អន្តរជាតិ
ចិន​រឹតត្បិត​ចំនួន​ហ្គេម​អ៊ីនធឺណិត ព្រោះ​បារម្ភ​ការកើនឡើង​ជំងឺ​ម្ញ៉ូ​ប​ក្នុងចំណោម​កុមារ​
31, Aug 2018 , 7:39 pm        
រូបភាព
​អជ្ញាធរ​ចិន នៅ​ថ្ងៃទី​៣០ ខែសីហា បានចេញ​វិធានការ​មួយ សំដៅ​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ហ្គេម​អន​ឡាញ​។ ការដាក់ចេញ​វិធានការ​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុង​គោលដៅ​កាត​បន្ថយ​ការកើត​ជំងឺ​ម្ញ៉ូ​ប​ក្នុងចំណោម​កុមារ ស្រប​ដែល​ការប្រើប្រាស់​អ៊ីនធឺណិត​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​។ វិធានការ​នេះ បានធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​នៃ​ក្រុមហ៊ុន​ផលិត​ហ្គេម​ធ្លាក់ចុះ​ខ្លាំង​។​

 
​រដ្ឋាភិបាល​ចិន បាន​បញ្ចេញ​ផែនការ​ដើម្បី​គ្រប់គ្រង​បរិមាណ​ហ្គេម​អន​ឡាញ ដែលជា​ឧស្សាហកម្ម​មួយ​មាន​ប្រជាប្រិយភាព​ខ្ពស់ និង​មាន​កំណើន​លឿន​។ ប៉ុន្តែ​វា​ក៏បាន​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ដែរ ព្រោះ​បាន​ប៉ះពាល់​ដល់​សុខ​ភា​ផ្នែក​របស់​ប្រជាជន​ចិន ជាពិសេស​ក្នុងចំណោម​កុមារ​តែម្ដង​។ បទបញ្ញត្តិ​ថ្មី​នេះ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​៣០ ខែសីហា ពោលគឺ​មួយថ្ងៃ​ក្រោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដាក់ចេញ​សេចក្ដីណែនាំ​មួយ​ឲ្យ​មានការ​គ្រប់គ្រង​ភ្នែក​កុមារ​។​
 
​ក្រសួង​អប់រំ​ចិន​នៅ​ថ្ងៃទី​៣០ ខែសីហា​ដដែល ប្រកាសថា អាជ្ញាធរ​នឹង​គ្រប់គ្រង​ចំនួន​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏ដូចជា​ហ្គេម​ដែល​ត្រូវបាន​ប្រើប្រាស់​ផង​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្នុង​បទបញ្ជា​ថ្មី​ដែល​ប្រកាស​រួមគ្នា​ដោយ​ក្រសួង​ចំនួន​៨ អាជ្ញាធរ​ចិន​ក៏​នឹង​ស្វែងរក​លទ្ធភាព​ក្នុងការ​បង្កើត​ប្រព័ន្ធ​កំណត់​អាយុ និង​ចាត់វិធានការ​ផ្សេងៗ​ដើម្បី​កម្រិត​ចំនួន​ពេលវេលា​សម្រាប់​កុមារ​លេង​ហ្គេម​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។​
 
​មិនយូរ​ក្រោយ​ការប្រកាស​របស់​អាជ្ញាធ​រ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ​ទាំង​តូច​ទាំង​ធំ បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ថ្ងៃទី​៣១ ខែសីហា​។ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Tencent បាន​ធ្លាក់ចុះ​ច្រើនជាង​៥​ភាគរយ​ក្នុង​ផ្សារ​ហ៊ុន​នៅ​ហុងកុង ខណៈ​ហ៊ុន​របស់​ក្រុមហ៊ុន Perfect World Co បាន​ធ្លាក់ចុះ​ជិត​៩​ភាគរយ​នៅឯ​សិន​ជិន​។ តម្លៃ​ហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​តូចៗ​ដូចជា Youzu Interactive Co និង​ក្រុមហ៊ុន Sichuan Xun You Network Technology បាន​ធ្លាក់ចុះ​ប្រមាណ​៨​ភាគរយ​ផងដែរ​។​
 
​ក្នុង​បទបញ្ជា​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ លោក ស៊ី ជិន​ភីង អះអាងថា ចិន​មាន​អត្រា​ជំងឺ​ម្ញ៉ូ​ប​ខ្ពស់​ក្នុងចំណោម​សិស្ស​នៅ​វ័យក្មេង​។ ដោយសារតែ​ជំងឺ​នេះ​បង្កបញ្ហា​ខ្លាំង​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​កុមារ វា​ក៏​ជាការ​គំរាមកំហែង​ដល់​អនាគត​របស់​ប្រទេសជាតិ​ដែរ​។​
 
​ការកំណត់​ចំនួន​ហ្គេម​តាម​អ៊ី​ធឺ​ណិ​ត គឺជា​ចំណាត់​ចុងក្រោយ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​ទប់ស្កាត់​ការកើនឡើង​ជំងឺ​ម្ញ៉ូ​ប​។ កន្លងមក អាជ្ញាធរ​ក៏បាន​បញ្ឈប់​ការផ្ដល់​ការអនុញ្ញាត​ដល់​ហ្គេម​អន​ឡាញ​ជាច្រើន​រួចហើយ​ដែរ​។ ក្នុង​ទិន្នន័យ​របស់​រដ្ឋបាល​ទូរទស្សន៍ និង​វិទ្យុជាតិ​ដែល​ត្រួតពិនិត្យ​ចំនួន​ហ្គេម​អន​ឡាញ​នេះ តាំងពី​ខែឧសភា​មក គេ​មិនឃើញ​មាន​ហ្គេម​ថ្មីៗ​ចូល​ទីផ្សារ​ចិន​ឡើយ ហើយក៏​គ្មាន​ការ​នាំចូល​ហ្គេម​ពី​បរទេស​ទៀត​ដែរ បើ​រាប់​ចាប់ពី​ខែកុម្ភៈ​មក​៕  
 

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com