អន្តរជាតិ
រដ្ឋបាល​លោក ត្រាំ ស្នើ​ឲ្យ​មានការ​បណ្តេញ វេ​ណេ​ស៊ុយ​អេ​ឡា ចេញពី​អង្គការ​រដ្ឋ​អាមេរិក​
05, Jun 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក និង​សមាជិក​គីឡូ​ធ្ងន់​ប្រាំមួយ​ផ្សេងទៀត​បានស្នើ​ឲ្យ​អង្គការ​រដ្ឋ​អាមេរិក (OAS) ទាត់ចោល​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​បណ្តេញ​វេ​ណេ​ស៊ុយ​អេ​ឡា និង​បណ្តេញ​ប្រទេស​នេះ​ចេញពី​ក្លិប​នៅ​ថ្ងៃ​ចន្ទ​ទី ៤​ខែមិថុនា​។



​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី ៤៨ នៃ​អង្គការ​រដ្ឋ​អាមេរិក សហរដ្ឋអាមេរិក កាណាដា អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល កាណាដា ស៊ី​លី និង​បេ​រ៉ូ បានដាក់​ស្នើ​ដំណោះស្រាយ​មួយ​ដោយ​បដិសេធ​លទ្ធផល​បោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ខែ​មុន​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សំណើរ​នេះ​អាច​នឹង​ត្រូវគេ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទី ៥ ខែមិថុនា ហើយ​បើសិនជា​សមាជិក​បោះឆ្នោត​អនុម័ត វា​នឹង​កំណត់​ឲ្យ​មានការ​ព្យួរ​សមាជិកភាព​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ​។ យ៉ាងណាមិញ រដ្ឋាភិបាល​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បានបង្ហាញ​ឆន្ទៈ​ចង់​ចាក​ចេញពី​អង្គការ​នេះ​រួចមកហើយ​កន្លងមក​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ​ក៏បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​ព្យាយាម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ផងដែរ​។  ការព្យួរ​បេក្ខភាព​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ ជា​សារ​មួយ​សម្រាប់​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​បញ្ជាក់ថា​មានតែ​ប្រទេស​ដែល​រៀបចំ​ការបោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ប៉​ណ្ណោះ​ទើប​អាច​ស្ថិតក្នុង​ក្រុមគ្រួសារ​រដ្ឋ​អាមេរិក​បាន​។​

​លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយ​ដូច្នេះ​៖« យើង​ទទូច​ឲ្យ​សមាជិក​អង្គការ​រដ្ឋ​អាមេរិក​ចូលរួម​គ្នា​ពេលនេះ​ជុំវិញ​បញ្ហា​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​នៅពេល​ខាងមុខ​ក៏ត្រូវ​ចាត់វិធានការ​គ្រប់យ៉ាង​ដែល​ចាំបាច់​ដើម្បី​ការពារ​តំបន់​និង​លើ​ពិភពលោក​»​។​

​ក្រោយ​លោក​ថ្លែង​ចប់ អគ្គលេខា​ង​ធិ​ការ​អង្គការ​រដ្ឋ​អាមេរិក​លោក Luis Almagro បានចេញ​មុខ​រិះគន់​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ ដោយ​លោក​អះអាងថា ទ្វីបអាមេរិក​មិនត្រូវ​ការ​ឡើយ​របប​ផ្តាច់ការ​ឡើយ​។​

​តាមពិតទៅ កាលពី​ខែឧសភា​កន្លងទៅ លោក ម៉ា​ឌូ​រ៉ូ បាន​ជាប់ឆ្នោត​ជាថ្មី​ក្នុងការ​បោះឆ្នោត​ដែល​គ្មាន​ការចូលរួម​ពី​បក្សប្រឆាំង ហើយ​ត្រូវបាន​រិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក និង​រដ្ឋ​អាមេរិក​ឡាទីន​។​

​ដោយ​ក្នុង​កិច្ចប្រជុំ​នេះ គេ​ឃើញ​ឯកអគ្គរដ្ឋទូត​វេ​ណេ​ស៊ុយ​អេ​ឡា Jorge Arreaza នៅក្នុង​អង្គប្រជុំ​នេះដែរ ដោយ​លោក​មាន​តួនាទី​ជា​អ្នកការពារ​ជំហរ​រដ្ឋាភិបាល​ផងដែរ​។ ចំណែក​លោក ម៉ា​ឌូ ឯណោះ​វិញ​បាន​ទិតៀន​សកម្មភាព​អាមេរិក​ផងដែរ ក្រោយ​មានការ​ស្នើ​ឲ្យ​ដក​បេក្ខភាព​វេ​ណេ​ស៊ុយ​អេ​ឡា និង​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​។ លោក​បាន​ចាត់ទុកថា អាមេរិក​កំពុង​រៀបចំ​យុទ្ធនាការ​រ​គំរាមកំហែង​ប្រទេស​ដទៃ​នៅ​អាមេរិក​ឡាទីន​ដោយ​ធ្វើតាម​ខ្លួន​ផងដែរ​។ 


Tag:
 OAS
  ដូ​ណា​ល់ ត្រាំ​
  វេ​ណេ​ស៊ុយ​អេ​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com