ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួង​ព័ត៌មាន ព្រមាន​ដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ចុះផ្សាយ​រឿង​នយោបាយ នៅ​ថ្ងៃ​«​ស​»
28, Jul 2018 , 3:37 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ព្រមាន​ដក​អាជ្ញាប័ណ្ណ​របស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​បន្ត​ចុះផ្សាយ​ពី​រឿង​នយោបាយ នៅ​ថ្ងៃ​«​ស​» មុន​ការបោះឆ្នោត​នេះ​។

 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ បាន​និយាយថា ក្រសួង​កំពុង​តាមដាន​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា អំពី​ដំណើរការ​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន នៅ​ថ្ងៃ​«​ស​» ដែល​ហាម​និយាយ​ពី​រឿង​នយោបាយ​នេះ​។ លោក ផុស សុវណ្ណ បាន​បន្ថែមថា បើ​ក្រសួង​រកឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ធ្វើ​ផ្ទុយ​ពី​បម្រាម គ​.​ជ​.​ប​នោះ ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​របស់​ព័ត៌មាន ដែល​បានកំណត់​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​រូបនេះ បាន​និយាយថា​៖​មកដល់ពេលនេះ យើង​មិនទាន់​ឃើញ​មានការ​ស្ថាប័ន​ព័ត៌មាន​ណា ចុះផ្សាយ​រឿង​នយោបាយ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។ ប៉ុន្តែ​បើ​យើង​ពិនិត្យឃើញថា មាន​ស្ថាប័ន​ណា​ចុះផ្សាយ​នោះ គឺ​យើង​ផ្ដល់​កាត​លឿង ឬ​កាត​ក្រហម​ទៅ​ស្ថាប័ន​នោះ ដោយ​ហៅ​ម្ចាស់​ស្ថាប័ន​មក​ព្រមាន ឬ​ដក​អាជ្ញា​បណ្ណ​ពី​ពួកគេ​តែម្ដង​»​។​
 
​លោក ផុស សុវណ្ណ ស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ចុះផ្សាយ​អត្ថបទ​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ដែល​បានកំណត់​។ ស្ថាប័ន​ព័ត៌មាន​អន​ឡាញ​នៅ​កម្ពុជា មាន​២០០​អង្គភាព ស្ថាប័ន​កាសែត វិទ្យុ និង​ទូរទស្សន៍​មាន​៧០០​អង្គភាព ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​។ នេះ​បើតាម​លោក ផុស សុវណ្ណ​។​
 
​ថ្ងៃ​«​ស​» តម្រូវ​ឲ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ឃោសនា​ពី​គោលនយោបាយ ឬ​សារ​នយោបាយ និង​កម្មវិធី​នយោបាយ ក្នុង​គោលបំណង​ទាក់ទាញ​សន្លឹកឆ្នោត​នោះទេ​។ នេះ​ជាការ​ពន្យល់​លោក ស៊ិ​ក ប៊ុន​ហុក ដែល​អំពាវនាវ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ចាប់ពី​ម៉ោង​១២:០០ យប់​ថ្ងៃទី​២៧ ដល់​ម៉ោង​១២:០០ យប់​ថ្ងៃទី​២៩ ខែកក្កដា​៕

Tag:
 ផុស សុវណ្ណ​
  បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com