អន្តរជាតិ
លោក គីម ជុង​អ៊ុន លួច​ទៅ​ជួប​លោក ស៊ី ជិន​ភីង ម្ដងទៀត​មុន​ជួប​លោក ត្រាំ​
08, May 2018 , 10:39 pm        
រូបភាព
យន្តហោះដែលគេជឿថា ជារបស់លោក គីម ជុងអ៊ុន ចុះចតនៅព្រលានយន្តហោះ Dalian ប្រទេសចិន
យន្តហោះដែលគេជឿថា ជារបស់លោក គីម ជុងអ៊ុន ចុះចតនៅព្រលានយន្តហោះ Dalian ប្រទេសចិន
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន  បានធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន​ម្ដងទៀត​នៅ​ដើម​សប្ដាហ៍​នេះ និង​​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ទីក្រុង Dalian ខេត្ត Liaoning ផង​។ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាង​តឹងរ៉ឹង​នៅ​ព្រលានយន្តហោះ និង​ផ្ទះសំណាក់​ភ្ញៀវ​រដ្ឋ​នៅក្នុង​ទីក្រុង Dalian។​



 ​ក្រសួងការបរទេស​ចិនបាន​ប្រកាសថា​ លោក គីម ជុងអ៊ុន បានទៅជួបជាមួយលោក ស៊ី ជីនភីង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារនេះ​នៅ​ទីក្រុង Dalian ខេត្ត Liaoning។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង​ KCTV បានប្រកាសថា លោក គីម បានធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួន​ទៅកាន់​ក្រុង Dalian កាលពីថ្ងៃចន្ទ ហើយលោកត្រូវបានទទួល​ស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់​ចិនច្រើន​នាក់ផង។

បើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ក្នុងជំនួបជាមួយលោក គីម លោក ​ស៊ី ជីនភីង បានកោតសរសើរលោកដែលជំរុញកិច្ចសន្ទនាកូរ៉េទាំងពីរ និងមានឆន្ទៈក្នុងការ​កាត់បន្ថយ​ភាពតានតឹង ជាពិសេសការប្តេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វិបកូរ៉េនោះ។ ​យ៉ាងណាក៏ដោយលោក គីម បានបញ្ជាក់់ឡើងវិញដែរថា លោកនឹង​រំសាយអាវុធ​ដរាបណាភាគីពាក់ព័ន្ធបញ្ចប់នយោបាយអរិភាព និងគំរាមកំហែងកូរ៉េខាងជើង​ទៀត។

មុនមានការប្រកាសជាផ្លូវការ​នេះដែរ វាមានការសង្ស័យដែរចំពោះជំនួបមេដឹកនាំកំពូលប្រទេសទាំងពិរនេះ ព្រោះផ្លូវក្នុងក្រុងត្រូវបាន​យាមកាម​យ៉ាង​តឹងរ៉ឹង​បំផុត​ចាប់តាំងពី​ថ្ងៃទី​៧ ខែឧសភា​មក​។ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Dalian សន្តិសុខ​ក៏ត្រូវ​បាន​ពង្រឹង​ដែរ។ ទូរទស្សន៍​ជប៉ុន NHK បានផ្សាយ​ថា ក្បួន​រថយន្ត​ពិសេស​បាន​បើក​ឆ្លងកាត់​វិថី​នានា​ក្នុង​ទីក្រុង ដោយមាន​ប៉ូលិស​ឈរ​យាម​តាមផ្លូវ​ទៀតផង​។ គេ​ក៏ឃើញ​យន្តហោះ​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង Air Koryo បាន​ចុះចត​នៅ​ព្រលានយន្តហោះ Dalian ហើយ​បន្ទាប់មក​គេ​ក៏​ឃើញ​យន្តហោះ​របស់លោក គីម ចុះចត​ក្បែ​នោះដែរ​។​

​ដោយសារតែ​គ្មាន​ការហោះហើរ​រវាង​កូរ៉េខាងជើង និង​ទីក្រុង Dalian នោះ ទើបគេសន្និដ្ឋានថា មន្ត្រីជាន់ខ្ពស់​នៃ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​អាច​ស្ថិតនៅ​ទឹកដី​ចិន​ក្នុង​ទស្សនកិច្ច​កម្រិត​ខ្ពស់​ណាមួយ​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយថា ការរៀបចំ​ពិធីការ និង​ការពង្រឹង​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​ចិន​នៅ Dalian គឺមាន​គោលដៅ​ទទួលភ្ញៀវ​ពិសេស​តែម្ដង ហើយ​លទ្ធភាព​ដែល​លោក គីម ទៅកាន់​ចិន​ពេលនេះ ក៏មាន​ភាគរយ​ខ្ពស់​ដែរ​។​


 តាមពិតទៅ វា​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ទៅកាន់​ទឹកដី​ចិន ដោយ​លើកទីមួយ​ធ្វើឡើង​នៅ​ខែមីនា​។ ជំនួប​នេះ​អាចពាក់ព័ន្ធ​គម្រោង​ជំនួប​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្ដីពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ដែល​អាចធ្វើ​នៅ​ចុងខែ​នេះ ឬ​នៅ​ខែមិថុនា​ខាងមុខ​។ កាលបរិច្ឆេទ និង​ទីកន្លែង​ជួបគ្នា​នឹងត្រូវ​នៅពេល​ឆាប់ៗ​នេះ​៕


Tag:
 កូរ៉េខាងជើង​
  ចិន​
  គីម ជុង​អ៊ុន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com