កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល F រវាង អាល្លឺម៉ង់ ម៉ិ​ក​ស៊ិ​ក ស៊ុយអែត និង​កូរ៉េខាងត្បូង​
17, Apr 2018 , 7:59 am        
រូបភាព
 នៅក្នុង​ពូ​ល F នៃ​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ដែលមាន​វត្តមាន​ក្រុម​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ នឹង​ផ្តល់​ការប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយចំនួន​។ ម្ចាស់​ជើងឯក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​៤​សម័យ ឈរ​នៅ​លេខ​រៀ​តទី​១​ក្នុង​ពូ​ល ហើយក៏​ជា​ក្រុម​ដែល​សង្ឃឹម​ឡើងទៅ​វគ្គ​បន្ត​ច្រើន​ជា​ក្រុម​៣​ទៀត រួមមាន ម៉ិ​ក​ស៊ិ​ក ស៊ុយអែត និង​កូរ៉េខាងត្បូង​។​



​ជំនួប​សំខាន់​សម្រាប់​ពូ​ល F ត្រូវបាន​គេ​ចាត់ទុក​លើ​ការប្រកួត​រវាង​ម៉ិ​ក​ស៊ិ​ក ទល់នឹង​ស៊ុយអែត​នា​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Luzhniki ក្រុង​មូ​ស្គូ​។​ ក្នុងនាម​ម្ចាស់​ការពារ​តំណែង​ជើងឯក World Cup ឆ្នាំ​២០១៤ និង​ជា​ម្ចាស់​ពានរង្វាន់ FIFA Confederations Cup ទៀត​នោះ អាល្លឺម៉ង់​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ឈរលើ​កំពូល​តារាង​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នេះ​។ ដូច្នេះ មានន័យថា​ការប្រកួត​រវាង​ម៉ិ​ក​ស៊ិ​ក និង​ស៊ុយអែត​អាចជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ជាងគេ​បំផុត​ក្នុងការ​ដណ្តើម​កៅអី​ចំណាត់ថ្នាក់​លេខ​២ ដើម្បី​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​កូរ៉េខាងត្បូង​ត្រូវបាន​គេ​គិតថា​ជា​ក្រុម​ខ្សោយ​ជា​គេ​។ 
 
​ប្រវត្តិ​ខ្លះៗ​នៃ​ការជួបគ្នា​រវាង​ក្រុម​ទាំង​៤ ពូ​ល F
- អាល្លឺម៉ង់ និង​ម៉ិ​ក​ស៊ិ​ក​ធ្លាប់​ជួបគ្នា​ម្តង​ដែរ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ពានរង្វាន់ FIFA Confederations Cup កាលពី​ខែមិថុនា ឆ្នាំ​២០១៧​។ កាលនោះ ក្រុម​ឥន្ទ្រី​ដែក​បានទទួល​ជ័យជម្នះ ៤-១ ប៉ុន្តែ​កីឡាករ Marco Fabian របស់​ម៉ិ​ក​ស៊ិ​ក​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ជំនួប​នោះដែរ​។​
 
- ចំនួន​ការប្រកួត​ដែល​មិន​នឹកស្មាន​ដល់​របស់​កូរ៉េខាងត្បូង គឺ​ធ្លាប់​លេង​ទល់នឹង​អាល្លឺម៉ង់​៣​ដង និង​ស៊ុយអែត​៤​លើក ហើយ​អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ​ធ្លាប់​ប៉ះ​ម៉ិ​ក​ស៊ិ​ក​ចំនួន​១២​ដង​ឯណោះ​។ 
 
- ស៊ុយ​អ៊ែត​កំពុង​ប្រឈម​នឹង​ក្រុម​ដែលមាន​កំណត់ត្រា​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ៨​លើក​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក អាល្លឺម៉ង់​។ ប៉ុន្តែ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាច្រើន​ប្រហែលជា​មិន​ចាំ​ទេ​ថា ស៊ុយ​អ៊ែត​ក៏​ជា​អតីត​ក្រុម​ដែល​អាច​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​ដែរ ដែល​កាលនោះ​ពួកគេ​ចាញ់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ៥-២ កាលពី​ឆ្នាំ​១៩៥៨ ក្នុងសម័យ​លោក Pele ។ 
 
១៦ ជា​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុងការ​ប្រកួត​រវាង​ស៊ុយអែត​និង​អាល្លឺម៉ង់​ក្នុងជំនួប​២​ប្រកួត​ប៉ុណ្ណោះ អំឡុង​ការប្រកួត​ជម្រុះ FIFA World Cup ឆ្នាំ ២០១៤​។ ក្រុម​ទាំងពីរ​ស៊ុត​បញ្ចូល​ទី​គ្នា ៤​គ្រាប់​ម្នាក់​ក្នុងការ​ប្រកួត​កាលពី​ខែតុលា ឆ្នាំ​២០១២ មុន​មួយឆ្នាំ​ដែល​អាល្លឺម៉ង់​យកឈ្នះ​ស៊ុយអែត​ក្នុង​លទ្ធផល ៥-៣៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com