អន្តរជាតិ
អាមេរិក​-​ឥណ្ឌា​ស្រុះស្រួល​គ្នា​ផ្នែក​យោធា តែ​បន្ត​ខ្វែងគំនិត​លើ​រឿង S-400 និង​បញ្ហា​អ៊ីរ៉ង់
07, Sep 2018 , 7:19 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក-ជេម-ម៉ាធីស,-រដ្ឋមន្រ្តីការបរទេស-ម៉ៃ-ប៉ុមប៉េអូ-ឈរថតរូបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា-Sushma-Swaraj-និងរដ្ឋមន្រ្តីការពារជាតិ-Nirmala-Sitharaman-(រូបភាព-Xinhua)
រដ្ឋមន្រ្តីការពារជាតិអាមេរិក-ជេម-ម៉ាធីស,-រដ្ឋមន្រ្តីការបរទេស-ម៉ៃ-ប៉ុមប៉េអូ-ឈរថតរូបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា-Sushma-Swaraj-និងរដ្ឋមន្រ្តីការពារជាតិ-Nirmala-Sitharaman-(រូបភាព-Xinhua)
​អាមេរិក និង​ឥណ្ឌា នៅ​ថ្ងៃទី​៦ ខែកញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ការពារជាតិ ដែល​នឹង​បើកផ្លូវ​ឲ្យ​ឥណ្ឌា​ទិញ​យុទ្ធោបករណ៍​ទំនើបៗ​ពី​អាមេរិក​ដើម្បី​បម្រើការ​ក្នុង​ជួរ​កងទ័ព​។ ភាគី​ទាំងពីរ​ក៏​រីករាយ​នឹង​ការវិវត្ត​នានា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កន្លងមក​ដែរ​។ យ៉ាងណាមិញ អាមេរិក និង​ឥណ្ឌា នៅ​មិនទាន់​អា​ចរក​ច្រកចេញ​បាន​នៅឡើយ​ជុំវិញ​សំណុំរឿង​ពីរ គឺ​គម្រោង​របស់​ឥណ្ឌា​ក្នុង​ទិញ​ខែល​ការពារ S-400 របស់​រុស្ស៊ី និង​ការបន្ត​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ដែល​អាមេរិក​សុទ្ធតែ​ចង់​ឥណ្ឌា​ផ្អាក​។

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចូលរួម​ក្នុង​កិច្ចសន្ទនា​២​បូក​២ ជាមួយ​សម​ភាគី​ឥណ្ឌា គឺ​រដ្ឋមន្ត្រី​ការពារជាតិ Nirmala Sitharaman និង​រដ្ឋមន្ត្រី​ការពារជាតិ Sushma Swaraj នៅ​ថ្ងៃទី​៦ ខែកញ្ញា នៅ​ទីក្រុង​ញូវដែលី​។ លទ្ធផល​សំខាន់​ជាងគេ​នៅក្រោយ​ជំនួប​ថ្នាក់ខ្ពស់​នេះ គឺ​អាមេរិក​បើក​ឲ្យ​ឥណ្ឌា​ទទួលបាន​ប្រព័ន្ធ​ការពារជាតិ​ទំនើបៗ​ដូចជា​ដ្រូ​ន​ជាដើម​ផង សំដៅ​ពង្រឹងសមត្ថភាព​យោធា​របស់​ឥណ្ឌា​។​
 
​កិច្ចព្រមព្រៀង​សន្តិសុខ និង​ការស្រុះស្រួល​ផ្នែក​គមនាគមន៍​រវាង​អាមេរិក និង​ឥណ្ឌា នឹង​អនុញ្ញាត​ឲ្យ​យោធា​ឥណ្ឌា​អាច​ប្រើប្រាស់​ឧបករណ៍​យោធា​ដែល​ទិញ​ពី​អាមេរិក​ឲ្យ​បាន​ច្រើន​មុខងារ​ថែមទៀត និង​ជា​កិច្ចព្រមព្រៀង​សម្រាប់តែ​ឥណ្ឌា​មួយគត់​។ បើតាម​សារព័ត៌មាន​ឥណ្ឌា Economic Times អាមេរិក​នឹង​ផ្គត់ផ្គង់​សម្ភារ​ចាំបាច់​នានា​ទៅ​ឲ្យ​ឥណ្ឌា ហើយក៏​ធានាថា ព័ត៌មាន​យោធា​ឥណ្ឌា​ក្រោម​កិច្ចព្រមព្រៀង​នេះ នឹងមិន​ត្រូវបាន​ចែករំលែក​ឲ្យ​ភាគី​ទី​បី​ឡើយ​។​
 
