អន្តរជាតិ
យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន ចុះចត​នៅលើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​លើកដំបូង​
19, May 2018 , 9:30 pm        
រូបភាព
​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​យោធា​ចិន​បានធ្វើ​លំ​ហាត់​ចុះចត និង​ហោះ​ឡើង​នៅ​មូល​ដ្ឋា​ល​យោធា​មួយកន្លែង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K ក៏បាន​ចូលរួម​ក្នុង​លំ​ហាត់​នេះដែរ ហើយ​នេះ​ជា​លើកដំបូង​ដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចុះចត​លើ​កោះ​ដែល​ចិន​កំពុង​គ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ តំបន់​អាស៊ីអាគ្នេយ៍​ស្ទើរ​ទាំងមូល​ស្ថិតក្នុង​រង្វង់​ដែល​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​អាច​ទៅដល់​។​

 
​ក្រសួងការពារជាតិ​ចិន​បានប្រកាសថា យន្តហោះ​ចម្បាំង​របស់ខ្លួន​មួយចំនួន​បានធ្វើ​លំ​ហាត់​ចុះចត​នៅ​កោះ​ដែល​ចិន​ត្រួតត្រា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យោងតាម​សារព័ត៌មាន​អូ​ស្រា​លី news.com.au ផ្សាយ​នៅ​ថ្ងៃទី​១៩ ខែឧសភា លំ​ហាត់​ផ្លូវអាកាស​នេះ​មាន​គោលដៅ​ប្រឆាំង​ការវាយលុក​របស់​យោធា​ជើង​ទឹកស​ត្រូវ​។ វា​ជា​សញ្ញា​បង្ហាញថា ការទាមទារ​របស់​ចិន​ជា​ម្ចាស់​កម្មសិទ្ធិ​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​មិនអាច​តវ៉ា​បានឡើយ​។​
 
​ក្នុង​ទំព័រ Twitter របស់​កាសែត​រដ្ឋ​ចិន People’s Daily គេ​ឃើញ​មាន​វីដេអូ​មួយ​បង្ហាញ​ពី​ការ​ចុះចត​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ H-6K ផងដែរ​។ នេះ​ជា​វត្តមាន​លើកទីមួយ​របស់​យន្តហោះ​ប្រភេទ​នេះ​នៅ​តំបន់​មូលដ្ឋាន​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ​មួយ​នេះ​ហោះហើរ​យ៉ាងតិច​ហោចណាស់​ពីរពាន់​គីឡូម៉ែត្រ​ពី​មូលដ្ឋាន​របស់ខ្លួន​ក្នុង​ដំណើរ​ទៅកាន់​កោះ​នៅ​តំបន់​មាន​ជម្លោះ​នេះ​។​
​ខណៈដែល​អាជ្ញាធរ​ចិន​មិនបាន​បង្ហាញ​ទីតាំង​នៃ​មូលដ្ឋាន​យោធា​ជាក់លាក់​នោះ Mike Yeo អ្នកជំនាញ​ម្នាក់​បាន​វិភាគ​វីដេអូ​ការ​ចុះចត និង​ជឿថា មូលដ្ឋាន​យោធា​របស់​ចិន​នេះ​ស្ថិត​លើ​កោះ Woody នៃ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ មូលដ្ឋាន​នៅលើ​កោះ Woody ជា​បន្ទាយ​យោធា​ធំជាងគេ​របស់​ចិន​នៅ​តំបន់​ប៉ា​រ៉ា​សែ​ល និង​ធ្លាប់ជា​ទីកន្លែង​ធ្វើ​សមយុទ្ធ​ជាច្រើន​ដែល​ចូលរួម​មី​ស៊ី​លបាញ់​ពី​ទៅ​អាកាស និង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​សមុទ្រ​ផង​។​
 
​ជាមួយនឹង​វត្ត​មាននៅ​កោះ Woody ពេលនេះ ក្រុង​ប៉េកាំង​ទំនង​សំឡឹង​ឃើញ​ការពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​នៅ​ប្រជុំ​កោះ Spratlys នៅ​ថ្ងៃ​អនាគត​ផងដែរ​។ នៅ​ប្រជុំ​កោះ Spratlys ចិន​បាន​ស្ថាបនា​មូលដ្ឋាន​យោធា​នៅលើ​កោះ​ចំនួន​បី ដែលមាន​សមត្ថភាព​អាច​ឲ្យ​យន្តហោះ​ចម្បាំង​សឹង​គ្រប់​ប្រភេទ​ចុះចត​បាន​។ បន្ទាយ​យោធា​ទាំងបី​កន្លែង​នេះ​អាច​ចាត់ទុកជា​នាវា​ដឹក​យន្តហោះ​មិនចេះ​លិច ព្រោះ​អាច​ផ្ទុក​យន្តហោះ​ចម្បាំង​ដល់​ទៅ​៧០​គ្រឿង​ឯណោះ​។​
 
​ដោយសារ​តែមាន​សមត្ថ​ភាព​ហោះ​បាន​ចម្ងាយ​ឆ្ងាយ​នោះ យន្តហោះ H-6K អាច​វាយប្រហារ​គោលដៅ​សឹងតែ​ទូទាំង​តំបន់​អាស៊ី​គ្នេ​យ៍​ទៅហើយ​។ ក្នុងករណី​មានការ​ពង្រាយ​យន្តហោះ​នៅ​មូលដ្ឋាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ ត្រឹម​យន្តហោះ​មាន​បច្ចេកវិទ្យា​ទាប​របស់​ចិន​ក៏​អាច​វាយប្រហារ​គោលដៅ​នៅ​ឥណ្ឌូណេស៊ី ឬ​សិង្ហ​បុរី​បានដែរ ខណៈ H-6K អាចធ្វើ​ដំណើរ​ទៅដល់​ភាគ​ខាងជើង​អូស្ត្រាលី ឬ​មូលដ្ឋាន​អាមេរិក​នៅ​កោះ​ហ្គា​ម​ផង​៕

Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com