ជាតិ
សេដ្ឋកិច្ច
AIMF និង​អង្គការ​៣​ទៀត​ផ្តល់ជំនួយ​សម្រាប់​គម្រោង​កែច្នៃ​ភក់​លូទឹកស្អុយ​ទៅជា​ជីសរីរាង្គ​នៅ​សៀមរាប​
26, Jan 2019 , 9:29 am        
រូបភាព
រូបពីAKP
រូបពីAKP
​សមាគម​អន្តរជាតិ នៃ​បណ្តា​អភិបាលក្រុង​និយាយ​ភាសា​បារាំង (AIMF) និង​អង្គការ​ដៃគូ​ចំនួន​៣​ទៀត បានផ្តល់​ហិរញ្ញប្បទាន​ចំនួន​១​លាន ៦​សែន​ដុល្លារ សម្រាប់​អនុវត្តន៍​គម្រោង​កែច្នៃ​ភក់ ចេញពី​លូទឹកស្អុយ​នៅ​ខេត្តសៀមរាប ទៅជា​ជីសរីរាង្គ​។ គម្រោង​នេះ ត្រូវបាន​បញ្ជាក់​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ទៀ សីហា​អភិបាលខេត្ត​សៀមរាប និង​លោកស្រី Arinna ARDESI ទីប្រឹក្សាបច្ចេកទេស​នៃ AIMF ប្រចាំ​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២២ ខែមករា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP)​។

 
​លោកស្រី Arinna ARDESI បានបញ្ជាក់​ក្នុងជំនួប​នោះ​ថា ការផ្តល់​ហិរញ្ញប្បទាន​នេះ គឺ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្តសៀមរាប បន្ថយ​ការប្រើប្រាស់​ជីគីមី និង​កាត់បន្ថយ​ការ​នាំំ​ចូល​ជី​ពី​ក្រៅប្រទេស ជាពិសេស​ដោះស្រាយ​បញ្ហា​កា​រក​ស្ទះ​ប្រព័ន្ធ​លូទឹកស្អុយ​ក្នុង​ក្រុង​។ នេះ​បើ តាម AKP ដែល​បន្ត​ស្រង់​សម្តី​លោកស្រី Arinna ARDESI ទៀតថា គម្រោង​នេះ​នឹង​អនុវត្តន៍​ក្នុងពេល​ឆាប់ៗ ហើយ​វា​ត្រូវការ​ពេល​៤​ឆ្នាំ​ទើប​អាច​ទទួលបាន​ផល​។ បន្ទាប់ពី​ទទួលបាន​ផល គម្រោង​នេះ ត្រូវប្រគល់​ទៅ​ឲ្យ​អាជ្ញាធរខេត្ត​គ្រប់គ្រង​វិញ​។​


 
​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា​គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ព្រោះ​ក្រៅពី​វិស័យ​ទេសចរណ៍ កសិកម្ម​ក៏​ជា​វិស័យ​សក្តានុពល​មួយ​ដ៏​ធំ សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ច​ខេត្តសៀមរាប​ផងដែរ​។ នេះ​បើតាម AKP៕
 

Tag:
 កសិកម្ម​
 ​ជីសរីរាង្គ​
 ​ទៀ សីហា​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com