ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចៅក្រម​ស៊ើបសួរ នឹង​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ ដើម្បី​ប្រាប់ថា​ដោះលែង​ឬ​បន្ត​ឃុំ​
25, Aug 2018 , 8:19 pm        
រូបភាព
លោក កឹម សុខា ចេញឃោសនាក្នុងខេត្តសៀមរាប កាលពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២0១៧។ រូបភាពពីហ្វេសបុក Kem Sokha
លោក កឹម សុខា ចេញឃោសនាក្នុងខេត្តសៀមរាប កាលពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២0១៧។ រូបភាពពីហ្វេសបុក Kem Sokha
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹងធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូង​សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ  ដើម្បី​បើកសវនាការ​នៅ​ទីនោះ​តែម្តង​។



​លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា អះអាងថា លោក បានទទួល​ដីកា​អញ្ជើញ​ពី​ចៅក្រម​ស៊ើបសួរ​រួចហើយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​សវនាការ​នេះ គឺជា​នីតិវិធី ដែល​ធ្វើឡើង​ដើម្បី​សម្រេច​ថា​ត្រូវ​ដោះលែង ឬ​បន្ត​ឃុំខ្លួន​។ វា ជា​រឿង​សំខាន់​ណាស់​សម្រាប់​កូនក្តី​របស់​ពួក​ខ្ញុំ ដូច្នេះ ពួក​ខ្ញុំ នឹង​ទៅ​ចូលរួម​ទាំងអស់គ្នា​»​។

​លោក​មេធាវី​រូបនេះ គ្រាន់តែ​បង្ហាញ​ក្តីសង្ឃឹម​ថា​លោក កឹម សុខា អាចនឹងទទួល​បាន​ល​ទ្ធ​ផល​វិជ្ជមាន ក្នុងការ​បើកសវនាកា​រ​នាពេលខាងមុខ​។ ប៉ុន្តែ លោក មិន​ហ៊ាន​អះអាង​ទេ ថា​អតីត​ប្រធាន​គណបក្សប្រឆាំង នឹង​ត្រូវបាន​ដោះលែង​។ លោក ពន្យល់ថា ដោះលែង​ឬ​មិន​ដោះលែង គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។

​ក្នុង​បទល្មើស​ឧក្រិដ្ឋ ចៅក្រម​ស៊ើបសួរ អាច​បន្ត​ឃុំ​ជន​ត្រូវ​ចោទ រហូតដល់​ទៅ​១៨​ខែ​ឯណោះ​។ ជា​នីតិវិធី ក្នុង​រយៈ​៦​ខែ ចៅក្រម​ស៊ើបសួរ ត្រូវធ្វើ​សេចក្តីសម្រេច​ម្តង ថា​ត្រូវ​ដោះលែង ឬក៏​ត្រូវ​បន្ត​ឃុំខ្លួន​។

​ចៅក្រម​ស៊ើបសួរ បាន​ទៅ​ជួប​លោក កឹម សុខា ៣​លើក​រួចមកហើយ​នាពេល​កន្លងមក​។ ក្រោយ​លោក កឹម សុខា ជាប់ឃុំ​បាន​៦​ខែ ចៅក្រម​ស៊ើបសួរ បានធ្វើ​សេចក្តីសម្រេច​ម្តង ដោយ​កាលនោះ សម្រេច​បន្ត​ឃុំខ្លួន​។ ឥឡូវ ជិត​ដល់​រយៈពេល​៦​ខែ​ទៀតហើយ ដូច្នេះ ចៅក្រម​ស៊ើបសួរ ត្រូវ​ទៅ​ជួប​លោក កឹម សុខា ដើម្បី​សម្រេច​ជាថ្មី​ថា ត្រូវ​បន្ត​ឃុំខ្លួន​ទៀត ឬក៏​ត្រូវ​ដោះលែង​។  

​ម​ជ្ឍ​ដ្ឋា​ន​ជាច្រើន រួមទាំង​សហគមន៍​អន្តរជាតិ​ផង ហាក់​សង្ឃឹមថា លោក កឹម សុខា អាច​នឹង​ត្រូវបាន​ដោះលែង​ក្នុងពេល​ឆាប់ៗ​នេះ​។ មជ្ឈដ្ឋាន​ទាំងនោះ សង្ឃឹម​បែបនេះ ដោយសារតែ​ពួកគេ ឃើញ​មនុស្ស​មួយចំនួន រួមមាន អ្នកនយោបាយ អ្នកវិភាគ សកម្មជន​ដីធ្លី និង​អតីត​អ្នកកាសែត ត្រូវបាន​ដោះលែង​ជា​បន្តបន្ទាប់​។ 

​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាល​ដើមខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា លួច​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បើ​គិត​ទៅ លោក បាន​ជាប់ឃុំ​ជិត​១២​ខែ​ហើយ​៕


Tag:
 កឹម សុខា​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com