អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថ្មី​អូស្ត្រាលី ទៅ​ឥណ្ឌូណេស៊ី​មុនគេ ដើម្បី​ប្រកាស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​
29, Aug 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីថ្មីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
នាយករដ្ឋមន្រ្តីថ្មីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ថ្មី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នឹង​ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៣០ ខែសីហា ក្រោយ​កាន់តំណែង​ថ្មីៗ​។ លោក ម៉ូ​រី​សុន រំពឹងថា នឹង​ប្រកាស​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​សមាជិក​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ របស់​ពិភពលោក​។ កិច្ចព្រមព្រៀង​នេះ នឹង​ជំរុញ​ទំនាក់ទំនង​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​ការពង្រីក​ទីផ្សារ​ផង​។

 
​ទើប​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន បានជ្រើសរើស​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី ជា​ទិសដៅ​មុនគេ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​។ អាច​ថា មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​លោក ម៉ូ​រី​សុន ជ្រើសរើស​ឥណ្ឌូណេស៊ី ដោយ​លោក​និយាយ​មុន​ទស្សនកិច្ច​នេះ​ថា ជាការ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​ទ្វេភាគី និង​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី​ថ្មី​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិសុខ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ម៉ូ​រី​សុន និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ត្រូវ​រំពឹងថា នឹង​ប្រកាស​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​។ យោងតាម​សារព័ត៌មាន Financial Review មន្ត្រី​ក្រុង​កង់​ប៉េ​រ៉ា និង​ក្រុង​ហ្សា​ការ​តា​បានបញ្ចប់​ការចរចា​ហើយ​កាលពី​សប្ដាហ៍​មុន ឯ​កិច្ចព្រមព្រៀង​ក៏មាន​រួច​ដែរ​។ កិច្ចព្រមព្រៀង​នេះ នឹង​បើកឱកាស​ឲ្យ​អូស្ត្រាលី​អាច​បើក​សាកលវិទ្យាល័យ​នៅ​ទឹកដី​ឥណ្ឌូណេស៊ី ហើយ​ឥណ្ឌូណេស៊ី​ក៏​បង្កើន​ការនាំចេញ​សាច់គោ​ទៅ​ទីផ្សារ​អូស្ត្រាលី​។​
 
​ចាប់ផ្ដើម​ចរចា​នៅ​ឆ្នាំ​២០១០ កិច្ចព្រមព្រៀង​នេះ​បាន​ជួប​ឧបសគ្គ​ជាច្រើន​រហូត​ជាប់គាំង មុន​នឹងមាន​ដង្ហើម​ឡើងវិញ​នៅ​ឆ្នាំ​២០១៦ ។ ចរន្ត​គាំពារ​និយម​នៅ​ឥណ្ឌូណេស៊ី បាន​ក្លាយជា​កម្លាំង​រាំងស្ទះ​ដល់​ការចរចា បន្ថែម​ពីលើ​កត្តា​ដែល​ឥណ្ឌូណេស៊ី​មិនមែនជា​ប្រទេស​ដែល​សកម្ម​ក្នុង​ការចរចា​ពាណិជ្ជកម្ម​ផង​នោះ​។ សម្រាប់​ឥណ្ឌូណេស៊ី កិច្ចព្រមព្រៀង​ភាគច្រើន​ឆ្លងកាត់​សមាគម​អាស៊ាន លើកលែង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៨ ជាមួយ​ជប៉ុន​ប៉ុណ្ណោះ​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ម៉ូ​រី​សុន នៅ​ឥណ្ឌូណេស៊ី ក៏​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង​ពាណិជ​ជ្ជ​កម្ម​តម្លៃ​១៦​ពាន់​លាន​ដុល្លារ​ដែល​សម្រេចបាន​អំឡុង​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ម៉ា​ល់ខម ធើ​ន​ប៊ូល ជាមួយនឹង​លោក វី​ដូ​ដូ ។ លោក ម៉ូ​រី​សុន បញ្ជាក់ថា អូស្ត្រាលី និង​ឥណ្ឌូណេស៊ី មាន​ទីតាំង​ភូមិសាស្ត្រ​ក្បែរ​គ្នា ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ស៊ីជម្រៅ ហើយ​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែខ្លាំង សុវត្ថិភាព និង​រីកចម្រើន​។​
 
​ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អូស្ត្រាលី និង​ឥណ្ឌូណេស៊ី ទំនងជា​ប្រកាស​បង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផង​អំឡុង​ទស្សនកិច្ច​របស់លោក ម៉ូ​រី​សុន ដែល​កាន់តំណែង​បាន​ទើប​មួយ​សប្ដាហ៍​។ វា​នឹង​ក្លាយជា​បង្កើន​ទំនាក់ទំនង​ការទូត​ដល់​កម្រិត​មួយ​ខ្ពស់ ដែល​នាំ​ឲ្យ​មាន​ជំនួប​ថ្នាក់ខ្ពស់​រវាង​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ផងដែរ​។ នៅ​អាស៊ាន អូស្ត្រាលី​ទើប​បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​វៀតណាម​កាលពី​ខែមីនា​កន្លងទៅ​៕

Tag:
 អូស្ត្រាលី​
  ឥណ្ឌូណេស៊ី​
  ស្កុ​ត ម៉ូ​រី​សុន​
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com