អន្តរជាតិ
លោក ម៉ា​ក្រុង ស្នើ​ឲ្យ​អន្តរជាតិ​មាន​ជំហរ​រួម​និង​រឹងមាំ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​លី​ប៊ី​
07, Sep 2018 , 8:19 pm        
រូបភាព
ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង (រូបភាព AFP)
ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង (រូបភាព AFP)
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​៦ ខែកញ្ញា បានទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ជំហរ​រឹងមាំ និង​រួមគ្នា​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​លី​ប៊ី​។ លី​ប៊ី ដែល​ធ្លាប់​មានឈ្មោះ​ជា​ប្រទេស​រីកចម្រើន​មួយ​នៅ​អាហ្វ្រិក​ប៉ែក​ខាងជើង នោះបាន​ធ្លាក់ចូល​វិបត្តិ​នយោបាយ​ដ៏​ជ្រៅ ក្រោយ​ការដួលរលំ​របប​ដឹកនាំ​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១ ។ លី​ប៊ី​តែមួយ​បាន​បែកខ្ញែក​ទៅជា​ចម្រៀក​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​យោធា​ធំៗ​ពីរ​ផ្សេងគ្នា និង​វាយ​ប្រយុទ្ធ​ជា​ញឹកញយ​ទៀតផង​។​

 
​ក្រោយ​ការដួលរលំ​របស់រប​ប​មេដឹកនាំ​ផ្ដាច់ការ ម៉ូ​អា​ម៉ា ហ្គា​ដា​ហ្វី នៅ​ឆ្នាំ​២០១១ លី​ប៊ី ដែល​ធ្លាប់តែ​សុខសាន្តត្រាន​នោះ បាន​ជួប​បញ្ហា​មិនចេះចប់​។ សកម្មជន​ជាច្រើន​ក្រុម និង​ក្រុម​ភេរវជន​ផង​នោះ បាន​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​ត្រួតត្រា​ទីក្រុង​ធំៗ​របស់​រដ្ឋ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​។ វិបត្តិ​មួយ​នេះ​ចេះតែ​បន្ត​ផុង​ជ្រៅ ទោះ​ជាមាន​អន្តរាគមន៍​ពី​ប្រទេស​ក្នុង​តំបន់​ដូចជា​កាតា តួ​ក​គី អេ​ហ្ស៊ី​ប និង​មហាអំណាច​ធំៗ​ដូចជា​បារាំង អាមេរិក និង​អង់គ្លេស​ជាដើម​។​
 
​ដោយ​មើលឃើញ​ពី​ស្ថានភាព​មិនល្អ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានទាមទារ​ឲ្យ​អន្តរជាតិ​ពួតដៃ​ដើម្បី​ដោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​មួយ​នេះ​។ នៅ​ថ្ងៃទី​៦ ខែកញ្ញា លោក ម៉ា​ក្រុង បាន​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​លី​ប៊ី​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ Fayez Serraj ជុំវិញ​ស្ថានការណ៍​នៅ​លី​ប៊ី ដែលមាន​ការប្រយុទ្ធ​ថ្មីៗ​នេះ​។ លោក ម៉ា​ក្រុង ក៏បាន​ថ្កោលទោស​ការវាយប្រហារ​លើ​ជន​ស៊ីវិល និង​ស្ថាប័នរដ្ឋ​នានា​ផង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​បារាំង​ក៏បាន​សន្យា​ប្រឹងប្រែង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ដើម្បី​សម្រេចបាន​គោលដៅ​បី គឺ​ការប្រយុទ្ធប្រឆាំង​ភេរ​វករ ការគ្រប់គ្រង​លំហូរ​ជនអន្តោប្រវេសន៍ និង​អនុវត្ត​របៀបវារៈ​នយោបាយ ក៏ដូចជា​ដំណើរការ​បោះឆ្នោត ព្រម​គ្នា​នឹង​ការគោរព​សិទ្ធិមនុស្ស​និង​សេរី​ភាពជា​មូលដ្ឋាន​។ ឯ​លោក Serraj វិញ ស្នើ​ឲ្យ​អន្តរជាតិ​មាន​ជំហរ​ឲ្យ​មុតមាំ​ចំពោះ​លី​ប៊ី និង​កាត់ទោស​អ្នក​បង្អាក់ដំណើរ​ទៅមុខ​នៅ​លី​ប៊ី​ដែរ​។​
 
​សូមបញ្ជាក់ថា នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ការ​វាយ​ប្រយុទ្ធ​បាន​ផ្ទុះឡើង​ក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​រវាង​កម្លាំង​រដ្ឋាភិបាល​ដែល​អន្តរជាតិ​ទទួលស្គាល់ និង​សកម្មជន​ប្រយុទ្ធ​មកពី​កងពល​ទី​៧ ដែលមាន​ទីតាំងនៅ​ទីក្រុង Tarhuna ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​ទ្រី​ប៉ូ​លី​។ នៅ​ថ្ងៃទី​៦ ខែកញ្ញា បេសកកម្ម​អង្គការសហប្រជាជាតិ​ប្រចាំ​លី​ប៊ី​ប្រកាសថា ភាគី​ប្រយុទ្ធ​ទាំងអស់​បាន​ចុះ​បទ​ឈប់​បាញ់​ដើម្បី​បញ្ចប់​ជម្លោះ ដែល​សម្លាប់​មនុស្ស​៦៣​នាក់ របួស​១៥៩​នាក់ និង​ជិត​ពីរពាន់​គ្រួសារ​ភៀសខ្លួន​។​
 
​តាមពិតទៅ ក្រោយ​របប​លោក ហ្កា​ដា​ហ្វី ដួលរលំ​ទៅ លី​ប៊ី​មិនដែល​ស្គាល់​ក្ដី​សុខ​ឡើយ​។ លោក ហ្កា​ដា​ហ្វី ដែល​ក្ដាប់​អំណាច​ជិត​៤២​ឆ្នាំ ត្រូវបាន​បញ្ចប់ជីវិត​ដោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១១ ក្រោម​ជំនួយ​របស់​សម្ព័ន្ធ​យោធា​ណា​តូ ដែលមាន​អាមេរិក អង់គ្លេស និង​បារាំង ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​យោធា​៕

Tag:
 បារាំង​
  លី​ប៊ី​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com