ជាតិ
កម្ពុជា សុំ​សម្ភារ​ទំនើបៗ​ពី​ឥណ្ឌា ដើម្បី​យកមក​បំផ្លាញ​មីន និង​រក្សា​សន្តិភាព
12, Jun 2018 , 10:25 am        
រូបភាព
សម្តេច​ ​ទៀ បាញ់ ​ជួប​លោកស្រី​ ស្រីម៉ាទី ​នីម៉ាឡា  នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ រូបពីក្រសួងការពារជាតិកម្ពុជា
សម្តេច​ ​ទៀ បាញ់ ​ជួប​លោកស្រី​ ស្រីម៉ាទី ​នីម៉ាឡា នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ រូបពីក្រសួងការពារជាតិកម្ពុជា
ដោយ: ថ្មីៗ
​កម្ពុជា បានស្នើ​ឲ្យ​ឥណ្ឌា ជួយផ្តល់​សម្ភារ​ទំនើបៗ ដើម្បី​យកមក​បំផ្លាញ​គ្រាន់​មីន [​ដែល​សល់​ពី​សម័យ​សង្គ្រាម​] និង​ដើម្បី​បំរើ​ឲ្យ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព​។  នេះ​បើតាម​ព័ត៌មាន​ដែល​ចុះ​ផ្យា​យ​លើ​គេហទំព័រ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​។



​សំណើ​នេះ គឺ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​អ្នក​លើកឡើង ក្នុងជំនួប​ជាមួយ​លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​។ ព័ត៌មាន​លើ​គេ​ទំព័រ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​ដដែល បាន​ចុះផ្សាយ​ថា នៅ​ចំពោះមុខ​លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា សម្តេច ទៀ បាញ់  ក៏បាន​ស្នើ​ឲ្យ​ភាគី​ឥណ្ឌា ជួយ​បណ្តុះបណ្តាល​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស ក៏ដូចជា​កងកម្លាំង ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ឥណ្ឌា ផងដែរ​។​

ព័ត៌មាន​លើ​គេហទំព័រ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា ពុំបាន​បញ្ជាក់​ពី​ការឆ្លើយតប​របស់លោក​ស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា ជុំវិញ​សំណើសុំ​សម្ភារ​ទំនើបៗ​នោះទេ​។ ប៉ុន្តែ ប្រភព​ខាងលើ បញ្ជាក់ថា លោកស្រី  បានលើកឡើង​ពី​បំណង ដែល​ចង់​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ដែលជា​សិក្ខាកាម បាន​ទៅ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​នៅ​ប្រទេស​ឥណ្ឌា លើ​មុខជំនាញ​ថែរក្សា​សន្តិភាព​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា បានស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ នៃ​ក្រសួងការពារជាតិ​ទាំងពីរ ធ្វើការ​រួមគ្នា ដើម្បី​រិះរក​វិធី​យ៉ាងណា ឲ្យ​ដំណើរការ​បណ្តុះបណ្តាល​ដ​ល់​សិក្ខាកាម​យោធា​កម្ពុជា ទទួលបាន​លទ្ធផល​ល្អ​។

​គួររម្លឹកថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា និង​គណៈប្រតិភូ​ឥណ្ឌា នៅ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​១២ ខែមិថុនា ឆ្នាំ​២០១៨៕


Tag:
 ​កម្ពុជា​
  ឥណ្ឌា​
  សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com