អន្តរជាតិ
ជម្លោះ​ការទូត​កាណាដា​-​អា​រ៉ា​ប៊ី​សា​អូឌីត​៖ ក្រុង​រី​យ៉ា​ដ​មិន​ចរចា​និង​ត្រៀម​ចាត់វិធានការ​ថែមទៀត
09, Aug 2018 , 2:59 pm        
រូបភាព
​ផ្ដើមចេញពី​ការស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស កាណាដា និង​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​មើលមុខ​គ្នា​លែង​ត្រូវ​រហូតដល់​ថ្នាក់​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ផង​។ អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ខឹង​នឹង​ពាក្យរិះគន់​លើ​ស្ថានការណ៍​សិទ្ធិមនុស្ស​ពី​សំណាក់​កាណាដា បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ខណៈ​កាណាដា​ក៏​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​នានា​ជួយ​ដោះស្រាយ​បញ្ហា​ផង តែ​មិនទាន់មាន​អន្តរាគមន៍​អ្វី​ទេ​។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ក៏​ប្រកាស​ដែរ​ថា កាណាដា​នឹង​បន្ត​លើកឡើង​បញ្ហា​សិទ្ធិមនុស្ស​ទៀត​។



​ចាប់​តាំងពីដើម​សប្ដាហ៍​នេះ ជម្លោះ​រវាង​កាណាដា និង​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស នៅ​មិនទាន់​ធូរស្រាល​នៅឡើយ​ទេ​។ ក្រោយ​រដ្ឋាភិបាល​កាណាដា​ស្នើ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​ផង​នោះ អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ខឹង​ក្ដៅស្លឹកត្រចៀក បានប្រកាស​បណ្ដេញ​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​ទីក្រុង​រី​យ៉ា​ដ និង​បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​ចូល​ស្រុក​វិញ​ដែរ ព្រមទាំង​ផ្អាក​រាល់​សកម្មភាព​ពាណិជ្ជ​កម្ម និង​វិនិយោគ​ជាមួយ​កាណាដា​ផង​។​

​ចំណាត់ការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​មិនបាន​បញ្ចប់​ត្រឹម​វិស័យ​ពាណិជ្ជកម្ម​ឡើយ​។ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​ប្រកាស​ផ្ទេរ​និស្សិត​របស់ខ្លួន​ដែល​កំពុង​សិក្សា​នៅ​ទឹកដី​កាណាដា​ទៅកាន់​ប្រទេស​ផ្សេង ផ្អាក​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខាភិបាល ហើយ​អ្នកជំងឺ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​សម្រាក​ព្យាបាល​នៅ​កាណាដា ក៏ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ដទៃ​ដែរ​។ លើសពីនោះ ក្រុមហ៊ុន​អាកាសចរណ៍​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ផ្អាក​ជើងហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង Toronto ផង​។​

​ទោះជា​អា​រ៉ា​ប៊ី​សា​អូឌីត​ចាត់វិធានការ​ខ្លាំង​វិញ​ក្ដី គេ​មិនទាន់​ឃើញ​ការឆ្លើយតប​អ្វី​ពី​កាណាដា​ឡើយ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ក៏​មិន​ចុះ​ញ៉ម និង​សុំទោស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ ទោះជា​កាណាដា​មិន​ចង់ឃើញ​ទំនាក់ទំនង​ល្អក់កករ​ក្ដី​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ទ្រូ​ដូ បញ្ជាក់​នៅ​ថ្ងៃទី​៨ ខែសីហា ថា កាណាដា នឹង​បន្ត​និយាយ​ជា​សាធារណៈ និង​ឲ្យ​ឮ​ពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នេះ​។ តែ​លោក​ទទួលស្គាល់ថា ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រសើរ​ខ្លះ​មែន​។​

​តាមពិតទៅ​ជម្លោះ​រវាង​កាណាដា និង​អា​រ៉ា​ប៊ី​សា​អូឌីត កើតចេញ​ក្រោយ​ក្រុង​អូ​តា​វ៉ា​ស្នើ​ឲ្យ​ក្រុង​រី​យ៉ា​ដ​ដោះលែង​សកម្មជន​ល្បីឈ្មោះ Samar Badawi ជាបន្ទាន់​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​ចាត់ទុក​ការលើកឡើង​នេះ ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន មិនមែន​ត្រឹម​បញ្ហា​សិទ្ធិមនុស្ស​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Adel al-Jubeir បាន​ទាត់ចោល​ការចរចា​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្មានអ្វី​ត្រូវ​ចរចា​ឡើយ ហើយ​វិធានការ​ថ្មី​អាច​នឹង​ចេញ​ជា​រូបរាង​ទៀត​។​

​យ៉ាងណាមិញ ទោះ​ជាមាន​ចំណាត់ការ​ជាច្រើន​លើ​កាណាដា​ក្ដី អា​រ៉ា​ប៊ី​សា​អូឌីត​សម្រេចចិត្ត​មិន​ផ្អាក​ការលក់​ប្រេង​ទៅ​ឲ្យ​អតិថិជន​នៅ​កាណាដា​ទេ​។ ក្នុងន័យ​ការពារ​ប្រាក់ចំណូល​ពី​ការលក់​ប្រេង​សន្ធឹកសន្ធាប់ រដ្ឋមន្ត្រី​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត Khalid al-Falih បញ្ជាក់ថា ជម្លោះ​លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ មិន​ប៉ះពាល់​ម៉ូយ​ទិញ​ប្រេង​របស់​ក្រុមហ៊ុន Aramco ឡើយ ព្រោះ​ការផ្គត់ផ្គង់​ប្រេង​ជា​រឿង​ដាច់ដោយឡែក​ពី​ទំនាស់​នយោបាយ​៕


Tag:
 កាណាដា​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com