ខ្មែរ​ក្រហម
ជាតិ
សង្គម​ស៊ីវិល​ទូល​ព្រះមហាក្សត្រ​ឲ្យ​បដិសេធ​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម
11, Jun 2013 , 8:36 am        
រូបភាព
ដោយ:
ដោយ​ចាត់ទុក​ច្បាប់​ស្ដីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​សភា​អនុម័ត​កាលពី​ថ្ងៃទី៧ ខែមិថុនា​កន្លងទៅ​នោះ​ថា ជា​ច្បាប់​មោ​ឃៈ និង​គ្មាន​ន័យ​នោះ នៅ​ថ្ងៃទី១០ខែមិថុនា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ចំនួន១៦អង្គភាព បាន​សហការគ្នា​ចេញមុខ​ស្នើ​ទៅកាន់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សុំ​ឲ្យ​ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​ការបដិសេធ​ក្នុងការ​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​ខាងលើនេះ។


យោងតាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​អង្គការ​លីកាដូ​នោះ សំណើរ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ ពី​អង្គការ​ទាំង១៦នោះ សង្កេតឃើញថា​ការអនុម័ត​ច្បាប់​ស្ដីពី«ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ»នេះ​មិន​សមស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ថា ប្រសិនបើ​គណបក្សកាន់អំណាច​នៅតែ​បន្ត ធ្វើការ​ប្រជុំ​រដ្ឋសភា​ដោយ​អ​ធម្មនុញ្ញ​បែបនេះ នោះ​គ្រប់​ច្បាប់​ទាំងអស់​ដែល​ត្រូវបាន​សភា​អនុម័ត នឹងត្រូវ​ចាត់ទុកជា​គ្មាន​ន័យ និង​មោ​ឃៈ។

សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់ថា  នៅពេលដែល​ច្បាប់​ខាងលើនេះ មិនទាន់​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ប្រកាស​ឲ្យ​ប្រើ​នោះ អង្គការ​សង្គម​ស៊ីវិល​ចំនួន១៦អង្គភាព សូម​ព្រះរាជទាន ទ្រង់​ព្រះមេត្តាប្រោស​បដិសេធ​ក្នុងការ​ឡាយព្រះហស្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ​នេះ ជា​បណ្ដោះអាសន្ន​សិន​រហូត​មានដំណើរ​ការពិភាក្សា​ណាមួយ​ដែល​អាច​ឲ្យ​ច្បាប់​នេះ​មាន​ខ្លឹមសារ​ស្របទៅនឹង​បញ្ញត្តិ​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ទាំង១៦នោះ​រួមមាន មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សម្ព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ សមាគមន៍​មន្ត្រីរាជការ​កម្ពុជា សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការការពារ​សិទ្ធិមនុស្ស​លីកាដូ មណ្ឌល​អភិវឌ្ឍន៍​កម្ម​ករ​កម្ពុជា បណ្ដាញ​យុវជន​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា  សមធម៌​កម្ពុជា សមាគមន៍​អភិវឌ្ឍន៍​កសិករ សមាគមន៍​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គណៈកម្មាធិការ​អ​ព្យា​ក្រិត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ សកម្មភាព​ប្រជាជន​ដើម្បី​ការផ្លាស់ប្ដូរ សមាគម​ធាងត្នោត និង គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ស្ត្រីភេទ។

គួរ​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជានាចក្រ​កម្ពុជា​ត្រង់ ជំពូក២ មាត្រា២៨ បានចែង​កំណត់ថា៖ « ព្រះមហាក្សត្រ​ទ្រ​ង​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ម្មនុញ្ញ ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​រួចហើយ និង​ទ្រង់​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ តាម​សេចក្ដីស្នើសុំ​ពី​គណៈរដ្ឋមន្ត្រី។

គួ​រម្លឹកថា​នៅ​ថ្ងៃទី៧ ខែមិថុនា​កន្លងទៅនេះ រដ្ឋសភា ដោយមាន​សំណើរ​ពី​រាជរដ្ឋាភិបាល បាន​ពិភាក្សា​អនុម័ត​លើ​សេចក្ដីស្នើច្បាប់​ស្ដីពី «ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ»ក្នុង​សំឡេង៨៦ លើ ៨៦ ដែល​ភាគច្រើន​ជា​សំឡេង​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com