អន្តរជាតិ
អ៊ីរ៉ង់​និង​អា​ហ្ស​ង់​ទីន ក្លាយជា​សមាជិក​ពេញសិទ្ធិ​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ
03, Aug 2018 , 9:19 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន Jorge Faurie និងសមភាគីសិង្ហបុរី Vivian Balakrishnan (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន Jorge Faurie និងសមភាគីសិង្ហបុរី Vivian Balakrishnan (រូបភាព AFP)
​នៅ​ថ្ងៃទី​២ ខែសីហា អា​ហ្ស​ង់​ទីន បាន​ក្លាយជា​សមាជិក​ថ្មី​មួយទៀត​នៃ​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ (TAC) ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រៅពី​អា​ហ្ស​ង់​ទីន ប្រទេសក្រៅ​តំបន់​អាស៊ាន​មួយទៀត គឺ​អ៊ីរ៉ង់ ក៏​នឹង​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​សន្ធិសញ្ញា​សន្តិភាព​នេះដែរ​។ បូក​បញ្ចូល​ប្រទេស​ទាំងពីរ​នេះ​ទៀត សន្ធិសញ្ញា TAC មាន​សមាជិក​ដល់​ទៅ​៣៧​ប្រទេស​ហើយ​។



​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សិង្ហ​បុរី ប្រទេស​ចំនួន​ពីរ​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​អាស៊ាន បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ (TAC) ។ នៅ​ថ្ងៃទី​២ ខែសីហា រដ្ឋមន្ត្រីការបរទេស​អា​ហ្ស​ង់​ទីន Jorge Faurie បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សមាជិក​ទាំង​១០ ដើម្បី​ក្លាយជា​សមាជិក​ថ្មី​នៃ​សន្ធិសញ្ញា TAC នេះ​។

​អំឡុង​កិច្ចប្រជុំ​ដដែល​នេះ ប្រមុខ​ការទូត​អាស៊ាន​ទាំងអស់ ក៏​នឹង​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វាដ ហ្សា​រី​ហ្វ ដើម្បី​ឲ្យ​អ៊ីរ៉ង់​ក្លាយជា​សមាជិក​ផ្លូវការ​នៃ TAC ផងដែរ​។ អាស៊ាន​ទទួលយក​អ៊ីរ៉ង់​ជា​សមាជិក TAC នា​កិច្ចប្រជុំ​កាលពី​ឆ្នាំ​២០១៦ ។ មន្ត្រី​អ៊ីរ៉ង់​និយាយថា ការចូល​ជា​សមាជិក TAC ជាការ​ទទួលស្គាល់​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ដែលជា​មហាអំណាច​តំបន់ និង​ពិភពលោក​ទៀតផង​។​

TAC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៦ ដែលមាន​គោលការណ៍​ដូចជា​គោរព​អធិបតេយ្យ ឯករាជ្យ​គ្នា​ទៅវិញទៅមក ការមិន​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​សមាជិក​ដៃ​ទៀត ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការមិន​ប្រើ​កម្លាំង និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ទៅមក​។ ចិន និង​ឥណ្ឌា គឺជា​ប្រទេសក្រៅ​តំបន់​ដំបូង​គេ​ដែល​កា្ល​យ​ជា​សមាជិក​សន្ធិសញ្ញា​នេះ គឺ​នៅ​ឆ្នាំ​២០០៣ នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៅ​ឥណ្ឌូណេស៊ី ឯ​អាមេរិក​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០០៩ ។​

​ក្រៅពី​ជំនួប​ដែល​ទទួលស្គាល់​អា​ហ្ស​ង់​ទីន និង​អ៊ីរ៉ង់​ជា​សមាជិក TAC រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​នឹងមាន​កិច្ចប្រជុំ​ច្រើនជាង​១០​ទៀត​អំឡុងពេល​ជំនួប​ទី​៥១​របស់ខ្លួន​។ កិច្ចប្រជុំ​ផ្សេងទៀត​មាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក ឥណ្ឌា និង​អូស្ត្រាលី​ជាដើម​។ អ្វីដែល​គេ​ចាំមើល គឺ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ដែលមាន​វត្តមាន​ប្រមុខ​ការទូត​មហាអំណាច​ដូចជា​អាមេរិក រុស្ស៊ី និង​ជាពិសេស​នោះ គឺ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​៕


Tag:
 អាស៊ាន​
  អ៊ីរ៉ង់​
  អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com