អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​៖ មជ្ឈិមបូព៌ា​សម្រាប់តែ​អ្នកខ្លាំង ឯ​អ្នកទន់ខ្សោយ​នឹងត្រូវ​បាត់​រូប​
30, Aug 2018 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព Xinhua)
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព Xinhua)
​នៅ​ថ្ងៃទី​២៩ ខែសីហា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ គំរាម​វាយប្រហារ​លើ​កម្លាំង​ទ័ព​អ៊ីរ៉ង់​នៅ​ស៊ី​រី ក្រោយ​អ៊ីរ៉ង់ និង​ស៊ី​រី​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​ការពារជាតិ​រួចមក​។ អ៊ីស្រាអែល មិន​ពេញចិត្ត​ឡើយ​នឹង​វត្តមាន​យោធា​អ៊ីរ៉ង់​នៅ​ទឹកដី​ស៊ី​រី ព្រោះ​ជាការ​គំរាម​សន្តិសុខ​របស់ខ្លួន​។ លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏បាន​ព្រមាន​ដែរ​ថា នៅ​តំបន់​មជ្ឈិមបូព៌ា គ្មាន​ទីតាំង​ឈរជើង​សម្រាប់​ប្រទេស​ដែល​ទន់ខ្សោយ​ឡើយ​។

 
​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃទី​២៩ ខែសីហា បាន​ទៅ​ចូលរួម​ពិធី​ប្ដូរ​ឈ្មោះ​រោងចក្រ​នុយក្លេអ៊ែរ Negev នៅ Dimona ដោយ​ដាក់ឈ្មោះ​តាម​អតីត​នាយករដ្ឋមន្ត្រី Shimon Peres ។ ពី​ទីនោះ លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​គំរាម​អ៊ីរ៉ង់ និង​ស៊ី​រី ដែល​ទើប​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការពារជាតិ​។ លោក​ក៏​និយាយ​អួតអាង​ពី​សមត្ថភាព​របស់​អ៊ីស្រាអែល​យោធា​ដែលមាន​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​របស់ខ្លួន​។​
 
​ដោយ​រំឭក​ការប្រឹងប្រែង​របស់លោក Peres ដើម្បី​បង្កើត​សន្តិភាព លោក ណេ​តាន់​យ៉ា​ហ៊ូ បញ្ជាក់ថា សន្តិភាព​អាច​សម្រេចបាន​លុះត្រាតែ​អ៊ីស្រាអែល​អាចបង្កើត​អាវុធ​ការពារ​ខ្លួន​។ និយាយ​ដល់​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​រូបនេះ​លើកឡើង​តាមរយៈ Twitter ផ្លូវការ​របស់ខ្លួន​ថា នៅ​មជ្ឈិមបូព៌ា និង​នៅ​កន្លែង​ដទៃទៀត​លើ​ពិភពលោក មាន​ការពិត​ដូចគ្នា​មួយ គឺ​គ្មាន​កន្លែង​សម្រាប់​ប្រទេស​ទន់ខ្សោយ​ឡើយ​។ 
 
«​ប្រទេស​ខ្សោយ​នឹង​វិនាស​ខ្ទេចខ្ទី និង​ត្រូវគេ​លុប​ចេញពី​ប្រវត្តិសាស្ត្រ ស្រប​ពេលដែល​ប្រទេស​ខ្លាំង ទោះ​ល្អ​ឬ​អាក្រក់ នឹងមាន​ជីវិត​។ ប្រទេស​ខ្លាំង​នឹង​ទទួលបាន​ការគោរព ហើយ​អាចបង្កើត​មិត្តភក្តិ​ខ្លាំងៗ​បាន ហើយ​ចុង​បញ្ចប់ទៅ សន្តិភាព​មានតែ​ជាមួយ​ប្រទេស​ខ្លាំង​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បកស្រាយ​របស់លោក ណេ​តាន់​យ៉ា​ហ៊ូ ។ ដោយ​ចង់​សំដៅ​អ៊ីរ៉ង់ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ​បន្តថា សត្រូវ​របស់​អ៊ីស្រាអែល​ដឹង​ពី​សមត្ថភាព​របស់​អ៊ីស្រាអែល គឺ​អ្នកណា​ចង់​ធ្វើបាន​អ៊ីស្រាអែល នឹងរង​ការ​វាយបក​វិញ​។​
 
 
​អ៊ីស្រាអែល និង​អ៊ីរ៉ង់ គឺជា​សត្រូវ​ស៊ីសាច់​ឈាម​នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​ជារឿយៗ​តែង​គំរាម​កម្ទេច​គ្នា​ទៅវិញទៅមក​។ គូប្រជែង​ទាំងពីរ ក៏​សុទ្ធតែ​បាន​ពង្រឹងសមត្ថភាព​យោធា​រៀងៗ​ខ្លួន​ដែរ ដោយ​អ៊ីស្រាអែល​មាន​ដល់​អាវុធ​នុយក្លេអ៊ែរ​ឯណោះ ខណៈ​អ៊ីរ៉ង់​ក៏បាន​នុយក្លេអ៊ែរ តែ​បាន​ផ្អាក​កម្មវិធី​នេះ​សិន​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​៦​ប្រទេស​ទៀត​ក្នុង​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​អ៊ីស្រាអែល​បាន​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​ដើរចេញ ដែល​ធ្វើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ​រកកល់នឹង​ដួល​ទៅហើយ​។​
 
​បន្ថែម​ពី​ល​លើ​នេះ វត្តមាន​យោធា​អ៊ីរ៉ង់​នៅ​ស៊ី​រី កំពុងតែ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មិន​សប្បាយចិត្ត ព្រោះ​មានន័យថា អ៊ីរ៉ង់​ចូលកាន់​តែ​កៀក​អ៊ីស្រាអែល​ទៅហើយ​។ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​រូបនេះ បាន​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​កិច្ចព្រមព្រៀង​រវាង​ក្រុង​តេ​ហេ​រ៉ង់ និង​ក្រុង​ដា​ម៉ាស់ ដែល​បន្តពេល​ស្នាក់នៅ​របស់​ទាហាន​អ៊ីរ៉ង់​។ លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​ព្រមាន​ថា កិច្ចព្រមព្រៀង​នេះ​មិនអាច​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ញញើត​ឡើយ​៕
 

Tag:
 មជ្ឈិមបូព៌ា​
  អ៊ីស្រាអែល​
  អ៊ីរ៉ង់​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com