របាំង​ដែល​រាំងស្ទះ​ទំនិញ​អាមេរិក​ចូល​ទីផ្សារ​ចិន​។ លោក ត្រាំ ក៏​ចង់​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​អាមេរិក​ដែរ​។​



​ក្រោយ​ដាក់​ពន្ធ​ដ៏​ច្រើន​លើ​ផលិតផល​ចិន​រហូត​ធ្វើ​ឲ្យ​ចិន​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ​នោះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បែរជា​លើកឡើង​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ទៅវិញ និង​ថា ចិន​នឹង​បោះបង់​របាំង​ពាណិជ្ជកម្ម​មិន​ខាន​។ កន្លងទៅ ចិន​បាន​ព្រមាន​កំដរ​អាមេរិក​រហូត បើ​អាមេរិក​នៅ​បន្ត​ល្បែង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់ខ្លួន​ទៀត​នោះ​។

​តាមរយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ត្រាំ ហាក់​មាន​ជំនឿ​ចិត្ត​ថា ចិន​នឹងមាន​ឥរិយាបថ​ទន់ភ្លន់ បន្ទាប់ពី​ត្រូវ​អាមេរិក​យកពន្ធ​សន្ធឹកសន្ធាប់​។ លោក ត្រាំ ក៏​អះអាងថា លោក​ប្រធានាធិបតី ស៊ី​នឹង​នៅតែ​ជា​មិត្ត​របស់លោក​រហូត ទោះ​ជាមាន​ជម្លោះ​លើ​វិស័យ​ពាណិជ្ជកម្ម​ក៏ដោយ​។ លោក​បន្ថែមថា ចិន​នឹង​ទម្លាក់​របាំង​ពាណិជ្ជកម្ម ព្រោះ​វា​ជា​ត្រឹមត្រូវ​។ លោក ត្រាំ ហាក់​មិន​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ការយកពន្ធ​របស់​ចិន​លើ​ផលិតផល​អាម​រិ​ក​នោះ ដោយ​លើកឡើងថា ការយកពន្ធ​គឺមាន​ទៅ​មានមក​។​


​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុង​សារ​លើ Twitter នៅ​ថ្ងៃទី​៨ ខែមេសា ប្រធានាធិបតី​អាមេរិក​រូបនេះ​បង្ហើប​ថា អាមេរិក​នឹង​ស្វះស្វែង​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​លើ​បញ្ហា​កម្មសិទ្ធិបញ្ញា​។ ជា​ញឹកញយ លោក ត្រាំ បាន​ចោទ​ចិន​ថា លួច​កម្មសិទ្ធិបញ្ញា​អាមេរិក​តាមរយៈ​ការតម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​។ កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​អនាគត​រវាង​មហាអំណាច​ទាំងពីរ នឹងមាន​គោលដៅ​ការពារ​បច្ចេកវិទ្យា​អាមេរិក ឬក៏​ចែង​ពី​ការទិញ​លក់​កម្មសិទ្ធិបញ្ញា​តែម្ដង​។​

​តាមពិតទៅ ចំណាត់ការ​របស់​រដ្ឋ​បាល​លោក ត្រាំ មាន​គោលដៅ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ក្រុង​ប៉េកាំង​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ក្នុងការ​រកស៊ី​ជាមួយ​ចិន និង​ធ្វើយ៉ាងណា​ឲ្យ​ទំនិញ​អាមេរិក​ចូល​ទីផ្សារ​របស់​ចិន​ស្រួល​ជាង​មុន​។ លោក ត្រាំ មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​ជញ្ជីងពាណិជ្ជកម្ម ដែល​ផ្អៀង​ទៅរក​ចិន​ខ្លាំងពេក​។ ទាំង​ឱនភាព​ពាណិជ្ជកម្ម ទាំង​ករណី​កម្មសិទ្ធិបញ្ញា​នេះ អាមេរិក​ត្រូវ​ខាត​បង់លុយ​រាប់រយ​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ចិន​។​

​យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​លោក ត្រាំ មានគំនិត​សុទិដ្ឋិនិយម​ខ្លាំង​លើ​ការចរចា​ជាមួយ​ចិន​ឡើយ​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ណាក៏ដោយ អាមេរិក​ទំនង​ត្រូវ​បញ្ឈប់​ផែនការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ជាង​១៣០០​មុខ ដែលមាន​តម្លៃ​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​សិន​។ បើ​ដូចនេះ ចិន​ក៏​អាច​ផ្អាក​ការតបត​របស់ខ្លួន​លើ​ចំណាត់ការ​យកពន្ធ​រប​ស់​អាមេរិក​ដែរ ហើយ​ស្ថានភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​ក៏​បែរជា​ធូរស្រាល​វិញ​ដែរ​៕


Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com