​ប្រមុខ​ការទូត​អាម​រិ​កលោក ប៉ុ​ម​ប៉េ​អូ ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ចំណុច​ដ៏​ល្អ​មួយ​ក្នុង​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​។ ចំណែកឯ​ប្រមុខ​ការពារជាតិ​ឥណ្ឌា Sitharaman និយាយថា កិច្ចព្រមព្រៀង​ផ្នែក​យោធា​នេះ នឹង​បង្កើន​សមត្ថភាព​របស់​ឥណ្ឌា​ក្នុងការ​ត្រៀមខ្លួន​ប្រយុទ្ធ​។ នេះ​ក៏​ព្រោះតែ​កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​ភ្លាមៗ​សម្រាប់​រយៈពេល​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ ដែល​នេះ​នឹងធ្វើ​ឲ្យ​កងទ័ព​ឥណ្ឌា​អាច​ពង្រឹង​ឥទ្ធិពល​បាន​ខ្លាំង​ទៀត​។​
 
​អាមេរិក​មិនទាន់​ច្បាស់​ត្រូវដាក់​ទណ្ឌកម្ម​ឬ​អត់ បើ​ឥណ្ឌា​ទិញ S-400 ពី​រុស្ស៊ី​
 
​ទោះជា​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​យោធា​ដ៏​សំខាន់​មែន អាមេរិក និង​ឥណ្ឌា​នៅតែ​មិនទាន់​អាច​ស្វែងរក​ច្រកចេញ​ជុំវិញ​បំណង​របស់​ឥណ្ឌា​ដែល​ចង់​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​ឡើយ​។ ក្រោយ​កិច្ចសន្ទនា​២​បូក​២ រវាង​មន្ត្រីជាន់ខ្ពស់​ផ្នែក​ការទូត និង​ការពារជាតិ អាមេរិក​នៅតែ​មិន​និយាយថា ខ្លួន​នឹង​ឲ្យ​ឥណ្ឌា​ទិញ​អាវុធ​រុស្ស៊ី​ឬ​អត់​ឡើយ ខណៈ​កន្លងមក​អាមេរិក​ធ្លាប់​ប្រាប់​ឲ្យ​ឥណ្ឌា​ពិចារណា​ឲ្យ​មែនទែន​លើ​រឿងនេះ បើ​មិន​ចង់​រង​ទណ្ឌកម្ម​របស់​អាមេរិក​។​
 
​តប​នឹង​សំណួរ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​លើកលែង​ទណ្ឌកម្ម​ឲ្យ​ឥណ្ឌា​ឬ​យ៉ាងណា ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បញ្ជាក់ថា អាមេរិក​កំពុង​តាមច្បាប់​របស់ខ្លួន​លើ​សំណុំ​រឿងនេះ ហើយនឹង​ពិចារណា​លើកលែង​ទណ្ឌកម្ម​លើ​ករណី​ដែល​ត្រឹមត្រូវ​។ លោក​បន្តថា មន្ត្រី​អាមេរិក​បន្ត​ការជជែក​ជាមួយ​ភាគី​ឥណ្ឌា​លើ​បញ្ហា​នេះ​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ដែល​ប្រទេស​ទាំងពីរ​អាច​ទទួលយក​បាន​។ 
 
