ជាតិ
​បច្ចេកវិទ្យា
អ្នកជំនាញ​៖«​សន្តិសុខ​បច្ចេកវិទ្យា​កម្ពុជា​នៅមានកម្រិត​ទាប​ស្មើ​ឡាវ និង​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​»
21, Jun 2018 , 3:34 pm        
រូបភាព
លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យានិងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យានិងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
​សន្តិសុខ​បច្ចេកវិទ្យា (Cybersecurity) គឺជា​បញ្ហា​ប្រឈម​សម្រាប់​ពិភពលោក ខណៈ​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​នាំ​ទាំង​ផលប្រយោជន៍ និង​បញ្ហា​។ មិន​ថា​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ សុទ្ធតែ​ងាយស្រួល​ក្លាយជា​ជនរងគ្រោះ​នៃ​ការវាយប្រហារ​តាម​បណ្ដាញ​អន​ឡាញ​ទាំងអស់​។ សម្រាប់​កម្ពុជា​វិញ សមត្ថភាព​ដោះស្រាយ​បញ្ហា​សន្តិសុខ​បច្ចេកវិទ្យា​នេះ នៅមានកម្រិត​នៅឡើយ​ដោយសារ​កង្វះ​ធនធាន និង​យុទ្ធសាស្ត្រ​រួម​ផង​។​



​លោក អ៊ូ ផាន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​និង​ព័ត៌មាន និយាយថា សមត្ថភាព​របស់​កម្ពុ​ជា​ក្នុង​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា នៅមានកម្រិត​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ លោក​និយាយ​បែបនេះ​នា​កិច្ចពិភាក្សា​អាហារ​ពេលព្រឹក​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM) នា​ថ្ងៃទី​២១ ខែមិថុនា នៅឯ​សណ្ឋាគារ​ឡឺ រ៉ូយ៉ាល់ ។




​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ លោក ផាន់​ណា​រិ​ទ្ធ បានលើកឡើង​ប្រទេស​ក្នុង​តំបន់​ខ្លះ​ដែលមាន​ផែនការ​យុទ្ធសាស្ត្រ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ខណៈ​កម្ពុជា​មិនមាន​នៅឡើយ​។ លោក​បញ្ជាក់ថា កម្ពុជា​មិនទាន់មាន​យុទ្ធសាស្ត្រ​ទេ មានតែ​ផែនការមេ​ស្ដីពី​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​ឆ្នាំ​២០២០​។ តែ​លោក​សង្ឃឹមថា នៅ​អាណត្តិ​រដ្ឋាភិបាល​ថ្មី នឹងមាន​ការរៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ប្រើប្រាស់​ក្នុងប្រទេស និង​ស៊ីសង្វាក់​តាម​ការអភិវឌ្ឍ​ក្នុង​តំបន់​។

​ជុំវិញ​សមត្ថភាព​ឆ្លើយតប​ពេល​មានការ​ប្រហារ មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​រូបនេះ​អះអាងថា កម្ពុជា​នៅមាន​ការខ្វះខាត​ច្រើន ហើយ​មាន​កម្រិត​ស្មើ​ឡាវ និង​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​។ បើតាម​លោក ផាន់​ណា​រិ​ទ្ធ សាកលវិទ្យាល័យ​នៅ​កម្ពុជា​គ្មាន​ជំនាញ​នេះ​ទេ ហើយ​និស្សិត​រៀន​ចប់​ក៏​គ្មាន​សមត្ថភាព​លើ​ជំនាញ​នេះដែរ ខណៈ​ប្រទេស​ផ្សេង ការអប់រំ​លើ​ជំនាញ​នេះ​មាន​ចាប់ពី​ថ្នាក់​វិទ្យាល័យ​ឡើង​។

​យ៉ាងណាមិញ មន្ត្រី​ដដែល​នេះ​បន្តថា​៖ «​យើង​កំពុង​ព្យាយាម​ពង្រឹងសមត្ថភាព បណ្ដុះបណ្ដាល​មន្ត្រី​ឲ្យ​បាន​ច្រើន ដើម្បី​ឈានដល់​កម្រិត​ស្មើ​ថៃ និង​វៀតណាម​»​។




​ពាក់ព័ន្ធ​សន្តិសុខ​បច្ចេកវិទ្យា​នេះដែរ អ្នកជំនាញ​ខាងលើ​និយាយថា ការទប់ស្កាត់​មិនមាន​ប្រសិទ្ធភាព​១០០​ភាគរយ​ឡើយ ព្រោះ​ប្រព័ន្ធ​ប្រតិបត្តិការ​កាន់តែ​ធំ​។ លោក ផាន់​ណា​រិ​ទ្ធ បាន​ណែនាំ​ឲ្យ​មានការ​ផ្ដោត​ឲ្យ​បាន​ច្រើន​លើ​ការឃ្លាំមើល និង​លើ​ការឆ្លើយតប​វិញ​។ ចំណុច​សំខាន់ គឺមាន​យន្តការ​ដើម្បី​ចាប់​សកម្មភាព​វាយប្រហារ​ឲ្យ​បាន​លឿន និង​វិធីសាស្ត្រ​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព ។




​ដោយឡែក​ក្នុង​កម្ម​វី​ធី​សន្ទនា​ដដែល លោក Pinyo Treepetcharaporn អ្នកជំនាញ​ក្នុង​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន Deloitte ដែរ លើកឡើងថា ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​បាន​កើនឡើង​ខ្លាំង ស្រប​ពេលដែល​ការអភិវឌ្ឍ​ផ្នែក​ឌីជីថល​កំពុង​ប្រែប្រួល​ខ្លាំង​ដែរ​។ ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង អ្នក​ជនជាតិ​រូបនេះ​បានលើកឡើង​ពី​ស្តង់ដា​អន្តរជាតិ IS0 27001:2013 ដែលជា​ស្តង់ដា​ការពារ​ការវាយប្រហារ​បច្ចេកវិទ្យា​៕


Tag:
 កម្ពុជា​
  Cybersecurity
© រក្សាសិទ្ធិដោយ thmeythmey.com