អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ ចិន​ប្រឆាំង​អន្តរាគមន៍​យោធា​ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ី​រី​ដាច់ខាត​
20, Apr 2018 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៩ ខែមេសា បានប្រកាស​ជំហរ​របស់​ចិន​ប្រឆាំង​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី ដែល​ក្រុម​បស្ចិមប្រទេស​ចង្អុល​ដាក់​ស៊ី​រី​។ លោក ស៊ី បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​គោរព​អធិបតេយ្យ​របស់​ស៊ី​រី និង​បើក​ការស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ស្វែងរក​ការពិត​លើ​ករណី​វាយប្រហារ​អាវុធ​គីមី​នៅ​ទីក្រុង​ឌូ​ម៉ា (Douma) កាលពីដើម​មេសា​។ ប្រធានាធិបតី​ចិន​លើកឡើង​បែបនេះ​ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​អង់គ្លេស និង​តួ​ក​គី​។​



​ប្រមុខ​ដឹកនាំ​ចិន ស៊ី ជិន​ភីង បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​១៩ ខែមេសា ។ ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី លោក ស៊ី ជិន​ភីង ក៏​លើកឡើង​ពី​វិបត្តិ​ស៊ី​រី និង​ការប្រើប្រាស់​កម្លាំងយោធា​ពី​សំណាក់​អាមេរិក អង់គ្លេស និង​បារាំង​ដើម្បី​ឆ្លើយតប​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ទីក្រុង​ឌូ​ម៉ា ។ លោក ស៊ី បាន​ប្រាប់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ថា បញ្ហា​ត្រូវ​ដោះស្រាយ​តាមច្បាប់​អន្តរជាតិ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក ស៊ី និយាយ​ត្រង់ៗ​ថា ចិន​ប្រឆាំង​ដាច់ខាត​ការប្រើប្រាស់​យោធា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ហើយ​វិបត្តិ​នៅ​ស៊ី​រី​គួរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​តាមរយៈ​ច្បាប់​អន្តរជាតិ​ដែល​ទទួលស្គាល់​ដោយ​ប្រទេស​លើ​ពិភពលោក​។ ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​ទាំងពីរ​នេះ ប្រធានាធិបតី​ចិន ក៏​រំឭក​ពី​សារសំខាន់​ក្នុង​ការគោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ទាំងអស់ បូករួម​ទាំង​ស៊ី​រី​ផង​។​

​ចំពោះ​សំណុំរឿង​ប្រើប្រាស់​អាវុធ​គីមី ដែល​អាមេរិក បារាំង និង​អង់គ្លេស​ចោទ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ លោក ស៊ី បានស្នើ​ឲ្យ​មាន​ស៊ើបអង្កេត​ដោយ​យុត្តិធម៌ គ្រប់​ជ្រុងជ្រោយ និង​មិន​លំអៀង​។ ជាមួយគ្នានេះ ចិន​ក៏​ត្រៀម​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ច្រកចេញ​នៃ​វិបត្តិ​រ៉ាំរ៉ៃ​របស់​ស៊ី​រី និង​ចៀសវាង​ធ្វើ​ឲ្យ​ជម្លោះ​រីក​រាលដាល​ថែមទៀត​។

​តាមពិតទៅ ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី (OPCW) បាន​ទៅដល់​ទឹកដី​ស៊ី​រី​ហើយ​ដើម្បី​ស្វែងរក​ការពិត​លើ​ករណី​ប្រើប្រាស់​អាវុធ​គីមី​នេះ ខណៈដែល​រដ្ឋាភិបាល​ស៊ី​រី​ប្រកាស​ក្ដែ​ងៗ​ថា នឹង​ជួយ​សម្រួល​ក្រុម​ស៊ើបអង្កេត​មួយ​ទំហឹង​តែម្ដង​។ ប៉ុន្តែ​ដំណើរការ​ស៊ើបអង្កេត​មិនទាន់​អាច​ចាប់ផ្ដើម​បានឡើយ ដោយសារ​មានការ​វាយប្រហារ​លើ​ក្រុម​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។​

​ជំហរ​របស់​ចិន គឺ​ស្របគ្នា​នឹង​ជំហរ​របស់​រុស្ស៊ី អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​រដ្ឋាភិបាល​ស៊ី​រី​មួយចំនួនទៀត​។ រុស្ស៊ី​ចាត់ទុក​ករណី​វាយប្រហារ​ដោយ​អាវុធ​គីមី​លើ​ជនស្លូតត្រង់​ស៊ី​រី​ជា​រឿង​មិន​ពិត និង​បាន​ប្រតិបត្តិការ​របស់​មហាអំណាច​បី​ប្រទេស​ជា​ការបំពានច្បាប់​អន្តរជាតិ​។ អាមេរិក អង់គ្លេស និង​បារាំង បើក​យុទ្ធនាការ​មួយ​កម្ទេច​ទីតាំង​អភិវឌ្ឍ​អាវុធ​គីមី​ចំនួន​បី​របស់​ស៊ី​រី​ជាមួយនឹង​មី​ស៊ី​ល​ចំនួន​១០៤​គ្រាប់ ដើម្បី​កម្ទេច​សមត្ថភាព​ប្រើប្រាស់​អាវុធ​គីមី​នៃ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​៕


Tag:
 ចិន​
  អង់គ្លេស​
  តួ​ក​គី​
  ស៊ី ជិន​ភីង​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com