អត្ថបទពាណិជ្ជកម្ម
អភិបាលខេត្ត​ព្រះសីហនុ ផ្ដួចផ្ដើម​គំនិត​កែប្រែ​ខេត្ត​ខ្លួន ឲ្យ​ក្លាយជា​ខេត្ត​ដែលមាន​សុវត្ថិភាព​ម្ហូបអាហារ​
01, Jun 2018 , 4:58 pm        
រូបភាព
​ព្រះសីហនុ​៖ ឯកឧត្ដម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្ដួច​ផ្ដើមគំនិត ធ្វើយ៉ាងណា​ឲ្យ​ខេត្ត​របស់ខ្លួន ក្លាយជា​ខេត្ត​មួយ ដែលមាន​សុវត្ថិភាព​ម្ហូបអាហារ ខណៈ​ដែ​ម្ហូបអាហារ ជា​ឬ​សគល់​នៃ​បញ្ហា​សុខភាព ដែលជា​ចំណុច​សំខាន់បំផុត សម្រាប់​គ្រប់​ក្រុមគ្រួសារ​។

​ថ្មីៗ​នេះ ឯកឧត្ដម​បាន​សរសេ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ទេសចរណ៍​ដែលមាន​ការពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ លើ​វិស័យ​ម្ហូបអាហារ​។ ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​មួយ​នេះ ឯកឧត្ដម​ផ្ទាល់ មាន​ផែនការ​ជំរុញ​ឲ្យ​គ្រប់​អាហា​រដ្ឋា​ន​ទាំងអស់ កែប្រែ​ពី​ការប្រកួតប្រជែង​គ្នា ដើម្បី​តែ​រកប្រាក់​ចំណេញ មកជា​ការប្រកួតប្រជែង​គ្នា ក្នុង​ការផ្ដល់សេវា​ម្ហូបអាហារ មាន​អនាម័យ​ល្អ គ្មាន​ជាតិគីមី ដើម្បី​ធានា​សុវត្ថិភាព​សុខភាព របស់​អតិថិជន​របស់ខ្លួន​។​

​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​ផ្ទាល់ នឹង​រៀបចំ​ក្រុមការងារ​មួយ ចុះ​អនុវត្ត​ការចុះ​ដាក់ពិន្ទុ បិទ​សញ្ញា​សម្គាល់​តាម​អាហារ​ដ្ឋា​ន និង​ទីតាំង​ផ្គត់ផ្គង់​ម្ហូបអាហារ​នានា នូវ​កម្រិត​សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​មាន​ភាពងាយស្រួល ដល់​បងប្អូន​ជ្រើសរើស​។​



​ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា កន្លងទៅ  ឯកឧត្ដម យន្ត មីន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ពិភាក្សា រៀបចំ​ការដាក់​តាំងពិព័រណ៍​ម្ហូបអាហារ បន្លែ ផ្លែឈើ ផលិតផល​ក្នុងស្រុក គ្មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​នឹង​ប្រព្រឹត្តទៅ រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមិថុនា​ខាងមុខនេះ​។​

​ក្នុងនាម​ជា​គណៈ​អភិបាលខេត្ត ឯកឧត្ដម​បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ ឲ្យ​ផ្តល់​មតិយោបល់​ថែមទៀត លើ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ឲ្យ​ផែនការ​នេះ សម្រេចបាន​ដោយ​ជោគជ័យ ផ្លែផ្កា​ល្អ​។ ឯកឧត្ដម ក៏បាន​ប​ញ្ជើ​ញ​បងប្អូន​ទាំងអស់ ចូលរួម​ក្នុង​កម្មវិធី​ខាងលើ និង​ជួយ​គាំទ្រ​ចលនា​នេះ ដើម្បី​ជាការ​ការពារ​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ តាមរយៈ​លើកទឹកចិត្ត អាហា​រដ្ឋា​ន​ដែល​ផ្តល់​សេវា​ម្ហូបអាហារ ដែលមាន​សុវត្ថិភាព​។​

​គួរបញ្ជាក់​ផងដែរ​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួន ដោយបាន​បន្ត​អនុវត្ត និង​ដោះស្រាយ​នូវ​រាល់​បញ្ហា ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ ដូចជា​បញ្ហា​បរិស្ថាន សុខមាលភាព និង​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សក្តានុពល​ទេសចរណ៍​ជាប់​សមុទ្រ​មួយ​នេះ ៕

 

















© រក្សាសិទ្ធិដោយ thmeythmey.com