ជាតិ
សេដ្ឋកិច្ច
៦​ខែ​ដើម​ឆ្នាំនេះ រដ្ឋ​រក​ចំណូល​ពី​វិស័យ​ព្រៃឈើ​បាន​ជាង ៣​លាន​ដុល្លារ
24, Jul 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំនេះ វិស័យ​ព្រៃឈើ និង​អនុផល​ព្រៃឈើ បានផ្ដល់​ចំណូល​ជាង ៣​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី​១​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ក្រុមហ៊ុន​ចំនួន ១១ បាន​នាំចេញ​ផលិតផល​រាន​ទេវតា​និង​ឈើ​កែច្នៃ ទៅ​ក្រៅប្រទេស ៣១៥៦​ម៉ែត្រ​គីប ចំណាំង​កម្ទេច​ឈើ ៥០០​តោន និង​ជ័រទឹក ២០៥​តោន​។ តែ​ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​នាំចូល​ឈើ​ប្រមាណ ២២៥៨​ម៉ែត្រ​គីប​ពី​ក្រៅប្រទេស​ផងដែរ​។

​របាយការណ៍​ខាងលើ​ឲ្យ​ដឹងថា រដ្ឋបាល​ព្រៃឈើ​បានផ្ដល់​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល​ព្រៃឈើ និង​អនុផល​ព្រៃ​ឈើជូន​ក្រុមហ៊ុន និង​អតិថិជន ១៨​នាក់ ដែលមាន​ឈើ​ហ៊ុ​ប​មូល​ចំនួន ១១៧២៥ ម៉ែត្រ​គីប​, ឈើ​រអា ២៨២៤ ម៉ែត្រ​គីប​, ឈើ​ជ្រុង​និង​ឡាំង​ជ្រុង ៦០៥​ម៉ែត្រ​គីប​, ឈើ​ក្រាក់ ១​ម៉ែត្រ​គីប​, ឈើប្រណិត ១៧៦៤៧ ម៉ែត្រ​គីប​, អុស​៣៧៥៩​ស្ទែរ​, ជ័រទឹក ៥២៧​តោន​, ឬ​ស្សី​ព្រៃ ៦២៧​តោន​, គល់​ធ្នង់ ៦​គល់​, បង្គោលក្រាក់ ១៣៣៧​ដើម​, ជន្លង់ម្រេច ១០៣៨​ដើម​, ពក ៨៤៣​គីឡូក្រាម និង​ធ្យូង ១៧១៨០​គីឡូក្រាម​។​



​របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ​មាន​ចំនួន ១២ ៥០០ ៨២៩ ៦៤២ រៀល (​ប្រហែល ៣,១​លាន​ដុល្លារ​) និង​ប្រាក់​ដុល្លារ ៩០២២៦ ដុល្លារ​។ ទោះយ៉ាងណា​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក អ៊ុង សំអាត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ អំពី​ចំណូល​ពី​វិស័យនេះ​។​

​រីឯ​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដីព្រៃ ដែល​កើតឡើង​ក្នុង​រយៈពេល​៦​ខែ​នេះ មាន​ចំនួន ៥៧៥​ករណី​៕


Tag:
 ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com