អន្តរជាតិ
អាមេរិក​ចាត់ទុក​ម៉ាឡេស៊ី​ជា​រដ្ឋ​ប្រជាធិបតេយ្យ​ខ្លាំង ដោយសារ​បក្សប្រឆាំង​អាច​ឈ្នះ​បក្ស​កាន់អំណាច​
03, Aug 2018 , 3:25 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នាជំនួបទ្វេភាគី (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នាជំនួបទ្វេភាគី (រូបភាព AFP)
​ការបោះឆ្នោត​នៅ​ម៉ាឡេស៊ី ដែល​សម្ព័ន្ធ​បក្សប្រឆាំង​ដឹកនាំ​លោក មហា​ធៀ មហាម៉ាត់ ផ្ដួល​សម្ព័ន្ធភាព​កាន់អំណាច ត្រូវបាន​អាមេរិក​ចាត់ទុកជា​រឿង​ប្រវត្តិសាស្ត្រ​។ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​២ ខែសីហា និយាយថា ជ័យជម្នះ​របស់​ក្រុមប្រឆាំង​របស់លោក មហា​ធៀ បានបង្ហាញ​ពី​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី​។ ទោះ​មានការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​នៅ​ម៉ាឡេស៊ី​ក្ដី អាមេរិក​នៅ​រំពឹងថា ទំនាក់ទំនង​ទ្វេភាគី​នឹង​នៅតែ​ល្អប្រសើរ​ដដែល​។​



​ការវិលត្រឡប់​របស់​លោក មហា​ធៀ មហាម៉ាត់ ជា​នាយករដ្ឋមន្ត្រី​រប​ស់​ម៉ាឡេស៊ី គឺជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​អាមេរិក​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​២ ខែសីហា នៅមុន​ការ​ទៅដល់​ម៉ាឡេស៊ី​របស់​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ។ លោក ប៉ុ​ម​ប៉េ​អូ ជា​មន្ត្រីជាន់ខ្ពស់​របស់​អាមេរិក​ទីមួយ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ក្រោយ​ការបោះឆ្នោត​ដែល​សម្ព័ន្ធភាព​ប្រឆាំង​ផ្ដួល​សម្ព័ន្ធភាព​កាន់អំណាច​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ពីលើ​យន្តហោះ​ក្នុង​ដំណើរ​ទៅ​ម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងការបរទេស​អាមេរិក​បាន​កត់សម្គាល់ថា នេះ​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​ដែល​បក្សប្រឆាំង​ជា​អ្នកឈ្នះ​។ បើតាម​មន្ត្រី​ដដែល​នេះ ជ័យជម្នះ​បានបង្ហាញ​ពី​កម្រិត​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​ដែល​លេច​រូបរាង​ច្បាស់​នៅ​ម៉ាឡេស៊ី ហើយក៏​បង្ហាញថា ម៉ាឡេស៊ី​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ខ្លាំង​ក្នុងចំណោម​សមាជិក​អាស៊ាន​ដែរ​។​

​លោក មហា​ធៀ ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​ជាងគេ​របស់​ម៉ាឡេស៊ី ដោយ​ដឹកនាំ​រដ្ឋាភិបាល​ចាប់ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ កាល​នៅ​ជា​មេដឹកនាំ​បក្ស​កាន់អំណាច UMNO ។ ប៉ុន្តែ​លោក​សម្រេចចិត្ត​ចាក​ចេញមក​បង្កើត​បក្ស​ខ្លួនឯង​នៅក្នុង​ឆ្នាំ ២០១៥ ក្រោយ​មាន​ជម្លោះ​ជាមួយ​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដោយសារ​សំណុំរឿង​ពុករលួយ 1MDB​។ លោក​ក៏​សម្រេច​ចាប់ដៃ​សត្រូវ​ចាស់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ពង្រឹង​សម្ព័ន្ធ​បក្សប្រឆាំង​ហើយក៏​ឈ្នះ​ការបោះឆ្នោត​ខែឧសភា​។

«​លោក មហា​ធៀ បាន​ត្រឡប់​ទៅកាន់​តួនាទី​ដឹកនាំ​វិញ​តាមផ្លូវ​ផ្សេង ហើយ​នេះ​ជាការ​សង្កេត​របស់​អាមេរិក​លើ​ការបោះឆ្នោត​នៅ​ម៉ាឡេស៊ី​»​។ នេះ​ជា​សម្ដី​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក មុននឹង​បន្តថា លោក មហា​ធៀ ជា​រដ្ឋបុរស​របស់​ម៉ាឡេស៊ី និង​តំបន់​ទាំងមូល ហើយ​ពោរពេញ​ដោយ​បទពិសោធន៍​គ្រប់គ្រង​រដ្ឋាភិបាល​។

​ទោះជា​ម៉ាឡេស៊ី​បាន​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្ដី មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ជឿថា ទំនាក់ទំនង​ស៊ីជម្រៅ​លើ​វិស័យ​ជាច្រើន​ដែលមាន​ស្រាប់​រវាង​អាមេរិក និង​ម៉ាឡេស៊ី នឹង​នៅតែ​ល្អប្រសើរ​ដដែល​។ ទស្សនកិច្ច​របស់លោក ប៉ុ​ម​ប៉េ​អូ ដែលមាន​បញ្ចូល​ជំនួប​ជាមួយ​លោក មហា​ធៀ ផង​នោះ គឺជា​ឱកាស​សម្រាប់​ក្រុង​វ៉ាស៊ីនតោន និង​គួ​ឡា​ឡាំ​ពួរ បន្តការងារ​ថ្មី ជាពិសេស​គោលនយោបាយ​ពាណិជ្ជកម្ម​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ៕


Tag:
 អាមេរិក​
  ម៉ាឡេស៊ី​
  Mike Pompeo
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com