អន្តរជាតិ
អ្វី​ជា​បញ្ហា​ប្រឈម​ធំៗ​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨?
31, Dec 2018 , 9:19 pm        
រូបភាព
ដោយ:
​ខណៈដែល​ឆ្នាំ ២០១៩ ចូលមក​ដល់ ធនាគារពិភពលោក បានចេញ​របាយការណ៍​មួយ​ស្តី «​ពិភពលោក​ឆ្នាំ​ក្នុង​២០១៨»​។ ក្នុង​របាយការណ៍​នេះ  អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ បាន​ពណ៌នា​អំពី​បញ្ហា​ដែល​ពិភពលោក​កំពុង​ជួបប្រទះ ព្រមទាំង​ដំណោះស្រាយ​ផងដែរ​។ ចំណុច​ខាងក្រោម​នេះ​ជា​អ្វី ដែល​ធនាគារពិភពលោក​បានលើកឡើង​។​

 
១. ប្រជាជន​ប្រមាណ​៦៨,៥​លាន​នាក់ ត្រូវបាន​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ​ទីតាំង​រស់នៅ​
 
​ចំនួន​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ត្រូវបាន​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ​ទីតាំង​រស់នៅ ដោយសារតែ ការ​ធ្វើទុក្ខបុកម្នេញ (​ភាគច្រើន​កើតឡើង​ដោយសារ​ជំនឿ​សាសនា​, ពូជសាសន៍​, នយោបាយ​), ជម្លោះ ឬ​អំពើហិង្សា​ជាដើម​។ យោងតាម​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ មនុស្ស​ប្រមាណ​៤០​លាន​នាក់ បានសម្រេច​ចិត្ត​រស់នៅ​បន្ត​ក្នុងប្រទេស​របស់​ពួកគេ រីឯ​មនុស្ស​ប្រមាណ ២៥, ៤​លាន​នាក់​ផ្សេងទៀត បាន​ចាក​ចេញទៅ​រស់នៅ​បរទេស​។ ប្រមាណ​៨៥​ភាគរយ​នៃ​ជនភៀសខ្លួន​ពិភពលោក​ទាំងនោះ ត្រូវបាន​ផ្លាស់​ទី​ទៅកាន់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​ឆ្នាំ​២០១៧​។ 


 
២. ៩១​ភាគរយ​នៃ​ប្រជាជន​ពិភពលោក កំពុង​រស់នៅក្នុង​ទីកន្លែង ដែលមាន​គុណភាព​ខ្យល់​មិនល្អ​
 
​មនុស្ស​៩​នាក់​ក្នុងចំណោម​១០​នាក់​នៅ​ទូទាំង​ពិភពលោក កំពុង​ស្រូបយក​ខ្យល់​បំពុល​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)  ដែល​គ្របដណ្តប់​ទីក្រុង​ចំនួន ៤៣០០ នៅក្នុង​ប្រទេស​ចំនួន ១០៨​។ ទិន្នន័យ​ដដែល​បង្ហាញថា កម្រិត​ខ្យល់​បំពុល​ខ្ពស់បំផុត​គឺ​ស្ថិតនៅក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត និង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន​កម្រិត​បំពុល​៥​ដង​លើសពី​កម្រិត​កំណត់​របស់​អង្គការ WHO ។ អង្គការ WTOបាន​ប៉ាន់​ស្មានថា ប្រជាជន​ចំនួន​៧​លាន​នាក់​បាត់បង់​ជីវិត​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ខ្យល់​បំពុល ដោយ​ក្នុងនោះ ៩០​ភាគរយ​នៃ​អ្នកស្លាប់​គឺ​នៅក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ 


 
៣. ៣៣​ភាគរយ​នៃ​សំរាម​នៅ​ទូទាំង​ពិភពលោក ពុំ​ត្រូវបាន​ចាត់ចែង​ឲ្យ​បាន​ត្រឹមត្រូវ​
 
​ការគ្រប់គ្រង​សំរាម​នៅ​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប ពុំ​ត្រូវបាន​ធ្វើឡើង​ឲ្យ​ត្រឹមត្រូវ​នោះទេ​។ តួយ៉ាង ក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប ៩៣​ភាគរយ​នៃ​សំរាម​ត្រូវបាន​ដុតចោល ឬ​បោះចោល​យ៉ាង​អនាធិបតេយ្យ​នៅលើ​ដងផ្លូវ ឬ​មាត់ទឹក បើ​ធៀប​ទៅនឹង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​មាន​ត្រឹមតែ​២​ភាគរយ​ប៉ុណ្ណោះ​។ នៅ​ទូទាំង​ពិភពលោក សំរាម​រឹង​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការប្រែប្រួល​អាកាសធាតុ និង​ជា​ប្រភព​ដ៏​ធំ​បំផុត​មួយ​នៃ​ការបំពុល​ទឹកសមុទ្រ​។ យោងតាម​របាយការណ៍​មួយ​ចំណងជើង What A Waste 2.0  ក្នុង​ឆ្នាំ​២០១៦ ពិភពលោក បាន​បង្កើត​សំរាម​ផ្លា​ស្ទិ​ក​ដល់​ទៅ​ជាង ២៤២​លាន​តោន​។ 


 
៤. ប្រាក់កម្ចី​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម បាន​កើនឡើង​រហូត​ជាង​៣​ដង​
 