​ក្រុង​វ៉ាស៊ីនតោន​បារម្ភ​ដោយសារ​មហា​យក្ស​ប្រជាធិបតេយ្យ​អាស៊ី​ខាងត្បូង​មួយ​នេះ​ដែលជា​ប្រទេស​នាំចូល​សព្វាវុធ​ដ៏​ធំ​លើ​លោក បន្ត​ពឹងផ្អែក​ខ្លាំង​លើ​សព្វាវុធ និង​បច្ចេកវិទ្យា​យោធា​រុស្ស៊ី​។ ឯ​របប​ដឹកនាំ​ឥណ្ឌា​ដែល​តែង​ចាត់ទុក​វិស័យ​ការពារជាតិ​ជាសរ​សរ​ស្តម្ភ​នៃ​ឋានៈ​ជា​មហាអំណាច​ពិភពលោក​វិញ ចង់បាន​បច្ចេកវិទ្យា​ពី​រុស្ស៊ី​ដើម្បី​ធានា​សមត្ថភាព​និង​គុណភាព​សព្វាវុធ​ដែល​ខ្លួន​មាន និង​នាំចូល​ពី​សហភាពសូវៀត​នោះ​។ ម្យ៉ាង​ឥណ្ឌា​ចង់បាន​អ្នកផ្គត់ផ្គង់​ផ្សេង​ពី​អាមេរិក​។​
 
​អាមេរិក​ចង់​ឲ្យ​ឥណ្ឌា​ឈប់​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​
 
​បញ្ហា​អ៊ីរ៉ង់ ក៏​ជា​សំណុំរឿង​ធំ​មួយ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ឥណ្ឌា​ដែរ​។ អាមេរិក ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ បាន​ប្រាប់​ឲ្យ​ប្រទេស​នានា​បញ្ឈប់​ការនាំ​ចូល​ប្រេង​របស់​អ៊ីរ៉ង់ ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​រដ្ឋ​មួយ​នេះ​។ ប៉ុន្តែ​មាន​ប្រទេស​ជាច្រើន​មិន​ធ្វើតាម​អាមេរិក រាប់ទាំង​ឥណ្ឌា​នេះ​ផង​។ ឥណ្ឌា​ត្រូវការ​ប្រេង​របស់​អ៊ីរ៉ង់​ដើម្បី​បំប៉ន​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ដែល​កំពុង​ស្ទុះ​ឡើង​ខ្លាំង​។​
 
​ចំណាត់​ការបិទ​ការនាំចេញ​អ៊ីរ៉ង់​របស់​អាមេរិក នឹង​ចូល​ធរមាន​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ខាងមុខ ហើយ​ប្រទេស​ដែល​បន្ត​រកស៊ី​ប្រេង​ជាមួយ​អ៊ីរ៉ង់ នឹងត្រូវ​រង​ទណ្ឌកម្ម​មិន​ខាន​។ មកទល់ពេលនេះ រដ្ឋបាល​លោក ត្រាំ មិនទាន់មាន​ផែនការ​លើកលែង​ការអនុវត្ត​ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ​ឡើយ​។ ថ្លែង​ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​ឥណ្ឌា លោក ប៉ុ​ម​ប៉េ​អូ បាន​ត្រឹម​លើកឡើងថា អាមេរិក​នៅតែ​ចង់​ឲ្យ​ប្រទេស​ទាំងអស់​ឈប់​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់​។​
 
​ទោះជា​បង្ហើប​ពី​លទ្ធភាព​ដែល​អាមេរិក​លើកលែង​ទណ្ឌកម្ម​លើ​ប្រទេស​ខ្លះ​ក្ដី លោក ប៉ុ​ម​ប៉េ​អូ បានបង្ហាញ​ក្ដី​រំពឹង​ចង់​ឲ្យ​ការទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់​ធ្លាក់​ដល់​កម្រិត​សូន្យ​នៅ​គ្រប់​ប្រទេស បើ​មិន​ដូច្នេះ​ទេ ទណ្ឌកម្ម​នឹងត្រូវ​អនុវត្ត​មិន​ខាន​។ ករណី​ឥណ្ឌា​វិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក​និយាយថា អាមេរិក នឹង​បន្ត​ធ្វើការ​ជាមួយ​ឥណ្ឌា​៕

Tag:
 អាមេរិក​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com