អន្តរជាតិ
ប្រធានាធិបតី​បារាំង​ទស្សនកិច្ច​នៅ​នី​ហ្សេ​រី​យ៉ា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ប្រឆាំង​ភេរវកម្ម​
04, Jul 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ចាប់​ពីថ្ងៃ​អង្គារ​ទី ៣ ខែកក្កដា​ម្សិលមិញ​។ គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការទូត​ជាមួយ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​ផង​។



 ពេល​យន្តហោះ​របស់លោក ម៉ា​ក្រុង ចុះចត​នៅ​ព្រលានយន្តហោះ​រដ្ឋធានី អា​ប៊ូ​ហ្សា គេ​ឃើញ​រដ្ឋមន្ត្រីការបរទេស​នី​ហ្សេ​រី​យ៉ា​លោក Geoffrey Onyeama ឈរ​ចាំ​ទទួល​ស្វាគមន៍​ដែរ​។ បន្ទាប់មក លោក ម៉ា​ក្រុង ក៏​ធ្វើដំណើរ​ទៅ​ជួប​ជាមួយ​សម​ភាគី​នី​ហ្សេ​រី​យ៉ា​លោក Muhammadu Buhari និវេសនដ្ឋាន​របស់លោក​តែម្តង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មុន​មកដល់​រដ្ឋធានី​អា​ប៊ូ​ហ្សា លោក ម៉ា​ក្រុង បាន​ចូល​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ូ​រីតា​នី ដោយ​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំ​ពូ​សហភាព​អាហ្វ្រិក​ផងដែរ​។ កិច្ចប្រជុំ​តំបន់​នេះ​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​ជាពិសេស​ក្នុង​តំបន់ សា​ហែល (Sahel) ផង​។​

​លោក ម៉ា​ក្រុង បញ្ជាក់ថា លោក​ខ្វល់​ខ្លាំង​ពី​បញ្ហា​សន្តិសុខ​តំបន់​អាហ្វ្រិក ហើយ​លោក​ធានា​លើកយក​បញ្ហា​នេះ​ជាពិសេស​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ជាពិសេស​ក្រុម​បូ​កូ​ហា​រ៉ា​ម​នោះ​ក្នុងជំនួប​ជាមួយ​លោក Buhari ផងដែរ​។​

​នី​ហ្សេ​រី​យ៉ា ក៏ដូចជា​បណ្តា​រដ្ឋ​អាហ្វ្រិក​ផ្សេងទៀត​ស្ថិតនៅ​តំបន់​បឹង​ឆាត (Chad Lake) រងគ្រោះ​ខ្លាំង​ដោយសារ​បញ្ហា​ហិង្សា​ប្រដាប់អាវុធ​រយៈពេល​ប្រាំបួន​ឆ្នាំ​មកនេះ​។ ដូច្នេះហើយ​បានជា​លោក ម៉ា​ក្រុង​ចង់​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង​រដ្ឋ​អាហ្វ្រិក​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​នេះ​។

​បច្ចុប្បន្ន​នី​ហ្សេ​រី​យ៉ា​និង​ប្រទេសជិតខាង​មានកា​មេ​រ៉ូ​ន​, ឆាត និង​នី​ហ្សេ មាន​ប្រតិបត្តិការ​យោធា​រួមគ្នា​ក្នុងការ​ប្រឆាំង​ចលនា​ក្រុម​ជី​ហាត ដែល​បន្ត​បង្ក​ហិង្សា​ដែល​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ២០០០០​នាក់​រួច​ទៅហើយនោះ​។​

​ដោយឡែក លោក ម៉ា​ក្រុង មាន​អនុស្សាវរីយ៍​ច្រើន​នៅ​រដ្ឋ​អាហ្វ្រិក​នី​ហ្សេ​រី​យ៉ា ព្រោះ​លោក​ធ្លាប់​ធ្វើជា​មន្ត្រី​ហាត់​ការ​នៅក្នុង​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​អា​ប៊ូ​ហ្សា​ផងដែរ​នៅ​ដើមឆ្នាំ ២០០០​នោះ​។ លោក ម៉ា​ក្រុង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​៖ «​ខ្ញុំ​ចូលចិត្ត​នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​ដែល​ទាក់ទាញ ហើយ​ខ្ញុំ​មាន​អនុស្សាវរីយ៍​ច្រើនណាស់​ដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​នោះ​»​។​

​ចាប់ពី​ឡើងកាន់តំណែង​កាលពី​ខែឧសភា​ឆ្នាំមុន រដ្ឋបាល​ក្រុងប៉ារីស​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ដែល​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​បារាំង ក៏ដូចជា​ព្យាយាម​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​និយាយ​ភាសា​អង់គ្លេស​ដែរ​។​

​កន្លងមក​លោក ម៉ា​ក្រុង បាន​ក៏​ទៅ​ទស្សនកិច្ច​នៅ​ហ្កា​ណា ឆ្នាំមុន ហើយ​លើក​នេះ​នៅ​នី​ហ្សេ​រី​យ៉ា​។ នី​ហ្សេ​រី​យ៉ា​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែលមាន​ប្រជាជន​រហូតដល់ ១៨០ លាន​នាក់ និង​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ផុត​គេ​នៅក្នុង​តំបន់​អាហ្វ្រិក​ផងដែរ​។ រដ្ឋ​អាហ្វ្រិក​មួយ​នេះ​អាច​ផលិត​ប្រេង​បាន​មួយថ្ងៃ​ជិត ២០០​លាន​បារ៉ែល និង​ជា​ដៃគូ​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​របស់​បារាំង​ផងដែរ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  នី​ហ្សេ​រី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com