អន្តរជាតិ
លោក មហា​ធៀ ថា រៀន​តាម​ជប៉ុន ម៉ាឡេស៊ី​នឹង​ជោគជ័យ​
11, Jun 2018 , 3:46 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព The Star Online)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព The Star Online)
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយ​លើកសរសើរ​សីលធម៌​ក្នុង​ការងារ និង​ការព្យាយាម​របស់​ជនជាតិ​ជប៉ុន ដោយ​លោក​ចាត់ទុកជា​មូលហេតុ​នាំ​ឲ្យ​ជប៉ុន​រីកចម្រើន​។ លោក មហា​ធៀ អះអាងថា ម៉ាឡេស៊ី​គ្មាន​ចំណុច​ទាំងនេះ​ដូច​ជប៉ុន​ឡើយ​។ សម្រាប់​នាយករដ្ឋមន្ត្រី​វ័យ​៩២​ឆ្នាំ​ដែល​កំពុង​ស្ថិតនៅ​លើទឹក​ដី​ជប៉ុន ម៉ាឡេស៊ី​ក៏​អាច​ជោគជ័យ​ដូច​ជប៉ុន​ដែរ បើ​រៀនសូត្រ​តាម​ចំណុច​ល្អៗ​របស់​ជប៉ុន​នោះ​។​



​ជប៉ុន គឺជា​គោលដៅ​ទស្សនកិច្ច​បរទេស​ទីមួយ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ។ លោក មហា​ធៀ បាន​ទៅដល់​ជប៉ុន​នៅ​ថ្ងៃទី​១០ ខែមិថុនា ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​បី​ថ្ងៃ​នៅ​ទីនោះ ដោយ​រួមទាំង​ការចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អនាគត​អាស៊ី​ផង​។ នា​ជំនួប​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​នៅ​ជប៉ុន លោក មហា​ធៀ បាន​ស្ងើចសរសើរ​របៀប​ធ្វើការ​របស់​ជប៉ុន​ដែល​គួរ​យកតម្រាប់​តាម​ដើម្បី​អភិវឌ្ឍ​ម៉ាឡេស៊ី​។​

​នាយករដ្ឋមន្ត្រី​ទី​៧ របស់​ម៉ាឡេស៊ី​រូបនេះ​បាន​រំឭក​នយោបាយ​សម្លឹង​ទៅ​ទិសខាងកើត​ដែល​លោក​បង្កើត​ដោយ​ខ្លួន​ក្នុង​ទសវត្សរ៍​ទី​៨០ ពេល​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី​ទី​៤ ដែលមាន​គោលដៅ​មិន​ត្រឹម​ទាក់ទាញ​ការវិនិយោគ​ពី​ជប៉ុន ឬ​បញ្ជូន​និស្សិត​ទៅ​រៀន​នៅ​ជប៉ុន​ឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bernama លោក មហា​ធៀ បញ្ជាក់ថា វា​ក៏​ដើម្បី​ទទួលបាន​សីលធម៌​ធ្វើការ​របស់​ជប៉ុន ដែលមាន​អារម្មណ៍​អៀនខ្មាស​ពេល​ពួកគេ​មិនអាច​ធ្វើតាម​សន្យា​ខ្លួន​។​

​ចំពោះមុខ​ប្រជាជន​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​រូបនេះ​បាន​នឹក​ដល់​បទពិសោធ​ដែល​លោក​បាន​ទៅដល់​ទឹកដី​ជប៉ុន​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦១ ស្រប​ពេលដែល​ជប៉ុន​កំពុង​ស្ថាបនា​ប្រទេស​ក្រោយ​បញ្ចប់សង្គ្រាម​។ លោក មហា​ធៀ លើកឡើងថា លោក​បានឃើញ​ពី​ការប្រឹងប្រែង​របស់​ជន​ជាតិ​ជប៉ុន​ក្នុង​ការកសាង​ប្រទេស​ឡើងវិញ ហើយ​ជា​លទ្ធផល ជប៉ុន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​មួយ​របស់​ពិភពលោក​។

«​ខ្ញុំ​រកឃើញ​មូលហេតុ​ដែល​ជប៉ុន​ជោគជ័យ គឺ​សីលធម៌​ធ្វើការ និង​ប្រព័ន្ធ​តម្លៃ​របស់​ពួកគេ​។ ប្រសិនបើ​អ្នក​រើស​ផ្លូវ​ធ្វើ​ការខុស មិន​ព្យាយាម​បំពេញការងារ និង​មិនមាន​មោទកភាព​ចំពោះ​ការងារ​ទេនោះ អ្នកនឹង​បរាជ័យ​។​» នេះ​ជាការ​រៀបរាប់​របស់លោក មហា​ធៀ ទៅកាន់​ប្រជាជន​លោក​ផ្ទាល់ មុននឹង​បន្ថែមថា ដោយសារ​មាន​មោទកភាព​បែបនេះ ទើប​ផលិត​ជប៉ុន​អាច​ប្រកួតប្រជែង​ជោគជ័យ​ជាមួយ​ទំនិញ​ផលិត​ដោយ​ប្រទេស​ផ្សេង​។​

​ទន្ទឹមនឹង​ការលើកសរសើរ​ជប៉ុន លោក មហា​ធៀ ហាក់​និយាយ​បង្អាប់​ម៉ាឡេស៊ី​ខ្លួនឯង​។ សម្រាប់​លោក មហា​ធៀ ប្រជាជន​ម៉ាឡេស៊ី​គ្មាន​ការ​ឲ្យ​តម្លៃ​ដូច​ជប៉ុន​ឡើយ ហើយក៏​មិនចេះ​ខ្មាសអៀន​ពេល​ផលិត​ទំនិញ​មានគុណ​ភាព​ទាប​។ យ៉ាងណាមិញ លោក​ក៏បាន​ឆ្លៀត​អរគុណ​ប្រជាជន​ម៉ាឡេស៊ី​ដែល​បាន​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន​ឲ្យ​មូលនិធិ​រដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​បន្សល់​ដោយ​រដ្ឋាភិបាល​មុន ដែលមាន​ទំហំ​ដល់​ទៅ ២៥១​ពាន់​លាន​ដុល្លារ​ឯណោះ​៕


Tag:
 ម៉ាឡេស៊ី​
  ជប៉ុន​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com