ជាតិ
២៥ខេត្ត/រាជធានី
​ស​.​ស​.​ក និង​អង្គការ​ដៃគូ ប្រកាស​ផ្តល់ជំនួយ​ខ្នាតតូច​ដល់​សហគមន៍​កសិកម្ម​
27, Jan 2019 , 10:59 pm        
រូបភាព
​សមាគម​សម្របសម្រួល​សេដ្ឋកិច្ច​សហគមន៍​កសិក​ម្ម ហៅ​កាត់​ថា ស​.​ស​.​ក (Facilitation Association of Economy for Cooperatives - FAEC) បានប្រកាស​ផ្តល់​ថវិកា​២៥០០​ដុល្លារ  ជូន​អង្គការ​កសិករ​ណា​ដែលមាន​គោលដៅ​ជាក់លាក់ ក្នុងការ​ពង្រីក​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់ខ្លួន​។



​លោក ច័ន្ទ សុធា ប្រធាន​ស​.​ស​.​ក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្ថាប័ន​ខ្លួន​កំពុង​សហការ​អនុវត្ត​កម្មវិធី​សហប្រតិបត្តិការ​រយៈពេល​មធ្យម ដំណាក់កាល​ទី​២ (MTCP-2) ក្រោម​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប តាមរយៈ IFAD និង AFA ដែល​នឹង​ផ្តល់ឱកាស​ពង្រីក​អាជីវកម្ម បង្កើន​ចំណូល​ទៅដល់​កសិករ​។ លោក ច័ន្ទ សុធា បញ្ជាក់​ដូច្នេះ​៖«​ថវិកា​នេះ​ផ្តល់ជូន​អង្គការ​កសិករ​ណា​ដែលមាន​គោលដៅ​ជាក់លាក់ ក្នុងការ​ពង្រីក​អាជីវកម្ម ក្នុង​វិស័យ​កសិកម្ម​ដែលមាន​ស្រាប់ ហើយ​អង្គការ​កសិករ​នោះ​ត្រូវមាន​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​អភិបាលកិច្ច​ល្អ និង​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​»​។   
 
​តាម​ប្រធាន ស​.​ស​.​ក កម្មវិធី​សហប្រតិបត្តិការ​រយៈពេល​មធ្យម​ដំណាក់កាល​ទី​១ បាន​បង្រៀន​អង្គការ​កសិករ ឲ្យ​យល់ដឹង​ពី​ការគ្រប់គ្រង​, ដឹកនាំ​, និង​ផែនការអាជីវកម្ម និង​គ្មាន​ការប្រកួត​យក​ថវិកា​ជំនួយ​ដូច​លើក​នេះ​នោះទេ​។ 
 
​សម្រាប់​ពាក្យសុំ និង​ព័ត៌មាន​ផ្សេងៗ ពី​ការប្រកួតប្រជែង​យក​ថវិកា​ចំនួន​២៥០០​ដុល្លារ​នេះ ប្រើប្រាស់ អាចទាក់ទង​ទៅកាន់​ការិយាល័យ ស​.​ស​.​ក​។ ក្រុមការងារ​នឹង​ចុះទៅ​វាយតម្លៃ​ដោយផ្ទាល់​ដល់​ស្ថាប័ន​អង្គការ​កសិករ​ដែល​បានដាក់​ពាក្យស្នើសុំ​ថវិកា​នេះ មុននឹង​សម្រេច​ផ្តល់ ឬ​មិន​ផ្តល់​។ នេះ​បើតាម លោក ច័ន្ទ សុធា​៕

Tag:
 កសិករ​
 ​កសិកម្ម​
 ​អាជីវកម្ម​
 ​អង្គការ
© រក្សាសិទ្ធិដោយ thmeythmey.com