អន្តរជាតិ
ប្រេសិតកូរ៉េខាងត្បូង៖ លោក គីម ចង់រំសាយនុយក្លេអ៊ែរនៅត្រឹមអាណត្តិទីមួយរបស់លោក ត្រាំ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រេសិតកូរ៉េខាងត្បូង ជុង អ៊ីយ៉ុង (រូបភាព KCNA)
×
ប្រេសិតកូរ៉េខាងត្បូង ជុង អ៊ីយ៉ុង ដែលទើបត្រឡប់ពីកូរ៉េខាងជើង បានប្រកាសថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចង់បានការរំសាយនុយក្លេអ៊ែរនៅត្រឹមអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែកញ្ញា លោក ជុង ក៏បញ្ចេញជំហរមិនពេញចិត្តរបស់លោក គីម ចំពោះសហគមន៍អន្តរជាតិដែលមិនជឿជាក់លើឆន្ទៈរបសកូរ៉េខាងជើងក្នុងការលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េដែរ។
ជារឿងមិនធ្លាប់មានពីមុន មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញកាលបរិច្ឆេទនៃការរំសាយនុយក្លេអ៊ែរ។ លោក គីម ចង់បានការរំសាយនុយក្លេអ៊ែរកើតឡើងនៅក្នុងអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ នេះជាសម្ដីរបស់ប្រេសិតពិសេសកូរ៉េខាងត្បូង ជុង អ៊ីយ៉ុង នៅថ្ងៃទី៦ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចមួយថ្ងៃនៅរដ្ឋធានីព្យុងយ៉ាងនៅថ្ងៃទី៥ ខែកញ្ញា។
ក្នុងដំណើរទស្សនកិច្ចដែលសំដៅកំណត់ថ្ងៃជំនួបមេដឹកនាំអន្តរកូរ៉េនោះ លោក ជុង បានជួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហើយលោក គីម ក៏ប្រាប់ពីជំហរខាងលើទៅមន្ត្រីកូរ៉េខាងត្បូងតែម្ដង។ មិនមែនតែការរំសាយនុយក្លេអ៊ែរឡើយ លោក គីម ក៏ចង់បញ្ចប់ទំនាក់ទំនងអរិភាពរវាងកូរ៉េខាងជើង និងអាមេរិករយៈពេល៧០ឆ្នាំក្នុងកាលបរិច្ឆេទខាងលើដូចគ្នាដែរ។ អាណត្តិរបស់លោក ត្រាំ នឹងចប់នៅដើមឆ្នាំ២០២១ ។
ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា មេដឹកនាំកូរ៉េខាងជើងក៏ប្រាប់មន្ត្រីកូរ៉េខាងត្បូងពីការជឿជាក់ឥតងាករេរបស់លោកចំពោះលោកប្រធានាធិបតី ត្រាំ និងត្រៀមខ្លួនធ្វើការជាមួយអាមេរិករហូតទីបញ្ចប់ទៀតផង។ លោក ជុង និយាយថា៖ «លោក គីម សង្កត់ធ្ងន់ថា លោកមិនដែលនិយាយពីភាពអវិជ្ជមានរបស់លោក ត្រាំ ទៅកាន់មន្ត្រី ឬអ្នកណាឡើយ។» ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូងក៏លើកឡើងពីការមិនពេញចិត្តរបស់លោក គីម ចំពោះអាមេរិក និងអន្តរជាតិដែរ។
បើតាមមន្ត្រីកូរ៉េខាងត្បូងដដែលនេះ មេដឹកនាំកូរ៉េខាងជើងមិនរីករាយឡើយនៅដែលសហគមន៍អន្តរជាតិមិនជឿថា ខ្លួនពិតជាមានបំណងរំសាយនុយក្លេអ៊ែរមែន។ ជាការពិត ដូចដែលលោក គីម ប្រាប់មប្រតិភូកូរ៉េខាងត្បូង ក្រុងព្យុងយ៉ាងពិតជាបានធ្វើសកម្មភាពមួយចំនួនមែនក្នុងការរំសាយនុយក្លេអ៊ែរនេះដូចជាការកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរដ៏ធំ និងបានផ្អាកការសាកល្បងមីស៊ីល ឬនុយក្លេអ៊ែរជាច្រើនខែផង។
យ៉ាងណាមិញ អាមេរិកនៅតែសង្ស័យអាកប្បកិរិយារបស់កូរ៉េខាងជើង ខណៈការចរចាបានជាប់គាំងនៅពេលចុងក្រោយនេះ។ លោក ត្រាំ ក៏ថែមទាំងលុបចោលដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ នៅព្យុងយ៉ាងកាលពីខែមុនទៀត។ នេះក៏ព្រោះតែអាមេរិកចង់ឃើញកូរ៉េខាងជើងធ្វើសកម្មភាពឲ្យបានច្រើនជាងនេះ និងរឹងមាំជាងនេះមុននឹងខ្លួនផ្អាកទណ្ឌកម្ម។ ប៉ុន្តែលោក គីម បានផ្ដាំតាមលោក ជុង ថា កូរ៉េខាងជើងចង់បានការទទួលស្គាល់ឆន្ទៈរបស់ខ្លួន៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
ជុង អ៊ីយ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com