អន្តរជាតិ
ក្រោយ​អាមេរិក​ដើរចេញ អ៊ីរ៉ង់​ចង់​ឲ្យ​ប្រទេស​សេសសល់​ធានា​ពី​អនាគត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
14, May 2018 , 2:57 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន Wang Yi ចាប់ដៃសមភាគីអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសចិន Wang Yi ចាប់ដៃសមភាគីអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព AFP)
​នៅ​ថ្ងៃទី​១៣ ខែឧសភា រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បាន​ទៅដល់​រដ្ឋធានី​ប៉េកាំង និង​ជួប​ជជែក​ជាមួយ​សម​ភាគី​ចិន វ៉ាង យី ជុំវិញ​អនាគត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ បន្ទាប់ពី​ការចាកចេញ​របស់​អាមេរិក​។ អ៊ីរ៉ង់ ចង់បាន​ការធានា​ពី​អនាគត​នៃ​កិច្ចព្រមព្រៀង​ពី​សំណាក់​ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់​សំដៅ​សង្គ្រោះ​កិច្ច​ព្រម​ពៀង​អន្តរជាតិ​មួយ​នេះ​សិន មុននឹង​សម្រេចចិត្ត​ដើរចេញ​តាម​អាមេរិក​ឬ​យ៉ាងណា​។​



​ចិន គឺជា​គោលដៅ​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​ការទូត​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ដើម្បី​ស្វែងរក​ផ្លូវ​បន្ត​ដង្ហើម​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ ការប្រកាស​ដកខ្លួនរ​បស់​អាមេរិក បង្ក​ជាការ​ភ័យព្រួយ​ថា កិច្ចព្រមព្រៀង​សម័យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ដួលរលំ​មិន​ខាន ទោះជា​ប្រទេស​សមាជិក​សេសសល់​ផ្សេងទៀត បាន​ប្ដេជ្ញាចិត្ត​បន្ត​ការពារ​កិច្ចព្រមព្រៀង​មួយ​នេះ​ឲ្យ​មានជីវិត​ទៀត​ក្ដី​។​

​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​១៣ ខែឧសភា លោក Zarif បង្ហាញ​ពី​ជំហ​របស់​អ៊ីរ៉ង់​ដែល​ត្រៀម​ទទួល​ជម្រើស​គ្រប់យ៉ាង តែ​លោក​មាន​សុទិដ្ឋិនិយម​ថា ដំណើរ​ទស្សន​កិច្ចការ​ទូត​របស់លោក​ពេលនេះ​អាច​បន្ត​ដង្ហើម និង​បង្កើត​អនាគត​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ឲ្យ​បានច្បាស់លាស់​។ យ៉ាងណាមិញ លោក​បញ្ជាក់​ទុក​មុន​ដែរ​ថា បើ​កិច្ចព្រមព្រៀង​បន្តទៅ​មុខ​មែន ផលប្រយោជន៍​របស់​ប្រជាជន​អ៊ីរ៉ង់​ត្រូវតែ​ទទួលបាន​ការធានា​។​

​នៅក្រោយ​ជំនួប​នេះ លោក វ៉ាង យី ក៏បាន​បញ្ជាក់​ជំហរ​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ធ្វើកា​ជាមួយ​ភាគី​នានា​ដើម្បី​រក្សា​ជីវិត​កិច្ច​ព្រម JCPOA ឲ្យ​គង់វង្ស​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក​អះអាងថា ចិន​នឹង​ប្រកាន់យក​ឥរិយាបថ​ទទួលខុសត្រូវ យុត្តិធម៌ និង​ច្បាស់លាស់ ព្រមទាំង​រក្សា​ការ​ទាក់​ទំនង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងឡាយ​។ ចិន​ក៏​ជា​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះដែរ​។​

​ចេញពី​ប៉េកាំង លោក Zarif នឹង​បន្តដំណើរ​ទៅកាន់​ក្រុង​មូ​ស្គូ និង​ព្រុ​ច​សែ​ល​ក្នុង​គោលបំណង​ដដែល​។ រុស្ស៊ី និង​អឺរ៉ុប​សុទ្ធតែ​រិះគន់​ការសម្រេចចិត្ត​ចាកចេញ​របស់​អាមេរិក និង​សន្យា​ការពារ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ពី​ការដួលរលំ​។ រដ្ឋ​អឺរ៉ុប​ចំនួន​បី គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ គឺជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ ដែល​កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ថ្មី​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​បញ្ចុះបញ្ចូល​កុំ​ឲ្យ​អ៊ីរ៉ង់​ចាកចេញ​តាម​អាមេរិក​។​

​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ អ៊ីរ៉ង់​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សំណាក់​មហាអំណាច​នានា​។ យ៉ាងណាមិញ លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត និង​ចោទ​អ៊ីរ៉ង់​ថា លួច​អភិវឌ្ឍ​អាវុធ​របស់ខ្លួន​ជាសម្ងាត់ ជាពិសេស​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ក្រោយ​អាមេរិក​ដើរចេញ ក្រុង​តេ​ហេ​រ៉ង់​ក៏​គំរាម​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​ដើម្បី​ផលិត​នុយក្លេអ៊ែរ​តែម្ដង​៕  

Tag:
 អ៊ីរ៉ង់​
  ចិន​
  រុស្ស៊ី​
  អាមេរិក​
  JCPOA
© រក្សាសិទ្ធិដោយ thmeythmey.com