ជាតិ
សង្គមជាតិ
Thmeythmey.com ជា​ភាសា​អង់គ្លេស នឹង​បង្ហាញ​រឿងរ៉ាវ​ពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​
05, Mar 2019 , 10:10 am        
រូបភាព
​ភ្នំពេញ​៖ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) នឹងដាក់​ឲ្យ​ដំណើរការ​សារព័ត៌មាន​អេឡិចត្រូនិក​ជា​ភាសា​អង់គ្លេស​(en.thmeythmey.com)​របស់ខ្លួន​នៅក្នុង​ខែមេសា​ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ផ្ដល់ព័ត៌មាន​ស៊ីជម្រៅ​-​លម្អិត ពី​កម្ពុជា​ទៅកាន់​ពិភពលោក​។



En.thmeythmey.com នឹង​ក្លាយជា​វេទិកា​ដែល​ផ្ដល់ព័ត៌មាន​ពិត និង​បទ​វិភាគ​នានា តាមរយៈ​ទស្សន​នៃ​អ្នកសារព័ត៌មាន​ជនជាតិខ្មែរ​។ ដូច​សារព័ត៌មាន (Thmeythmey.com) ថ្មីៗ ជា​ភាសា​ខ្មែ​ដែរ​, en.thmeythmey.com នឹង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​សារព័ត៌មាន​ដើម្បី​ធានាថា អ្នកអាន​របស់ខ្លួន​ទទួលបាន​ព័ត៌មាន​ពិត​ពី​រឿងរ៉ាវ​សង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង​កីឡា​។​


 
​ព័ត៌មាន​ទាន់​ហេតុការណ៍ បទ​យកការណ៍ កិច្ច​សម្ភាស ជីវ​ព័ត៌មាន និង​អត្ថបទ​បែប​វិភាគ នឹង​ក្លាយទៅជា​ចំណី​ចក្ខុ និង​ការពិចារណា​របស់​អ្នកអាន ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ចង់ដឹង​និង​ចង់​យល់​ពី​កម្ពុជា​។ ជាមួយនឹង​ការផ្សាយ​ប្រចាំថ្ងៃ​, en.thmeythmey.com ក៏​នឹង​បង្ហាញ​ពី​សក្ដានុពល​របស់​កម្ពុ​ជា​ទៅកាន់​តំបន់ និង​ពិភពលោក​ផងដែរ​។​


 
​សារព័ត៌មាន​ថ្មីៗ (www.thmeythmey.com) ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយ​ក្រុមអ្នកកាសែត​អាជីព និង​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ហើយ​បាន​ចាប់ដំណើរការ​ផ្លូវការ​កាលពី​ឆ្នាំ​២០១៣​កន្លងមក​។ អ្នកកាសែត​នៅ​សារព័ត៌មាន​ថ្មីៗ ធ្លាប់បាន​បំពេញការងារ​នៅ​កាសែត​បារាំង Cambodge Soir ដែលជា​កាសែត​បោះផ្សាយ​ជា​ភាសា​បារាំង​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១០ និង​នៅ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ដែល​ផ្សាយ​ជា​១៥​ភាសា ក្នុងនោះ មាន​ភាសា​ខ្មែរ​ផងដែរ​។ 
 
​ក្នុង​ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​សារព័ត៌មាន​ថ្មីៗ (Thmeythmey.com) ស្ថិតក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​នៅ​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com