​ប្រាក់កម្ចី​របស់​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​បាន​ហក់​ឡើងដល់ ៦០៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ដែល​កើនឡើង​ចំនួន ១៨១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦  ពោល​គឺជា​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​ស្ថិតិ​បំណុល​អន្តរជាតិ​។  កំណើន​នៃ​បំណុល​របស់​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​នេះ បាន​បង្ក​ជា​ក្តីបារម្ភ​ទៅដល់​បំណុល​ពិភពលោក​សរុប ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​៦០​ភាគរយ លើសពី​ពេល ដែល​ពិភពលោក​បាន​ប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ទៅទៀត​។  
 
​កម្រិត​បំណុល​ដ៏​ខ្ពស់ រួមបញ្ចូល​នឹង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នាពេល​ថ្មីៗ​នេះ​ផង បាន​បង្កើន​ហានិភ័យ​កាន់តែខ្លាំង​បន្ថែមទៀត សម្រាប់​កំណើនសេដ្ឋកិច្ច​សកល និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ បច្ចុប្បន្ននេះ ធនាគារពិភពលោក កំពុងធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​គោលដៅ​ជួយ​ចាត់ចែង​កម្រិត​បំណុល និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​ទាក់ទាញ​ការវិនិយោគ​វិស័យ​ឯកជន និង​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។​


 
៥.​ក្នុង​ឆ្នាំ​២០៥០ ៩០​ភាគរយ​នៃ​កំណើនប្រជាជន​ទីក្រុងរ​បស់​ពិភពលោក នឹង​កើតឡើង​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​
 
​ក្នុង​ឆ្នាំ​១៩៦០ មួយ​ភាគបី​នៃ​ប្រជាជន​ពិភពលោក​បានរស់នៅ​ក្នុង​ទីក្រុង​។ បច្ចុប្បន្ននេះ ក្នុង​ឆ្នាំ​២០១៨ ភាគរយ​នៃ​ប្រជាជន​ទីក្រុង​បាន​កើនឡើង​ដល់​៥៥​ភាគរយ ហើយ​ការ​ចំណាកស្រុក​ទៅកាន់​ទីក្រុង​ចេះតែ​បន្ត ដោយសារតែ ប្រជាជន​ស្វះ​ស្វែងរក​ការងារ​ធ្វើ​, ការអប់រំ និង​ឱកាស​។ ចន្លោះ​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០៥០ ៩០​ភាគរយ​នៃ​កំណើនប្រជាជន​ទីក្រុងរ​បស់​ពិភពលោក នឹង​ធ្វើឡើង​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា តំបន់​អាហ្វ្រិក និង​តំបន់​អាស៊ី ជាពិសេស អាស៊ី​ខាងត្បូង​។​
 
​តំបន់​ទីក្រុង​បង្កើត ៨០​ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សកលលោក ប៉ុន្តែ​ពួកគេ​ប្រើប្រាស់​ជិត​ពីរភាគបី​នៃ​ថាមពល​ពិភពលោក និង​រ៉ាប់រង​ជាង ៧០​ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពិភពលោក​សរុប​។ ធនាគារពិភពលោក​បាន​ធ្វើការ​វិនិយោគ​ជា​មធ្យ​ម​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីប្រជុំជន ជា​រៀងរាល់ឆ្នាំ ជាមួយ​ដៃគូ ក្នុង​គោលបំណង​បង្កើត​បណ្តាញ​ទីក្រុង​ដែលមាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​,  រឹងមាំ និង​ឆ្លាត​វៃ​ផ្នែក​អាកាសធាតុ​។​


 
៦. ក្មេងៗ​លូតលាស់​ពុំបាន​ល្អ ដោយសារ​ការរស់នៅ​កង្វះ​អនាម័យ​
 
​មនុស្ស​ជាង​២,៦​ពាន់​លាន​នាក់ ពុំ​ទទួលបាន​ការប្រើប្រាស់​ប​ង្គ​ន់​អនាម័យ​បាន​ត្រឹមត្រូវ ឬ​ប្រភព​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ឬ​ទទួលទាន​នោះទេ​។  អនាម័យ​មិនល្អ បាន​បណ្តាល​ឲ្យ​ជីវិត​ប្រមាណ​១,៦​លាន​នាក់​បាត់បង់​ជា​រៀងរាល់ឆ្នាំ និង​បង្ក​ឲ្យ​ក្មេងៗ​ជាច្រើន​លាន​នាក់ មានការ​លូតលាស់​ពុំបាន​ល្អ​ថែម​ទៀតផង​។ នៅ​ទូទាំង​ពិភពលោក ក្មេងៗ​ជាង ១៥០​លាន​នាក់​មានការ​លូតលាស់​ពុំបាន​ល្អ   ដោយសារតែ កង្វះខាត​ការលូតលាស់​ពី​កំណើត ដ្បិត​ពុំ​ទទួលបាន​ការថែទាំ​ឲ្យ​បាន​ដិតដល់​ពី​ម្តាយ​និង​កង្វះ​អាហារូបត្ថម្ភ​ជាដើម​។  ធនាគារពិភពលោក បាន​ចាប់​ដៃគូ​ជាមួយ​មូល​និតិ Bill & Melinda Gates ដើម្បី​បង្កើត​បច្ចេកវិទ្យា​ឈានមុខ​មួយ ក្នុង​គោលបំណង​នាំយក​ភាព​ស្អាត និង​មាន​អនាម័យ​ដល់​មនុស្ស​គ្រប់គ្នា​៕​

 

Tag:
 ធនាគារពិភពលោក​
  របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com