កីឡាជាតិ
ជាតិ
ក្រុមយុវជន U17 កម្ពុជា​ទៅ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធន៍​បាល់ទាត់​នៅ​ជប៉ុន​រយៈ​៩​ថ្ងៃ​
02, Oct 2018 , 9:19 am        
រូបភាព
លោក Musashi Mizushima ទទួលបន្ទុកដឹកនាំ U17 កម្ពុជា
លោក Musashi Mizushima ទទួលបន្ទុកដឹកនាំ U17 កម្ពុជា
ដោយ:
​ក្រុម​កីឡាករ​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​រួមជាមួយ​មន្ត្រី​សរុប​២៥​រូប ទៅ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធ​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​២-១០ ខែតុលា ឆ្នាំ​២០១៨​។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថា​ត​ទូត​ជប៉ុន នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ចែករំលែក​បទពិសោធ​បាល់ទាត់​នេះដែរ ក្រុមយុវជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Musashi Mizushima ប្រកួត​ដកស្រង់​បទពិសោធ​ជាមួយ​កីឡាករ​ថៃ វៀតណាម មី​យ៉ាន់​ម៉ា និង​ឡាវ ដែល​ភាគី​ជប៉ុន​បាន​អញ្ជើញ​ឲ្យ​ចូលរួម​។ ការប្រកួត​នេះ រៀបចំ​នៅ​ទីលាន​ក្នុង​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​ចន្លោះ​ពីថ្ងៃ​ទី​២-៦ ខែតុលា ឆ្នាំ​២០១៨​។ 
 
​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​បណ្តាញ​សិស្ស​-​និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន​និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​(Jenesys) ភាគី ជប៉ុន​បាន​ផ្តល់ឱកាស​ឲ្យ​អ្នកតំណាង​កីឡាករ​នៃ​ប្រទេស​ទាំងនេះ ចូលរួម​សន្និសីទ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី​១០​ទៀតផង​។ កម្មវិធី Jenesys បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​ការយល់ដឹង និង​សាង​ទំនុកចិត្ត​រវាង​ប្រជាជន​ជប៉ុន​ជាមួយ​បណ្តា​ប្រទេស​ចូលរួម ពិសេស​ដើម្បី​សាង និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ណ៍​និង​ចំណងមិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​
 
​គិត​ត្រឹម​ឆ្នាំ​២០០៧ យុវជន​កម្ពុ​ជាជាង​២​ពាន់​នាក់​ហើយ ដែល​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ភាគី​ជប៉ុន​រំពឹងថា អ្នកចូលរួម​នឹង​យល់ដឹង​កាន់តែច្បាស់​ពី​ប្រទេស​ជប៉ុន ហើយ​យក​បទពិសោធ​ទាំងនេះ​មក​ចែករំលែក​ដល់​ប្រជាជន​កម្ពុជា​ដទៃទៀត ឲ្យ​មានការ​យល់ដឹង​ដូច​ពួកគេ​ដែរ​៕     

Tag:
 បាល់ទាត់​
  U17
  JENESYS 2018
© រក្សាសិទ្ធិដោយ thmeythmey.com